|
| 1 |
|
| ព្រះបាទសាឡូម៉ូនបានចងសម្ពន្ធមិត្តជាមួយព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដោយរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន។ ព្រះរាជានាំមហេសីមកគង់ក្នុងបុរីព្រះបាទដាវីឌ រហូតទាល់តែវាំងរបស់ស្ដេច ព្រមទាំងព្រះដំណាក់របស់ ព្រះអម្ចាស់ និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។ |
|
| 2 |
|
| នៅគ្រានោះប្រជាជនតែងតែថ្វាយយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ នៅឡើយ។ |
|
| 3 |
|
| ព្រះបាទសាឡូម៉ូនស្រឡាញ់ ព្រះអម្ចាស់ និងប្រព្រឹត្តតាមដំបូន្មានដែលព្រះបាទដាវីឌ ជាបិតាបានផ្ដែផ្ដាំ ប៉ុន្តែ ព្រះរាជាក៏ធ្វើពិធីថ្វាយយញ្ញបូជា និងគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ |
|
| 4 |
|
| ថ្ងៃមួយ ព្រះរាជាយាងទៅគីបៀន ដើម្បីថ្វាយយញ្ញបូជា ដ្បិតទីនោះជាកន្លែងសក្ការៈសំខាន់ជាងគេ។ ព្រះបាទសាឡូម៉ូនបានថ្វាយសត្វមួយពាន់ជាតង្វាយដុតទាំងមូល នៅលើអាសនៈនោះ។ |
|
| 5 |
|
| ក្នុងពេលដែលព្រះបាទសាឡូម៉ូនគង់នៅគីបៀន ព្រះអម្ចាស់ បានសំដែងអោយស្ដេចឃើញ ក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់អោយ!»។ |
|
| 6 |
|
| ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានសំដែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបំរើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្ដីភាពសុចរិត និងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសំដែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានអោយស្ដេចមានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។ |
|
| 7 |
|
| បពិត្រ ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ព្រះអង្គបានតែងតាំងទូលបង្គំ អោយឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។ |
|
| 8 |
|
| ទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។ |
|
| 9 |
|
| ហេតុនេះសូមព្រះអង្គប្រោសប្រទានអោយទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ហើយអោយទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើន ឥតគណនារបស់ព្រះអង្គបាន?»។ |
|
| 10 |
|
| ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់ |
|
| 11 |
|
| ព្រះអង្គក៏មានព្រះបន្ទូលថា៖ «អ្នកមិនបានទូលសូមអោយមានអាយុវែង មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬអោយខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកទូលសូមអោយមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។ |
|
| 12 |
|
| ដូច្នេះ យើងនឹងធ្វើតាមការទូលសូមរបស់អ្នក គឺយើងអោយអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់ អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី។ |
|
| 13 |
|
| លើសពីនេះយើងក៏ផ្ដល់អោយអ្នកមានអ្វីៗដែលអ្នកមិនបានទូលសូមយើងដែរ គឺទ្រព្យសម្បត្តិភាពថ្កុំថ្កើងរុងរឿង។ ក្នុងមួយជីវិតរបស់អ្នក គ្មានស្ដេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយ។ |
|
| 14 |
|
| មួយវិញទៀត ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រតិបត្តិតាមច្បាប់ និងបទបញ្ជារបស់យើង ដូចដាវីឌ ជាបិតារបស់អ្នក នោះយើងនឹងអោយអ្នកមានអាយុវែង»។ |
|
| 15 |
|
| ព្រះបាទសាឡូម៉ូនតើនឡើងហើយជ្រាបថា ព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេច តាមរយៈសុបិននិមិត្តនេះ។ ព្រះរាជាយាងត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំ ព្រះអម្ចាស់ នៅមុខហិបនៃសម្ពន្ធមេត្រី*។ ព្រះរាជាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។ |
|
| 16 |
|
| មានស្ត្រីពេស្យាពីរនាក់ចូលមកគាល់ព្រះបាទសាឡូម៉ូន។ |
|
| 17 |
|
| ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ខ្ញុំម្ចាស់ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយខ្ញុំម្ចាស់សំរាលបានកូនមួយ។ |
|
| 18 |
|
| បីថ្ងៃក្រោយខ្ញុំម្ចាស់សំរាលកូន នាងនេះក៏សំរាលបានកូនមួយដែរ។ នៅក្នុងផ្ទះគ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះ។ |
|
| 19 |
|
| យប់មួយ កូនរបស់ស្ត្រីនោះស្លាប់ ដោយនាងដេកសង្កត់លើ។ |
|
| 20 |
|
| លុះដល់ពាក់កណ្ដាលអធ្រាត្រ ពេលខ្ញុំម្ចាស់កំពុងដេកលក់ នាងក៏ក្រោកឡើងចូលមកបីកូនខ្ញុំម្ចាស់ ដែលដេកនៅជិតខ្ញុំម្ចាស់ យកទៅដាក់ដេកក្បែរនាង រួចនាងយកកូនរបស់នាងដែលស្លាប់នោះ មកដាក់ជិតខ្ញុំម្ចាស់វិញ។ |
|
| 21 |
|
| ព្រឹកឡើង កាលខ្ញុំម្ចាស់ភ្ញាក់ពីដំណេក ដើម្បីបំបៅកូនខ្ញុំម្ចាស់ឃើញថា កូនស្លាប់បាត់ទៅហើយ។ លុះខ្ញុំម្ចាស់ពិនិត្យមើលយ៉ាងច្បាស់លាស់ ក៏ឃើញថា មិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ»។ |
|
| 22 |
|
| ពេលនោះ ស្ត្រីម្នាក់ទៀតស្រែកឡើងថា៖ «មិនពិតទេ! កូនរបស់ខ្ញុំនៅរស់ គឺកូនរបស់នាងទេដែលស្លាប់»។ ប៉ុន្តែ ស្ត្រីទីមួយឆ្លើយថា «មិនមែនទេ! កូននាងស្លាប់ហើយ គឺកូនខ្ញុំទេដែលនៅរស់»។ ដូច្នេះ ស្ត្រីទាំងពីរនាក់ក៏ប្រកែកគ្នា នៅចំពោះព្រះភក្ត្រស្ដេច។ |
|
| 23 |
|
| ព្រះរាជាមានរាជឱង្ការថា៖ «ក្នុងចំណោមនាងទាំងពីរ មានម្នាក់ពោលថា “កូនដែលនៅរស់ជាកូនរបស់ខ្ញុំ ហើយកូនដែលស្លាប់ជាកូនរបស់នាង”។ រីឯម្នាក់ទៀតពោលថា “មិនមែនទេ! កូនរបស់នាងស្លាប់ហើយ គឺកូនរបស់ខ្ញុំទេដែលនៅរស់!”»។ |
|
| 24 |
|
| ព្រះរាជាបង្គាប់ថា៖ «ចូរយកដាវមកអោយយើង»។ ពេលគេយកដាវមកដល់ |
|
| 25 |
|
| ទ្រង់មានរាជឱង្ការថា៖ «ចូរកាប់កូននេះជាពីរចំណែក ហើយចែកមួយចំហៀងម្នាក់ៗអោយស្ត្រីទាំងពីរចុះ»។ |
|
| 26 |
|
| ស្ត្រីជាម្ដាយរបស់កូនដែលនៅរស់ មានចិត្តអាណិតមេត្តាកូនរបស់ខ្លួនយ៉ាងខ្លាំងក៏ទូលព្រះរាជាថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ខ្ញុំម្ចាស់សូមអង្វរព្រះករុណាមេត្តាប្រទានកូនដែលនៅរស់អោយស្ត្រីនេះចុះ! សូមកុំសម្លាប់វាឡើយ»។ ចំណែកឯស្ត្រីម្នាក់ទៀតពោលថា៖ «សូមកាប់កូននេះជាពីរទៅ! ធ្វើដូច្នេះ កូននេះនឹងមិនបានមកខ្ញុំ ឬបានទៅនាងឡើយ»។ |
|
| 27 |
|
| ពេលនោះ ព្រះរាជាមានរាជឱង្ការថា៖ «កុំសម្លាប់កូននេះ! ចូរប្រគល់វាអោយស្ត្រីទីមួយចុះ ដ្បិតនាងពិតជាម្ដាយរបស់កូនដែលនៅរស់មែន!»។ |
|
| 28 |
|
| ប្រជាជនអ៊ីស្រាអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ព្រះបាទសាឡូម៉ូន ហើយពួកគេនាំគ្នាគោរពកោតខ្លាចព្រះរាជា ព្រោះពួកគេយល់ឃើញថា ព្រះជាម្ចាស់ប្រទានប្រាជ្ញាញាណមកស្ដេច ដើម្បីកាត់ក្ដីនេះ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/1kings/003.mp3
22
3