|
| 1 |
|
| នេះជាបញ្ជីរាយឈ្មោះកូនចៅអ៊ីស្រអែល ដែលបានមកនៅស្រុកអេស៊ីប ជាមួយយ៉ាកកូប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួន គឺមាន: |
|
| 2 |
|
| រូបេន ស៊ីម្មាន លេវី យូដា |
|
| 3 |
|
| អ៊ីសាខារ សាប់យូឡូន ពុនយ៉ាមីន |
|
| 4 |
|
| ដាន់ ណែបថាលី កាដ និងអេស៊ើរ។ |
|
| 5 |
|
| ពូជពង្សរបស់យ៉ាកកូបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯយូសុះ រស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។ |
|
| 6 |
|
| ក្រោយមក យូសុះ និងបងប្អូនរបស់គាត់ព្រមទាំងកូនចៅរបស់យ៉ាកកូបមួយជំនាន់នោះបានស្លាប់អស់ទៅ។ |
|
| 7 |
|
| ជនជាតិអ៊ីស្រអែលបង្កើតកូនចៅបន្តពូជពង្ស កើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។ |
|
| 8 |
|
| មានស្តេចថ្មីមួយនាក់ឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្តេចនោះមិនបានស្គាល់យូសុះទេ។ |
|
| 9 |
|
| ស្តេចមានប្រសាសន៍ទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។ |
|
| 10 |
|
| ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងបានទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ |
|
| 11 |
|
| ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ស្តេចហ្វៀរ៉អ៊ូន។ |
|
| 12 |
|
| ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្តាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។ |
|
| 13 |
|
| ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការ យ៉ាងធ្ងន់ធ្ងរ។ |
|
| 14 |
|
| គេធ្វើឲ្យជនជាតិអ៊ីស្រអែលវេទនាខ្លោចផ្សា គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ ពោលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។ |
|
| 15 |
|
| ស្តេចស្រុកអេស៊ីបបញ្ជាទៅឆ្មបពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ម្នាក់ឈ្មោះនាងពូអា ដែលជួយស្ត្រីហេប្រឺថា៖ |
|
| 16 |
|
| «កាលណាអ្នកបង្កើតកូនឲ្យស្ដ្រីហេប្រឺ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុសត្រូវសម្លាប់ចោល ប្រសិនបើជាកូនស្រី ចូរទុកឲ្យវារស់ចុះ»។ |
|
| 17 |
|
| ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះ គោរពកោតខ្លាចអុលឡោះគាត់មិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។ |
|
| 18 |
|
| ស្តេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្តេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។ |
|
| 19 |
|
| ឆ្មបទាំងពីរជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ស្ត្រីជាតិហេប្រឺ មិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសំរាលកូនរួចស្រេចទៅហើយ»។ |
|
| 20 |
|
| អុលឡោះប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ |
|
| 21 |
|
| ដោយឆ្មបទាំងពីរកោតខ្លាចអុលឡោះទ្រង់ប្រោសប្រទានឲ្យគ្រួសាររបស់គាត់បានចំរុងចំរើន។ |
|
| 22 |
|
| បន្ទាប់មកស្តេចហ្វៀរ៉អ៊ូនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺ ដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតឲ្យតែកូនស្រីៗប៉ុណ្ណោះ!»។ |
|
|
|
|