|
| 1 |
|
| ក្រោយមក ដាវីឌបានទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវឡើងទៅទីក្រុងរបស់ស្រុកយូដាណាមួយឬ?»។ ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរឡើងទៅចុះ» រួចដាវីឌទូលសួរថា៖ «តើឲ្យទូលបង្គំឡើងទៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅហេប្រុន»។ |
|
| 2 |
|
| ដូច្នេះ ដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធរបស់គាត់ទាំងពីរនាក់ទៅជាមួយដែរ គឺអ័ហ៊ីណោមជាអ្នកស្រុកយេសរាល និងអ័ប៊ីកែលជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល ។ |
|
| 3 |
|
| ដាវីឌបាននាំពួកអ្នកដែលនៅជាមួយ ព្រមទាំងគ្រួសាររបស់គេរៀងខ្លួនឡើងទៅដែរ គេបានតាំងទីលំនៅក្នុងតំបន់នៃក្រុងហេប្រុន។ |
|
| 4 |
|
| ពេលនោះ អ្នកស្រុកនាំគ្នាមក ហើយចាក់ប្រេងតាំងដាវីឌឲ្យធ្វើជាស្តេចលើពួកយូដា។ មានគេទូលដល់ដាវីឌថា៖ «ពួកដែលបញ្ចុះអដ្ឋិរបស់ស្ដេចសូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត »។ |
|
| 5 |
|
| ដាវីឌបានបញ្ជូនសារទៅពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា៖ «សូមឲ្យព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នាចុះ ព្រោះអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរសដល់ស្ដេចសូល ជាចៅហ្វាយរបស់អ្នក ដោយបញ្ចុះអដ្ឋិទ្រង់ |
|
| 6 |
|
| ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ខ្ញុំក៏នឹងសងដល់អ្នករាល់គ្នាដោយសប្បុរសនោះដែរ។ |
|
| 7 |
|
| ដូច្នេះ សូមអ្នករាល់គ្នាមានកម្លាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ»។ |
|
| 8 |
|
| ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម |
|
| 9 |
|
| ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់ |
|
| 10 |
|
| ឯអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូលនេះ ទ្រង់មានព្រះជន្មសែសិបឆ្នាំហើយ ក្នុងកាលដែលចាប់សោយរាជ្យលើពួកអ៊ីស្រាអែល ទ្រង់ក៏សោយរាជ្យបានពីរឆ្នាំ តែពួកជនជាតិយូដាបានប្រតិបត្តិតាមដាវីឌវិញ។ |
|
| 11 |
|
| ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បានប្រាំពីរឆ្នាំប្រាំមួយខែ។ |
|
| 12 |
|
| ឯអ័ប៊ីនើរ ជាកូននើរ និងពួកខាងអ៊ីស-បូសែតជាបុត្រារបស់ស្ដេចសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន |
|
| 13 |
|
| ហើយយ៉ូអាប់ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នានៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងមួយពួក ម្ខាងមួយពួក។ |
|
| 14 |
|
| នោះអ័ប៊ីនើរនិយាយទៅយ៉ូអាប់ថា៖ «ចូរឲ្យពួកកំលោះៗក្រោកឡើងល្បងគ្នានៅមុខយើងទៅ» យ៉ូអាប់ក៏ឆ្លើយថា៖ «ចូរឲ្យគេក្រោកឡើងចុះ»។ |
|
| 15 |
|
| នោះគេក៏ក្រោកឡើងទៅតាមចំនួនដែលបានកំណត់ គឺមានដប់ពីរនាក់ដំណាងខាងពួកបេនយ៉ាមីន និងអ៊ីស-បូសែតជាបុត្រារបស់ស្ដេចសូល ហើយដប់ពីរនាក់ដំណាងខាងពួកដាវីឌ។ |
|
| 16 |
|
| គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះ គេហៅទីនោះថា ហេលកាត-ហាស៊ូរីម ដែលនៅត្រង់គីបៀន។ |
|
| 17 |
|
| នៅថ្ងៃនោះ ចម្បាំងសាហាវណាស់ ហើយអ័ប៊ីនើរ និងពួកខាងអ៊ីស្រាអែល ត្រូវចាញ់ដៃពួកខាងដាវីឌ។ |
|
| 18 |
|
| កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា គឺយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ក៏នៅទីនោះដែរ។ រីឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ។ |
|
| 19 |
|
| គាត់ក៏ដេញតាមអ័ប៊ីនើរទៅ ឥតបង្អង់ដោយងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ |
|
| 20 |
|
| នោះអ័ប៊ីនើរក៏ក្រឡេកមើលមកក្រោយ សួរថា៖ «តើឯងជាអេសាអែលឬ?» គាត់ឆ្លើយថា៖ «ខ្ញុំនេះហើយ!»។ |
|
| 21 |
|
| ដូច្នេះ អ័ប៊ីនើរប្រាប់គាត់ថា៖ «ចូរបែរទៅខាងស្តាំ ឬខាងឆ្វេង ដើម្បីចាប់យុវជនណាម្នាក់ ហើយយកគ្រឿងសស្ត្រាវុធរបស់គេវិញ» តែអេសាអែលចេះតែដេញតាមលោកទៅ មិនព្រមបែរចេញឡើយ។ |
|
| 22 |
|
| អ័ប៊ីនើរក៏ប្រាប់ទៅអេសាអែលម្តងទៀតថា៖ «ចូរឯងបែរចេញលែងតាមខ្ញុំទៅ ត្រូវឲ្យខ្ញុំវាយឯងឲ្យដួលដល់ដីធ្វើអី បើដូច្នោះ ធ្វើដូចម្តេចឲ្យខ្ញុំបានងើបមុខនៅចំពោះយ៉ូអាប់ជាបងឯងបាន?» |
|
| 23 |
|
| ប៉ុន្តែ គាត់មិនព្រមបែរចេញសោះឡើយ បានជាអ័ប៊ីនើរកាន់លំពែងបុះទៅក្រោយ ត្រូវត្រង់ពោះគាត់ ដោយចុងដងលំពែង ធ្លុះចេញមកក្រោយ ហើយគាត់ដួលស្លាប់នៅទីនោះឯង ឯអស់អ្នកដែលមកតាមក្រោយ ដល់កន្លែងអេសាអែលដួលស្លាប់នោះ គេក៏ឈប់នៅ។ |
|
| 24 |
|
| យ៉ូអាប់ និងអ័ប៊ីសាយចេះតែដេញតាមអ័ប៊ីនើរទៅ កាលគេមកដល់ភ្នំអាំម៉ា ដែលនៅប្រទល់មុខនឹងគីយ៉ា តាមផ្លូវកាត់ទីរហោស្ថានគីបៀន នោះថ្ងៃក៏លិច។ |
|
| 25 |
|
| ចំណែកពួកខាងបេនយ៉ាមីនបានមូលផ្តុំគ្នាជាពួកមួយអ័ប៊ីនើរ ក៏ឈរនៅលើកំពូលកូនភ្នំមួយ។ |
|
| 26 |
|
| នោះអ័ប៊ីនើរបានស្រែកហៅទៅយ៉ូអាប់ថា៖ «តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរហូតឬ? តើមិនដឹងទេថា ដល់ចុងបំផុតនឹងមានសេចក្ដីជូរចត់? ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពលឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ?» |
|
| 27 |
|
| យ៉ូអាប់ឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់ថា បើឯងមិនបាននិយាយទេ ដល់ព្រឹកឡើង គង់តែពួកពលទាំងប៉ុន្មានចេញទៅ លែងដេញតាមបងប្អូនគេរៀងខ្លួនហើយ»។ |
|
| 28 |
|
| ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នៅស្ងៀម គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ។ |
|
| 29 |
|
| ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញមួយយប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោនទៅដល់ម៉ាហាណែមវិញ។ |
|
| 30 |
|
| យ៉ូអាប់ក៏វិលត្រឡប់មកពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែដប់ប្រាំបួននាក់ និងអេសាអែលប៉ុណ្ណោះ។ |
|
| 31 |
|
| តែពួកពលរបស់ដាវីឌ បានវាយសម្លាប់ខាងពួកបេនយ៉ាមីន និងពួកអ័ប៊ីនើរអស់បីរយហុកសិបនាក់។ |
|
| 32 |
|
| រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ ព្រមទាំងពួកលោកក៏ដើរពេញមួយយប់ ទៅដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។ |
|
|
|
|