|
| 1 |
|
| ប្រាកដមែន ព្រះល្អដល់សាសន៍អ៊ីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តបរិសុទ្ធ។ |
|
| 2 |
|
| តែឯទូលបង្គំវិញ ជើងទូលបង្គំសឹងតែនឹងជំពប់ដួល ជំហានទូលបង្គំហៀបតែនឹងរអិលទៅហើយ។ |
|
| 3 |
|
| ដ្បិតទូលបង្គំមានចិត្តច្រណែន នឹងមនុស្សអួតអាង ដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើន។ |
|
| 4 |
|
| ៙ ដ្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់ រូបកាយរបស់គេធាត់រលោង។ |
|
| 5 |
|
| គេមិនស្គាល់ទុក្ខលំបាកដូចមនុស្សឯទៀតឡើយ ក៏មិនដែលវេទនា ដូចមនុស្សដទៃដែរ។ |
|
| 6 |
|
| គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។ |
|
| 7 |
|
| ភ្នែកគេលៀនចេញដោយមានសាច់ច្រើន ចិត្តគេហូរហៀរដោយសេចក្ដីចំកួត។ |
|
| 8 |
|
| គេចំអកឡកឡឺយ ហើយពោលពាក្យអាក្រក់ គេស្រែកគំរាមក្ដែងៗពីការសង្កត់សង្កិន។ |
|
| 9 |
|
| គេតាំងមាត់របស់គេទាស់នឹងស្ថានសួគ៌ ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដី។ |
|
| 10 |
|
| ៙ ហេតុនេះហើយបានជាប្រជារាស្ត្រព្រះអង្គ ងាកទៅសរសើរគេ ហើយមិនឃើញថាគេមានកំហុសអ្វីឡើយ ។ |
|
| 11 |
|
| គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?» |
|
| 12 |
|
| មើល៍ នេះហើយមនុស្សអាក្រក់ គេចេះតែសុខស្រួលជានិច្ច ទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូត។ |
|
| 13 |
|
| ឯទូលបង្គំដែលបានរក្សាចិត្តឲ្យបរិសុទ្ធ ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ។ |
|
| 14 |
|
| ដ្បិតទូលបង្គំជួបទុក្ខលំបាករាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់ព្រឹក។ |
|
| 15 |
|
| ៙ ប្រសិនបើទូលបង្គំពោលថា «ខ្ញុំនឹងនិយាយដូច្នេះដូចគេដែរ» នោះទូលបង្គំឈ្មោះថាបានក្បត់បងប្អូន ដែលជាកូនរបស់ព្រះអង្គមិនខាន។ |
|
| 16 |
|
| តែកាលទូលបង្គំគិតពិចារណា ចង់យល់ពីរឿងនេះ នោះពិបាកយល់ដល់ទូលបង្គំណាស់ |
|
| 17 |
|
| រហូតទាល់តែទូលបង្គំបានចូលទៅក្នុង ទីបរិសុទ្ធរបស់ព្រះ នោះទើបទូលបង្គំយល់ពីចុងបញ្ចប់របស់គេ។ |
|
| 18 |
|
| តាមពិត ព្រះអង្គបានដាក់ឲ្យគេ ឈរនៅកន្លែងដ៏រអិល ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងសេចក្ដីវិនាស។ |
|
| 19 |
|
| គេត្រូវអន្តរធានទៅយ៉ាងឆាប់ដល់ម៉្លេះ គេត្រូវរលាយសូន្យទៅ ដោយហេតុគួរស្ញែង! |
|
| 20 |
|
| គេប្រៀបដូចយល់សប្តិក្រោយពេលភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលព្រះអង្គតើនឡើង ព្រះអង្គមិនចង់ឃើញរូបគេឡើយ។ |
|
| 21 |
|
| ៙ កាលទូលបង្គំកើតមានចិត្តជូរល្វីង កាលទូលបង្គំឈឺចាប់ក្នុងទ្រូង |
|
| 22 |
|
| នោះទូលបង្គំមិនយល់ ហើយល្ងង់ខ្លៅ ទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។ |
|
| 23 |
|
| ប៉ុន្តែ ទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ច ព្រះអង្គកាន់ដៃស្តាំរបស់ទូលបង្គំ។ |
|
| 24 |
|
| ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។ |
|
| 25 |
|
| នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។ |
|
| 26 |
|
| សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។ |
|
| 27 |
|
| ៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ នឹងត្រូវវិនាស ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។ |
|
| 28 |
|
| រីឯទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។ |
|
|
|
|