×

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ 2016

ការងារ ៣៥

1
មួយ​ទៀត អេលី‌ហ៊ូវ​និយាយ​ថា៖
2
«សេចក្ដី​នេះ តើ​លោក​ស្មាន​ថា គួរ​គប្បី​ឬ? ដែល​លោក​ចង់​ថា សេចក្ដី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ
3
ដោយ​ពាក្យ​ថា តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ ហើយ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​បាប នោះ​តើ​នឹង​បាន​កម្រៃ​ជា​ជាង​យ៉ាង​ណា​ទៅ
4
ខ្ញុំ​នឹង​តប​ឆ្លើយ​ដល់​លោក ហើយ​ដល់​ពួក​ម៉ាក​របស់​លោក​នេះ​ដែរ
5
សូម​ពិចារ‌ណា​មើល​ស្ថាន​សួគ៌​ចុះ ហើយ​រំពឹង​មើល​ផ្ទៃ​មេឃ ដែល​ខ្ពស់​ជាង​លោក​ជា​យ៉ាង​ណា
6
បើ​លោក​បាន​ធ្វើ​បាប តើ​លោក​បាន​ធ្វើ ឲ្យ​ដាប​ដល់​ព្រះ‌អង្គ​យ៉ាង​ណា​ខ្លះ? បើ​អំពើ​រំលង​របស់​លោក​បាន​ចម្រើន កាន់​តែ​ច្រើន​ឡើង តើ​លោក​បាន​ធ្វើ ឲ្យ​ដាប​ដល់​ព្រះ‌អង្គ​ជា​យ៉ាង​ណា?
7
ឬ​បើ​លោក​សុចរិត​វិញ តើ​លោក​បាន​បន្ថែម​អ្វី​ដល់​ព្រះ‌អង្គ ឬ​ព្រះ‌អង្គ​ទទួល​អ្វី​ពី​ដៃ​លោក?
8
អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្ដី​សុចរិត​របស់​លោក​នឹង​មាន ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។
9
មាន​គេ​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី សង្កត់‌សង្កិន​យ៉ាង​សន្ធឹក ក៏​មាន​គេ​ស្រែក​រក​មនុស្ស​ជួយ ដោយ​ព្រោះ​តែ​ដៃ​របស់​មនុស្ស មាន​អំណាច​មែន។
10
តែ​ឥត​មាន​អ្នក​ណា​ថា "ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់
11
ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ លើ​អាកាស តើ​ព្រះ‌អង្គ​នៅ​ឯ​ណា?"
12
គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ ដោយ​ព្រោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់។
13
ពិត​ប្រាកដ​ជា​ព្រះ​មិន​ព្រម​ស្តាប់​សម្រែក ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង។
14
ចំណង់​បើ​លោក ដែល​ពោល​ថា​លោក​មើល​ព្រះ‌អង្គ​មិន​ឃើញ តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌នោះ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ព្រះ‌អង្គ។
15
ឥឡូវ​នេះ ដោយ​ព្រោះ​ព្រះ‌អង្គ​មិន​ធ្វើ​ទោស ដោយ​សេចក្ដី​ក្រោធ​ទេ ក៏​មិន​សូវ​រវល់​នឹង​សេចក្ដី​ឆ្មើង‌ឆ្មៃ​ដែរ
16
លោក​យ៉ូប​បាន​បើក​មាត់ បញ្ចេញ​តែ​សេចក្ដី​ឥត​ប្រយោជន៍ ហើយបញ្ចេញ​ពាក្យ​សម្ដី​ឥត​បើ​គិត​វិញ»។
Khmer Bible 2016
2016 United Bible Societies
:
រក្សាទុកកំណត់ចំណាំ