|
| 1 |
|
| ពេលលោកសាន់បាឡាត់ទទួលដំណឹងថា ពួកយើងជួសជុលកំពែងក្រុងឡើងវិញ ដូច្នេះ គាត់ខឹងមួម៉ៅជាខ្លាំង។ គាត់ចំអកអោយជនជាតិយូដា |
|
| 2 |
|
| ដោយពោលនៅមុខបងប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើយញ្ញបូជាថ្វាយព្រះរបស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះមកដាក់គរលើគ្នាវិញកើតឬ?»។ |
|
| 3 |
|
| លោកថូប៊ីយ៉ាជាជនជាតិអាំម៉ូន ដែលនៅក្បែរនោះពោលឡើងថា៖ «ទុកអោយពួកគេសង់ទៅ! ពេលណាកញ្ជ្រោងឡើងពីលើ នោះកំពែងថ្មមុខជារលំមិនខាន!»។ |
|
| 4 |
|
| «ឱព្រះនៃយើងខ្ញុំអើយ សូមព្រះសណ្ដាប់ចុះ ពួកគេមើលងាយយើងខ្ញុំខ្លាំងណាស់! សូមអោយពាក្យប្រមាថមាក់ងាយទាំងនេះ ធ្លាក់ទៅលើពួកគេវិញ! សូមអោយខ្មាំងសត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ និងកៀរពួកគេទៅជាឈ្លើយ |
|
| 5 |
|
| សូមកុំលើកលែងទោសពួកគេឡើយ ហើយក៏កុំលុបបំបាត់អំពើបាបរបស់ពួកគេ ចេញពីព្រះភក្ត្ររបស់ព្រះអង្គដែរ ដ្បិតពួកគេបានជេរប្រមាថយើងខ្ញុំ ជាអ្នកសង់កំពែងក្រុងនេះឡើងវិញ»។ |
|
| 6 |
|
| ពួកយើងនាំគ្នាសង់កំពែងក្រុងឡើងវិញ រហូតដល់បានកំពស់ពាក់កណ្ដាល ដ្បិតប្រជាជនខំប្រឹងខ្នះខ្នែងធ្វើការនេះដោយស្មោះអស់ពីចិត្ត។ |
|
| 7 |
|
| ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាសដូឌទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹមមានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញនោះ ពួកគេខឹងជាខ្លាំង។ |
|
| 8 |
|
| ពួកគេលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម ដើម្បីបង្កអោយមានការខូចខាត។ |
|
| 9 |
|
| ពេលនោះ យើងក៏ទូលអង្វរព្រះនៃយើង រួចចាត់ចែងអោយមានអ្នកយាមល្បាតទាំងថ្ងៃទាំងយប់ ដើម្បីការពារក្រុងក្រែងពួកគេវាយលុក។ |
|
| 10 |
|
| ប៉ុន្តែ ជនជាតិយូដាពោលថា៖ «កម្លាំងអ្នកលីសែង កាន់តែចុះអន់ថយទៅៗ គំនរថ្មដែលបាក់បែកនោះមានច្រើនពេក យើងពុំអាចសង់កំពែងក្រុងបានឡើយ»។ |
|
| 11 |
|
| បច្ចាមិត្តរបស់ពួកយើងពោលថា៖ «ពួកគេមិនដឹងខ្លួន មិនឃើញអ្វីទាំងអស់ យើងនឹងលបចូលទៅដល់កណ្ដាលចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការរបស់ពួកគេ»។ |
|
| 12 |
|
| ពេលនោះ ជនជាតិយូដា ដែលរស់នៅក្បែរពួកគេ បាននាំគ្នាមកប្រាប់យើងដល់ទៅដប់ដងថា សត្រូវលើកគ្នាពីគ្រប់ទិសទី មកវាយប្រហារពួកយើង។ |
|
| 13 |
|
| ហេតុនេះខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេ អោយឈរយាមនៅពីក្រោយកំពែង ទាំងកាន់ដាវ កាន់លំពែង និងធ្នូ។ |
|
| 14 |
|
| ពេលពិនិត្យសព្វគ្រប់ហើយ ខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កុំភ័យខ្លាចពួកគេឡើយ! សូមចងចាំថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច។ ដូច្នេះ ចូរនាំគ្នាប្រយុទ្ធការពារបងប្អូន កូនប្រុស កូនស្រី ភរិយា និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។ |
|
| 15 |
|
| ខ្មាំងសត្រូវឮថា ពួកយើងដឹងខ្លួន ហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។ |
|
| 16 |
|
| ចាប់ពីថ្ងៃនោះមក គ្នាខ្ញុំចំនួនពាក់កណ្ដាលធ្វើកិច្ចការសំណង់ ហើយចំនួនពាក់កណ្ដាលទៀតកាន់លំពែង កាន់ខែល កាន់ធ្នូ និងប្រដាប់ការពារខ្លួន។ ពួកមេដឹកនាំជួយត្រួតមើលកូនចៅយូដាទាំងអស់គ្នា។ |
|
| 17 |
|
| អស់អ្នកដែលសង់កំពែង អស់អ្នកដែលលីសែង ឬដឹកជញ្ជូន ធ្វើការដៃម្ខាង កាន់អាវុធដៃម្ខាង។ |
|
| 18 |
|
| រីឯអ្នកបូកឥដ្ឋវិញ គេស្ពាយដាវនៅនឹងចង្កេះ ហើយបំពេញការងាររបស់ខ្លួន។ រីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំ។ |
|
| 19 |
|
| ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «យើងនៅសល់កិច្ចការច្រើនណាស់ ព្រោះកំពែងវែង ហើយយើងក៏នៅឆ្ងាយពីគ្នាទៀត។ |
|
| 20 |
|
| ហេតុនេះ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ចូរប្រមូលគ្នាមកជិតយើង។ ព្រះរបស់យើងនឹងប្រយុទ្ធ ដើម្បីយើងទាំងអស់គ្នា»។ |
|
| 21 |
|
| យើងបានបន្តសំណង់របស់យើងរបៀបនេះ គឺពួកយើងចំនួនពាក់កណ្ដាលកាន់លំពែងតាំងពីព្រលឹម ទល់ព្រលប់។ |
|
| 22 |
|
| នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសំរាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបំរើរបស់ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ |
|
| 23 |
|
| ដូច្នេះ ខ្ញុំ និងបងប្អូនខ្ញុំ ព្រមទាំងអ្នកបំរើ និងពួកទាហានដែលមកតាមខ្ញុំ គ្មាននរណាម្នាក់ដោះសម្លៀកបំពាក់ចេញឡើយ យើងកាន់អាវុធជាប់នឹងខ្លួនជានិច្ច។ |
|
|
|
|