×

ខ្មែរព្រះគម្ពីរ 1954

ទំនុកដំកើង ៦៥

1
ឱ​ព្រះជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ​ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​យើង​ខ្ញុំ បាន​សន្យា​ចំពោះ​ព្រះអង្គ។
2
ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូលអង្វរ របស់​មនុស្ស​លោក​ជានិច្ច ពួក​គេ​នឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។
3
កំហុស​របស់​ទូលបង្គំ​ធ្ងន់ធ្ងរ​ណាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​លើកលែង​ទោស​អោយ​យើង​ខ្ញុំ​បាន។
4
មាន​សុភមង្គល​ហើយ​អស់​អ្នក ដែល​ព្រះអង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអង្គ។ យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះពរ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ គឺ​នៅ​ក្នុង​ព្រះវិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
5
ឱ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ ដោយ​សំដែង​ឫទ្ធិបារមី គួរ​អោយ​ស្ញែង​ខ្លាច ប្រជាជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ!
6
ព្រះអង្គ​បាន​ពង្រឹង​ភ្នំ​ទាំងឡាយ​អោយ​រឹងមាំ ដោយសារ​ព្រះចេស្ដា​របស់​ព្រះអង្គ ព្រះអង្គ​ប្រកប​ទៅ​ដោយ​ឫទ្ធានុភាព។
7
ព្រះអង្គ​បាន​ធ្វើ​អោយ​សន្ធឹក​រលក​សមុទ្រ ដ៏​គគ្រឹកគគ្រេង​បាន​ស្ងប់ឈឹង ព្រះអង្គ​ក៏​បាន​ធ្វើ​អោយ​សំឡេង ដ៏​អឺងកង​របស់​ប្រជាជន ទាំងឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។
8
អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាច ដោយ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ធ្វើ​អោយ​ប្រជាជន ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច មាន​អំណរ​សប្បាយ​ដ៏​លើសលប់។
9
ព្រះអង្គ​ថែ​ទាំ​ផែនដី ដោយ​ប្រទាន​អោយ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌ ព្រះអង្គ​ប្រទាន​អោយ​ផែនដី​មាន​ភោគផល ដ៏​សម្បូណ៌​ហូរហៀរ ជ្រលង​ដង​អូ​របស់​ព្រះអង្គ មាន​ពោរពេញ​ទៅ​ដោយ​ទឹក ព្រះអង្គ​ប្រទាន​ស្រូវ​អោយ​មនុស្ស​លោក ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ
10
គឺ​ព្រះអង្គ​ស្រោច​ស្រព​ស្រែ​ចំការ ព្រះអង្គ​ធ្វើ​អោយ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ព្រះអង្គ​ប្រទាន​ពរ​អោយ​គ្រាប់​ពូជ ទាំងឡាយ​ដុះ​ឡើង។
11
នៅ​រដូវ​ចំរូត​ព្រះអង្គ​ប្រទាន​ស្រូវ ដែល​ជា​ព្រះអំណោយ​ទាន​ដ៏​សប្បុរស​បំផុត។ ទី​ណា​ដែល​ព្រះអង្គ​យាង​ទៅ ទី​នោះ​មាន​ភោគផល​ដ៏​ហូរហៀរ។
12
រីឯ​នៅ​វាល​រហោស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌ ហើយ​នៅ​តាម​ភ្នំ​នានា ក៏​មាន​ពោរពេញ​ទៅ​ដោយ​អំណរ​ដែរ។
13
វាល​ស្មៅ​ពោរពេញ​ទៅ​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​ពោរពេញ​ទៅ​ដោយ​ស្រូវ អ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើង ដោយ​អំណរ​ដ៏​លើសលប់!។
Khmer Bible 1954
Public Domain: 1954
:
រក្សាទុកកំណត់ចំណាំ