|
| 1 |
|
| ក្រោយព្រឹត្តិការណ៍ទាំងនោះ ទតទូរអាសួរ អុលឡោះតាអាឡា ថា៖ «តើខ្ញុំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ អុលឡោះតាអាឡា មានបន្ទូលថា៖ «ទៅចុះ!»។ ទតទូរអាសួរថា៖ «ខ្ញុំត្រូវទៅក្រុងណាដែរ?»។ អុលឡោះតាអាឡា ឆ្លើយថា៖ «ក្រុងហេប្រូន»។ |
|
| 2 |
|
| ទតក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាភរិយារបស់សពលោកណាបាលនៅភូមិកើមែល។ |
|
| 3 |
|
| ទតបាននាំអស់អ្នកដែលនៅជាមួយគាត់ និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។ |
|
| 4 |
|
| ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយតែងតាំងទត ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកជម្រាបស្តេចទតថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពស្តេចសូល។ |
|
| 5 |
|
| ស្តេចទតក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូម អុលឡោះតាអាឡា ប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសំដែងភក្តីភាពចំពោះស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ដោយបានបញ្ចុះសពគាត់។ |
|
| 6 |
|
| ឥឡូវនេះ សូម អុលឡោះតាអាឡា សំដែងចិត្តសប្បុរស និងចិត្តស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាវិញ។ ដោយសារអ្នករាល់គ្នាធ្វើដូច្នេះ ខ្ញុំក៏នឹងប្រព្រឹត្តល្អចំពោះអ្នករាល់គ្នាដែរ។ |
|
| 7 |
|
| ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នាបានស្លាប់ផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានតែងតាំងខ្ញុំ ជាស្តេចគ្រប់គ្រងលើពួកគេ»។ |
|
| 8 |
|
| លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។ |
|
| 9 |
|
| នៅទីនោះ លោកអប៊ីនើរ តែងតាំងសម្តេចអ៊ីសបូសែត ជាស្តេចគ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកពុនយ៉ាមីនពោល គឺស្រុកអ៊ីស្រអែលទាំងមូល។ |
|
| 10 |
|
| ពេលស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល គាត់មានអាយុសែសិបឆ្នាំ ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចទត។ |
|
| 11 |
|
| ស្តេចទតសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។ |
|
| 12 |
|
| លោកអប៊ីនើរជាកូនរបស់លោកនើរ និងជាអ្នកបម្រើរបស់ស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល បានចាកចេញពីក្រុងម៉ាហាណែម ឆ្ពោះទៅក្រុងគីបៀន។ |
|
| 13 |
|
| លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកបម្រើរបស់ស្តេចទតក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងគីបៀន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។ |
|
| 14 |
|
| លោកអប៊ីនើរនិយាយទៅកាន់លោកយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជនក្រោកឡើង ប្រកួតគ្នានៅចំពោះមុខយើងទាំងពីរ!»។ លោកយ៉ូអាប់តបវិញថា៖ «ឲ្យគេក្រោកឡើងប្រកួតគ្នាចុះ!»។ |
|
| 15 |
|
| យុវជនទាំងនោះក៏ចេញមកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធពុនយ៉ាមីន ខាងស្តេចអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជាអ្នកបម្រើស្តេចទត។ |
|
| 16 |
|
| ពួកគេចាប់ក្បាលគូសត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងគីបៀននោះថា «ហេលកាត-ហាស៊ូរីម»។ |
|
| 17 |
|
| ការប្រយុទ្ធមួយយ៉ាងសាហាវ បានផ្ទុះឡើងនៅថ្ងៃនោះ។ លោកអប៊ីនើរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ស្តេចទត។ |
|
| 18 |
|
| កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា នៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស |
|
| 19 |
|
| លោកដេញតាមលោកអប៊ីនើរយ៉ាងប្រកិត ឥតងាកឆ្វេងឬស្តាំឡើយ។ |
|
| 20 |
|
| លោកអប៊ីនើរងាកក្រោយសួរថា៖ «តើអ្នកជាអេសាអែលឬ?»។ លោកអេសាអែលឆ្លើយថា៖ «ខ្ញុំនេះហើយ!»។ |
|
| 21 |
|
| លោកអប៊ីនើរនិយាយថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្តាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញតាមលោកអប៊ីនើរទេ។ |
|
| 22 |
|
| លោកអប៊ីនើរពោលមកកាន់លោកអេសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំឲ្យសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើឲ្យខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្តេចបាន?»។ |
|
| 23 |
|
| ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអប៊ីនើរក៏បុកលោកអេសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអេសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអេសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។ |
|
| 24 |
|
| ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយនៅតែដេញតាមលោកអប៊ីនើរ ហើយទៅដល់ជំរាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានគីបៀន នៅពេលថ្ងៃលិច។ |
|
| 25 |
|
| ពលទាហានពុនយ៉ាមីនប្រមូលគ្នា មកនៅពីក្រោយលោកអប៊ីនើរ។ គេផ្តុំគ្នាជាក្រុម ហើយឈប់នៅលើកំពូលភ្នំ។ |
|
| 26 |
|
| លោកអប៊ីនើរស្រែកសួរលោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានឲ្យឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។ |
|
| 27 |
|
| លោកយ៉ូអាប់ស្រែកប្រាប់ទៅវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះដែលនៅអស់កល្បជានិច្ចថា ប្រសិនបើអ្នកមិនសុំឲ្យខ្ញុំឈប់ដេញតាមទេ នោះទាហានរបស់ខ្ញុំមុខជានៅតែដេញតាមអ្នករាល់គ្នា រហូតដល់ព្រឹកស្អែក»។ |
|
| 28 |
|
| លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រអែល និងលែងប្រយុទ្ធគ្នាទៀត។ |
|
| 29 |
|
| លោកអប៊ីនើរ និងពលទាហានរបស់លោកនាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីត្រោន ហើយទៅដល់ក្រុងម៉ាហាណែមវិញ។ |
|
| 30 |
|
| កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអប៊ីនើរវិញ លោកប្រមូលផ្តុំពលទាហាន ឃើញមានបាត់ទាហានរបស់ស្តេចទត ចំនួនដប់ប្រាំបួននាក់ និងលោកអេសាអែលម្នាក់ទៀត។ |
|
| 31 |
|
| ប៉ុន្តែ ទាហានរបស់ស្តេចទតបានសម្លាប់ទាហានរបស់ពួកពុនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។ |
|
| 32 |
|
| គេបាននាំយកសពលោកអេសាអែល ទៅបញ្ចុះក្នុងផ្នូរដែលជាកម្មសិទ្ធិរបស់ឪពុកគាត់ នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់គាត់ នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។ |
|
|
|
|