ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ 2016
|
| 1 |
| ព្រះបាទសាឡូម៉ូនបានសង់ដំណាក់របស់ទ្រង់ អស់រយៈពេលដប់បីឆ្នាំ ទើបសង់រួចរាល់ទាំងអស់។ |
| 2 |
| ទ្រង់បានសង់មន្ទីរព្រៃល្បាណូន មានបណ្តោយមួយរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ មានសសរតាត្រៅបួនជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ |
| 3 |
| ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំងសែសិបប្រាំ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុងមួយជួរមានដប់ប្រាំ។ |
| 4 |
| ឯបង្អួចមានបីជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំងបីជាន់។ |
| 5 |
| ទ្វារទាំងអស់ និងក្រប ក៏ធ្វើពីឈើបួនជ្រុង ព្រមទាំងបង្អួចបីជាន់ ប្រទល់គ្នានោះដែរ។ |
| 6 |
| ទ្រង់ក៏ធ្វើថែវដោយមានសសរ ថែវនោះមានបណ្តោយហាសិបហត្ថ និងទទឹងសាមសិបហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើជុំវិញ។ |
| 7 |
| ទ្រង់ក៏ធ្វើមន្ទីរថែវសម្រាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិតាន។ |
| 8 |
| ដំណាក់ដែលទ្រង់គង់នៅ ធ្វើបែបដូចគ្នា ហើយមានទីធ្លាមួយទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់មួយ បែបដូចជាមន្ទីរមុននោះ សម្រាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។ |
| 9 |
| ឯរបស់ទាំងអស់នេះបានធ្វើដោយថ្មមានតម្លៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹមដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ។ |
| 10 |
| ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្មមានតម្លៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះដប់ហត្ថ ខ្លះប្រាំបីហត្ថ |
| 11 |
| ហើយពីនោះទៅលើក៏មានថ្មដែលមានតម្លៃ ដាប់តាមទំហំ និងឈើតាត្រៅផង |
| 12 |
| ឯទីធ្លាធំ នោះមានថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ា ហើយដូចជាថែវនៃព្រះវិហារដែរ។ |
| 13 |
| ព្រះបាទសាឡូម៉ូនបានចាត់គេឲ្យទៅអញ្ជើញស្ដេចហ៊ីរ៉ាមនៅក្រុងទីរ៉ុសមក។ |
| 14 |
| អ្នកនោះជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ក្នុងកុលសម្ពន័្ធណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯព្រះបាទសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់។ |
| 15 |
| គាត់សិតធ្វើសសរពីរដោយលង្ហិន ទាំងពីរមានកម្ពស់ដប់ប្រាំបីហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជាដប់ពីរហត្ថក្នុងសសរមួយៗ។ |
| 16 |
| គាត់សិតធ្វើក្បាច់លង្ហិនពីរដុំ ដាក់លើក្បាលសសរទាំងពីរ មួយៗមានកម្ពស់ប្រាំហត្ថដូចគ្នា។ |
| 17 |
| មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កម្រងច្រវាក់ប្រាំពីរនៅក្បាលសសរមួយៗ ក្នុងទាំងពីរនោះ។ |
| 18 |
| គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំងពីរ ហើយមានផ្លែទទឹមពីរជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសម្រាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំងពីរ។ |
| 19 |
| ឯក្បាលសសរនៃថែវមានកម្ពស់បួនហត្ថ ក៏មានក្បាច់ជាផ្កាច័ន្ធូ |
| 20 |
| មានក្បាលនៅលើសសរទាំងពីរនោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹមពីររយ រៀបជាពីរជួរនៅព័ទ្ធជុំវិញសសរទាំងពីរនោះដូចគ្នា។ |
| 21 |
| គាត់ក៏លើកសសរទាំងពីរនោះបញ្ឈរឡើង នៅត្រង់ថែវនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស។ |
| 22 |
| នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។ |
| 23 |
| បន្ទាប់មក គាត់ក៏ធ្វើជាសមុទ្រពីលង្ហិន មានរាងមូលទំហំដប់ហត្ថ គឺពីមាត់ម្ខាងទៅដល់ម្ខាង ហើយកម្ពស់ប្រាំហត្ថ បើយកខ្សែវាស់ជុំវិញ នោះត្រូវជាសាមសិបហត្ថ។ |
| 24 |
| នៅក្រោមគែមជុំវិញ មានក្បាច់ផ្កាក្រពុំដប់ក្នុងមួយហត្ថ នៅព័ទ្ធជុំវិញ ផ្កាក្រពុំទាំងនោះបានសិតជាពីរជួរ ក្នុងកាលដែលគេសិតសមុទ្រនោះតែម្តង។ |
| 25 |
| ក៏ដាក់លើរូបគោដប់ពីរ ដែលមានបីបែរទៅខាងជើង បីបែរទៅខាងលិច បីបែរទៅខាងត្បូង ហើយបីបែរទៅខាងកើត សមុទ្រនោះបានដាក់តម្កល់លើខ្នងគោ ហើយគូថរបស់គោទាំងនោះ បែរទៅខាងក្នុងទាំងអស់។ |
| 26 |
| តួសមុទ្រនោះមានកម្រាស់មួយទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹកពីរពាន់អម្រែក ។ |
| 27 |
| គាត់ក៏ធ្វើគ្រោងលង្ហិនដប់ បណ្តោយបួនហត្ថ ទទឹងបួនហត្ថ ហើយកម្ពស់បីហត្ថ |
| 28 |
| គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្ដាលទៀត។ |
| 29 |
| ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្ដាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ និងចេរូប៊ីម ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល |
| 30 |
| គ្រោងមួយៗ នោះមានកង់លង្ហិនបួន និងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំងបួនជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កម្រងខាងៗទាំងអស់។ |
| 31 |
| ខាងក្នុងគ្រោងនោះ មានកំណល់បែបដូចជាជើងតាំងកម្ពស់មួយហត្ថ រាងមូលមួយហត្ថកន្លះ មានក្បាច់ចម្លាក់ផង តែបន្ទះទាំងប៉ុន្មាន ត្រូវជាបួនជ្រុងវិញ មិនមែនមូលទេ។ |
| 32 |
| ឯខាងក្រោមបន្ទះ នោះមានកង់បួន ភ្លៅកង់ទាំងនោះនៅជាប់នឹងតួគ្រោង កង់មួយកម្ពស់មួយហត្ថកន្លះ។ |
| 33 |
| ឯរបៀបធ្វើកង់ទាំងនោះ ក៏ដូចជាធ្វើកង់រទេះចម្បាំង គឺមានទាំងភ្លៅ ទាំងខ្នងកង់ ទាំងកាំ និងដុំផង គ្រឿងទាំងនោះបានសិតដោយលង្ហិនទាំងអស់។ |
| 34 |
| នៅត្រង់ជ្រុងទាំងបួនរបស់គ្រោងទាំងនោះ មានកំណល់ដែលសិតជាប់ជាមួយតួគ្រោងនោះឯង។ |
| 35 |
| ហើយពីខាងលើជញ្ជាំងគ្រោងនោះ មានបន្ទះចេញជារាងមូល កម្ពស់កន្លះហត្ថ ឯខាងលើបន្ទះនោះ និងជើងកំណល់ បានភ្ជាប់ជាមួយគ្នា |
| 36 |
| គាត់ក៏ឆ្លាក់ជារូបចេរូប៊ីម សិង្ហ និងដើមលម៉ើ នៅនឹងបន្ទះដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ។ |
| 37 |
| គឺយ៉ាងនោះដែលគាត់ធ្វើគ្រោងទាំងដប់នោះ ទាំងអស់សិតពីពុម្ពតែមួយ មានទំហំមានរាងដូចគ្នា។ |
| 38 |
| គាត់ក៏ធ្វើបានក្លាំលង្ហិនដប់ ចាននីមួយៗចំណុះទឹកសែសិបអម្រែក មានទំហំបួនហត្ថ ហើយគ្រប់គ្រោងទាំងដប់ នោះមានចានក្លាំមួយៗ |
| 39 |
| រួចគាត់ដាក់គ្រោងប្រាំនៅខាងស្តាំព្រះវិហារ ហើយប្រាំនៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។ |
| 40 |
| ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក និងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា |
| 41 |
| គឺសសរទាំងពីរ តួក្បាលសសរទាំងពីរ ដែលនៅលើកំពូលសសរ និងក្បាច់ក្រឡាអួន សម្រាប់បិទតួក្បាលសសរ ដែលនៅលើកំពូលសសរនោះជុំវិញ |
| 42 |
| ហើយផ្លែទទឹមទាំងបួនរយ សម្រាប់ក្បាច់ក្រឡាអួននោះ គឺផ្លែទទឹមពីរជួរសម្រាប់ក្បាច់ក្រឡាអួនមួយៗ ដើម្បីនឹងបាំងទីភ្ជាប់តួក្បាលសសរទាំងពីរនោះ |
| 43 |
| ព្រមទាំងគ្រោងដប់ និងចានក្លាំដប់ ដែលនៅលើគ្រោងទាំងនោះ |
| 44 |
| និងសមុទ្រមួយ ហើយគោទាំងដប់ពីរ ដែលទ្រពីខាងក្រោម។ |
| 45 |
| ហើយទាំងឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង។ |
| 46 |
| ស្តេចបានឲ្យគេសិតប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ ដែលនៅវាលទន្លេយ័រដាន់ ត្រង់កណ្ដាលភូមិស៊ូកូថ និងសារថាន។ |
| 47 |
| ព្រះបាទសាឡូម៉ូនមិនបានថ្លឹងរបស់ទាំងនោះទេ ព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទម្ងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។ |
| 48 |
| ព្រះបាទសាឡូម៉ូនបានធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសម្រាប់ដាក់នំបុ័ងតាំងទុក |
| 49 |
| ជើងចង្កៀងមាសសុទ្ធទាំងប៉ុន្មាន ប្រាំខាងស្តាំ ប្រាំខាងឆ្វេង នៅមុខទីបរិសុទ្ធបំផុត ព្រមទាំងផ្កា ចង្កៀង និងឃ្នាបប្រឆេះធ្វើពីមាស |
| 50 |
| ហើយទាំងឆ្នាំង ដង្កៀង ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។ |
| 51 |
| ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតារបស់ទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់មាស និងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។ |
|
| រក្សាទុកកំណត់ចំណាំ |
https://beblia.bible:81/BibleAudio/khmer2016/1kings/007.mp3
22
7