|
| 1 |
|
| បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។ |
|
| 2 |
|
| លោកយ៉ូបមានប្រសាសន៍ថា៖ |
|
| 3 |
|
| «សូមអោយថ្ងៃដែលខ្ញុំបានកើតមកនោះ ក្លាយទៅជាថ្ងៃអពមង្គល! រីឯយប់ដែលគេពោលថា មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អពមង្គលដែរ! |
|
| 4 |
|
| សូមអោយថ្ងៃនោះ ប្រែទៅជាងងឹត ហើយកុំអោយព្រះជាម្ចាស់ ដែលគង់នៅស្ថានលើ រវីរវល់នឹងថ្ងៃនោះ ហើយក៏កុំអោយមានពន្លឺបំភ្លឺថ្ងៃនោះឡើយ! |
|
| 5 |
|
| សូមអោយភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ ហើយសូមអោយមានភាពអាប់អួរគ្របបាំងព្រះអាទិត្យ! |
|
| 6 |
|
| រីឯយប់នោះវិញ ក៏សូមអោយភាពងងឹត គ្របបាំងវាដែរ! សូមកុំអោយគេរាប់បញ្ចូលយប់នោះទៅក្នុង ខែ និងឆ្នាំឡើយ! |
|
| 7 |
|
| សូមអោយយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំអោយមានសំរែកអរសប្បាយ នៅយប់នោះដែរ! |
|
| 8 |
|
| សូមអោយយប់នោះត្រូវបណ្ដាសា របស់គ្រូនក្ខត្តឫក្ស និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ! |
|
| 9 |
|
| សូមអោយផ្កាយព្រឹកប្រែជាងងឹតសូន្យ! យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ |
|
| 10 |
|
| ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនអោយកើត ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ ចេញពីមុខខ្ញុំដែរ! |
|
| 11 |
|
| ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ? ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេល ចេញពីផ្ទៃម្ដាយ? |
|
| 12 |
|
| ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ ហើយមានដោះចាំបំបៅខ្ញុំដូច្នេះ? |
|
| 13 |
|
| ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម៉្លេះសមខ្ញុំបានសំរាកយ៉ាងសុខស្រួលក្នុងផ្នូរ |
|
| 14 |
|
| រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងប្រាសាទសិលាទុកសំរាប់ខ្លួន។ |
|
| 15 |
|
| ខ្ញុំមុខជាបានសំរាកជាមួយពួកមេដឹកនាំ ដែលមានមាសប្រាក់ពេញផ្ទះ។ |
|
| 16 |
|
| ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ នោះប្រសើរជាង។ |
|
| 17 |
|
| នៅក្នុងផ្នូរមនុស្សអាក្រក់លែងមាន សកម្មភាពទៀតហើយ រីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសំរាក។ |
|
| 18 |
|
| អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។ |
|
| 19 |
|
| អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា ទាសករក៏លែងនៅក្រោមអំណាច ម្ចាស់របស់ខ្លួនទៀតដែរ។ |
|
| 20 |
|
| ហេតុអ្វីព្រះជាម្ចាស់ប្រទានអោយ មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្ដល់ជីវិតអោយអ្នកដែលស្គាល់តែ ទុក្ខលំបាក? |
|
| 21 |
|
| គេទន្ទឹងរង់ចាំសេចក្ដីស្លាប់ តែមិនឃើញសេចក្ដីស្លាប់មកទេ។ គេប្រាថ្នាចង់បានសេចក្ដីស្លាប់ ជាងទ្រព្យសម្បត្តិទៅទៀត។ |
|
| 22 |
|
| ប្រសិនបើគេរកបានផ្នូរសំរាប់ខ្លួន នោះគេមុខជាសប្បាយរីករាយឥតឧបមា។ |
|
| 23 |
|
| ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។ |
|
| 24 |
|
| ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ សំរែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។ |
|
| 25 |
|
| ខ្ញុំភ័យខ្លាចការអ្វី ការនោះកើតមានដល់ខ្ញុំ ហើយខ្ញុំជួបប្រទះនឹងហេតុការណ៍ណាដែលខ្ញុំមិនចង់ជួប។ |
|
| 26 |
|
| ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសំរាកដែរ គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។ |
|
|
|
|