|
| 1 |
|
| នៅគ្រានោះលោកអេលីយ៉ាស៊ីបជាមហាបូជាចារ្យបានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។ |
|
| 2 |
|
| នៅក្បែរពួកលោកមានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មកមានលោកសាគើរ ជាកូនរបស់លោកអ៊ីមរី។ |
|
| 3 |
|
| កូនចៅរបស់លោកសេណាអានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ |
|
| 4 |
|
| នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកមសេសាបេល។ បន្ទាប់មកមានលោកសាដុក ជាកូនរបស់លោកបាណា។ |
|
| 5 |
|
| នៅក្បែរនោះ មានអ្នកស្រុកតូអា ប៉ុន្តែ ពួកអភិជនរបស់គេមិនព្រមចូលរួមធ្វើការ តាមបញ្ជាមេដឹកនាំរបស់ខ្លួនឡើយ។ |
|
| 6 |
|
| លោកយ៉ូយ៉ាដា ជាកូនរបស់លោកផាសេហា និងលោកមស៊ូឡាម ជាកូនរបស់លោកបេសូឌា នាំគ្នាជួសជុលទ្វារចាស់ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ |
|
| 7 |
|
| នៅក្បែរនោះមានលោកមេឡាទាជាអ្នកស្រុកគីបៀន លោកយ៉ាដោនអ្នកស្រុកម៉េរូន ព្រមទាំងអ្នកឯទៀតៗពីក្រុងគីបៀន និងក្រុងមីសប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេសាភិបាល របស់អាណាខេត្តនៅខាងលិចទន្លេអឺប្រាត។ |
|
| 8 |
|
| នៅក្បែរពួកគេ មានលោកអ៊ូស៊ាល ជាកូនរបស់លោកហារហាយ៉ា ដែលជាជាងរចនាគ្រឿងអលង្ការ ហើយបន្ទាប់មកមានលោកហាណានា ជាអ្នកផ្សំគ្រឿងក្រអូប ពួកគេបានបង្ហើយសំណង់ក្រុងយេរូសាឡឹមរហូតដល់កំពែងធំ។ |
|
| 9 |
|
| លោករេផាយ៉ាធ្វើការនៅក្បែរពួកគេ គាត់ត្រូវជាកូនរបស់លោកហ៊ើរ និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀង។ |
|
| 10 |
|
| បន្ទាប់មក មានលោកយ៉ាដាយ៉ា ជាកូនរបស់លោកហារូម៉ាបធ្វើការផ្នែកដែលនៅខាងមុខផ្ទះគាត់។ លោកហាធូស ជាកូនរបស់លោកហាសាបនាធ្វើការនៅក្បែរគាត់។ |
|
| 11 |
|
| លោកម៉ាល់គាជាកូនរបស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកផាហាត-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។ |
|
| 12 |
|
| នៅក្បែរពួកគេមានលោកសាលូម ជាកូនរបស់លោកហាឡូហេស និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀងទៀត ធ្វើការជាមួយកូនស្រីៗរបស់គាត់។ |
|
| 13 |
|
| លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។ |
|
| 14 |
|
| លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ |
|
| 15 |
|
| លោកសាលូន ជាកូនរបស់លោកកុល-ហូសេ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះគាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរ ចុះមកពីបុរីព្រះបាទដាវីឌ។ |
|
| 16 |
|
| បន្ទាប់ពីគាត់មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។ |
|
| 17 |
|
| បន្ទាប់មក មានក្រុមលេវីធ្វើការនៅក្បែរគាត់ គឺមានលោករេហ៊ូមជាកូនរបស់លោកបានី និងលោកហាសាបយ៉ា ជាចៅសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការក្នុងនាមសង្កាត់របស់គាត់។ |
|
| 18 |
|
| បន្ទាប់មកមានបងប្អូនរបស់ពួកគេ គឺលោកបាវ៉ាយជាកូនរបស់លោកហេណាដាដ និងជាចៅសង្កាត់កៃឡាមួយចំហៀងទៀត។ |
|
| 19 |
|
| បន្ទាប់មកលោកអេស៊ើរជាកូនរបស់លោកយេសួរ និងជាចៅហ្វាយក្រុងមីសប៉ា ជួសជុលផ្នែកមួយទៀត ដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងសស្រ្ដាវុធត្រង់មុមកំពែង។ |
|
| 20 |
|
| បន្ទាប់ពីគាត់មានលោកបារូក ជាកូនរបស់លោកសាប់បាយ ខំប្រឹងជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីមុមកំពែង រហូតដល់មាត់ទ្វារផ្ទះរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប។ |
|
| 21 |
|
| បន្ទាប់មក មានលោកម្រេម៉ូតជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូសជួសជុល មួយផ្នែកទៀតចាប់ពីមាត់ទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់កៀនរបងផ្ទះ។ |
|
| 22 |
|
| បន្ទាប់មក ពួកបូជាចារ្យដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។ |
|
| 23 |
|
| បន្ទាប់មក មានលោកបេនយ៉ាមីន និងលោកហាស៊ូប ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់ពួកគេ។ បន្ទាប់មក មានលោកអសារា ជាកូនរបស់លោកម៉ាសេយ៉ា និងជាចៅរបស់លោកអណានា ជួសជុលនៅក្បែរផ្ទះរបស់គាត់។ |
|
| 24 |
|
| បន្ទាប់មកទៀត មានលោកប៊ីនុយជាកូនរបស់លោកហេណាដាឌ ជួសជុលមួយផ្នែកទៀត ចាប់ពីផ្ទះរបស់លោកអសារា រហូតដល់ជ្រុង និងរហូតដល់មុមកំពែង។ |
|
| 25 |
|
| លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មកមានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។ |
|
| 26 |
|
| ក្រុមអ្នកបំរើព្រះវិហារ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។ |
|
| 27 |
|
| បន្ទាប់មក មានអ្នកស្រុកតូអាជួសជុលមួយផ្នែកទៀត គឺពីមុខនឹងប៉មធំដែលលយចេញ រហូតដល់ជញ្ជាំងអូផែល។ |
|
| 28 |
|
| នៅខាងលើទ្វារសេះ ពួកបូជាចារ្យជួលជុលផ្នែកដែលនៅខាងមុខផ្ទះរបស់គេរៀងៗខ្លួន។ |
|
| 29 |
|
| បន្ទាប់មក លោកសាដុកជាកូនលោកអ៊ីមមើរ ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់លោក។ បន្ទាប់ពីលោកមានលោកសេម៉ាយ៉ាជាកូនរបស់លោកសេកានា ជាឆ្មាំទ្វារខាងកើត។ |
|
| 30 |
|
| បន្ទាប់មក មានលោកហាណានា ជាកូនរបស់លោកសេលេមា និងលោកហានូន ជាកូនទីប្រាំមួយរបស់លោកសាឡាប ជួសជុលកំពែងមួយផ្នែកទៀត។ បន្ទាប់មក មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា ជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់របស់លោក។ |
|
| 31 |
|
| បន្ទាប់មក លោកម៉ាលគា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបំរើព្រះវិហារ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីបកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។ |
|
| 32 |
|
| ពួកជាងរចនាគ្រឿងអលង្ការ និងអ្នកជំនួញ នាំគ្នាជួសជុលផ្នែកដែលនៅចន្លោះបន្ទប់ខាងលើនៃមុមកំពែង និងទ្វារចៀម។ |
|
|
|
|