|
| 1 |
|
| ពេលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូលជ្រាបថា លោកអប៊ីនើរស្លាប់នៅក្រុងហេប្រូនទ្រង់ក៏ធ្លាក់ទឹកចិត្ត ហើយប្រជាជនអ៊ីស្រាអែលទាំងមូលរន្ធត់ចិត្តយ៉ាងខ្លាំង។ |
|
| 2 |
|
| ព្រះបាទអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ គេចាត់ទុកភូមិបៀរ៉ុតនេះ ជាទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន |
|
| 3 |
|
| ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុន បានភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។ |
|
| 4 |
|
| សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ព្រះបាទសូល និងសម្ដេចយ៉ូណាថានសោយទិវង្គត មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើអោយកុមារនោះធ្លាក់ ហើយទៅជាខ្វិន។ |
|
| 5 |
|
| លោករេកាប និងលោកបាណា ដែលជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត បានចូលទៅក្នុងដំណាក់របស់ព្រះបាទអ៊ីសបូសែតនៅពេលថ្ងៃត្រង់ ពេលនោះ ស្ដេចកំពុងតែផ្ទំ។ |
|
| 6 |
|
| ពួកគេនាំគ្នាចូលទៅក្នុងដំណាក់ស្ដេច ធ្វើហាក់ដូចជាទៅយកស្រូវ ហើយចាក់មួយកាំបិតត្រង់ពោះស្ដេច។ បន្ទាប់មក លោករេកាប និងលោកបាណា ជាប្អូនក៏នាំគ្នារត់ចេញទៅ។ |
|
| 7 |
|
| មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលព្រះបាទអ៊ីសបូសែតកំពុងផ្ទំលើព្រះទែនក្នុងក្រឡាបន្ទំ។ ពួកគេធ្វើគុតស្ដេច ហើយកាត់យកព្រះសិរសា រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។ |
|
| 8 |
|
| ពួកគេយកព្រះសិរសារបស់ព្រះបាទអ៊ីសបូសែត ទៅថ្វាយព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលព្រះរាជាថា៖ «នេះជាព្រះសិរសារបស់ស្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ដែលជាខ្មាំងសត្រូវរបស់ព្រះករុណា។ ព្រះបាទសូលតែងតែប៉ុនប៉ងធ្វើគុតព្រះករុណា ថ្ងៃនេះ ព្រះអម្ចាស់ បានសងសឹកព្រះបាទសូល និងរាជវង្ស ថ្វាយព្រះករុណាជាអម្ចាស់ហើយ!»។ |
|
| 9 |
|
| ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោករេកាប និងលោកបាណា ជាកូនរបស់លោករីម៉ូន អ្នកភូមិបៀរ៉ុតថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងពីរ ក្នុងនាម ព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ ហើយជាព្រះដែលបានរំដោះខ្ញុំ នៅគ្រប់គ្រាមានអាសន្នថា |
|
| 10 |
|
| ពេលបុរសម្នាក់មកប្រាប់ខ្ញុំអំពីព្រះបាទសូលសោយទិវង្គតនោះ គេនឹកស្មានថា ខ្លួននាំដំណឹងល្អមកប្រាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានចេញបញ្ជាអោយចាប់អ្នកនោះ សម្លាប់នៅក្រុងស៊ីគឡាក់ ដើម្បីតបស្នងនឹងដំណឹងល្អរបស់គេ! |
|
| 11 |
|
| ឥឡូវនេះ ពេលមនុស្សអាក្រក់ធ្វើឃាតមនុស្សសុចរិតដែលកំពុងតែដេកលក់នៅក្នុងផ្ទះរបស់ខ្លួន តើខ្ញុំគួរយកអ្វីទៅតបស្នងវិញ ក្រៅពីលុបបំបាត់ឃាតកចេញពីផែនដី?»។ |
|
| 12 |
|
| ព្រះបាទដាវីឌបានបញ្ជាអោយពួកទាហានយកលោករេកាប និងលោកបាណាទៅសម្លាប់។ គេកាត់ដៃកាត់ជើងអ្នកទាំងពីរ យកទៅចងព្យួរជិតបឹងនៅក្រុងហេប្រូន។ រីឯព្រះសិរសារបស់ព្រះបាទអ៊ីសបូសែតវិញ គេយកទៅបញ្ចុះក្នុងផ្នូររបស់លោកអប៊ីនើរ នៅក្រុងហេប្រូន។ |
https://beblia.bible:81/BibleAudio/khmer/2samuel/004.mp3
24
4