|
| 1 |
|
| ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ដែល ព្រះជាអម្ចាស់ បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ |
|
| 2 |
|
| ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន |
|
| 3 |
|
| រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ |
|
| 4 |
|
| ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ |
|
| 5 |
|
| ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ |
|
| 6 |
|
| ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរអោយគយគន់ ហើយថែមទាំងអាចធ្វើអោយមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកអោយប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ |
|
| 7 |
|
| ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។ |
|
| 8 |
|
| អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រីក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំអោយ ព្រះជាអម្ចាស់ ទតឃើញ។ |
|
| 9 |
|
| ព្រះជាអម្ចាស់ មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» |
|
| 10 |
|
| គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ |
|
| 11 |
|
| ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកអោយដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ |
|
| 12 |
|
| បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានអោយមកនៅជាមួយទូលបង្គំនោះ បានអោយផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ |
|
| 13 |
|
| ព្រះជាអម្ចាស់ មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។ |
|
| 14 |
|
| ព្រះជាអម្ចាស់ មានព្រះបន្ទូលមកសត្វពស់ថា៖ «ដោយឯងបានធ្វើដូច្នេះ ក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្ដាសាហើយ។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដី អស់មួយជីវិត។ |
|
| 15 |
|
| យើងនឹងធ្វើអោយឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។ |
|
| 16 |
|
| ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើអោយនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូនទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងអោយត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។ |
|
| 17 |
|
| ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។ ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា ជារៀងរាល់ថ្ងៃអស់មួយជីវិត។ |
|
| 18 |
|
| ដីនឹងដុះចេញជាបន្លា និងអញ្ចាញ ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។ |
|
| 19 |
|
| អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។ |
|
| 20 |
|
| បុរសដាក់ឈ្មោះអោយប្រពន្ធថា “អេវ៉ា” ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ |
|
| 21 |
|
| ព្រះជាអម្ចាស់ បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់អោយលោកអដាំ និងភរិយារបស់គាត់។ |
|
| 22 |
|
| ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ បានទៅជាម្នាក់ដូចយើងដែរ ដូច្នេះ គួរតែយើងរារាំងគេ កុំអោយលូកដៃបេះផ្លែពីដើមឈើ ដែលផ្ដល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។ |
|
| 23 |
|
| ព្រះជាអម្ចាស់ ក៏បណ្ដេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីអោយទៅភ្ជួររាស់ដីដែលព្រះអង្គបានសូនបង្កើតគេមកនោះ។ |
|
| 24 |
|
| ក្រោយពីបណ្ដេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ ព្រះអង្គដាក់ចេរូប៊ីន*នៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនអោយមនុស្សចូលទៅកាន់ដើមឈើ ដែលផ្ដល់ជីវិតនោះបានឡើយ។ |
|
|
|
|