|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ដ្បិតយើងបានធ្វើអោយស្ដេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យនៅក្នុងចំណោមពួកគេ។ |
|
| 2 |
|
| ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជា ព្រះអម្ចាស់ »។ |
|
| 3 |
|
| លោកម៉ូសេ និងលោកអើរ៉ុនទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ « ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកអោយប្រជារាស្ត្ររបស់យើងចេញទៅគោរពបំរើយើង។ |
|
| 4 |
|
| បើអ្នកមិនព្រមបើកអោយប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្ដូបអោយចូលមករាតត្បាតដែនដីរបស់អ្នក។ |
|
| 5 |
|
| វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។ |
|
| 6 |
|
| វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នករហូតមកទល់សព្វថ្ងៃ មិនដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ”»។ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន។ |
|
| 7 |
|
| ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានទូលស្ដេចថា៖ «តើជននេះធ្វើអោយយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមព្រះករុណាបើកអោយពួកគេចេញទៅគោរពបំរើ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។ |
|
| 8 |
|
| គេនាំលោកម៉ូសេ និងលោកអើរ៉ុន មកគាល់ព្រះចៅផារ៉ោន ហើយស្ដេចក៏មានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបំរើ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។ |
|
| 9 |
|
| លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយ ព្រះអម្ចាស់ »។ |
|
| 10 |
|
| ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាម ព្រះអម្ចាស់ ថា យើងមិនបើកអោយអ្នករាល់គ្នានាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។ |
|
| 11 |
|
| ទេ មិនកើតទេ! ទុកអោយតែប្រុសៗ ចេញទៅគោរពបំរើ ព្រះអម្ចាស់ ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។ |
|
| 12 |
|
| ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្ដូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។ |
|
| 13 |
|
| លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយ ព្រះអម្ចាស់ ក៏ធ្វើអោយមានខ្យល់ពីទិសខាងកើតបក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតនាំហ្វូងកណ្ដូបមក។ |
|
| 14 |
|
| ហ្វូងកណ្ដូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។ |
|
| 15 |
|
| វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើអោយផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។ |
|
| 16 |
|
| ពេលនោះ ព្រះចៅផារ៉ោនក៏ប្រញាប់ហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។ |
|
| 17 |
|
| ឥឡូវនេះ សុំអត់ទោសអោយយើងម្ដងទៀតចុះ ហើយទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។ |
|
| 18 |
|
| លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរ ព្រះអម្ចាស់ ។ |
|
| 19 |
|
| ព្រះអម្ចាស់ ធ្វើអោយមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកអោយមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។ |
|
| 20 |
|
| ប៉ុន្តែ ព្រះអម្ចាស់ ធ្វើអោយព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ ស្ដេចមិនបើកអោយជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។ |
|
| 21 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្ដប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។ |
|
| 22 |
|
| លោកម៉ូសេលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុងក៏គ្របដណ្ដប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។ |
|
| 23 |
|
| ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺ។ |
|
| 24 |
|
| ព្រះចៅផារ៉ោនក៏អោយគេហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបំរើ ព្រះអម្ចាស់ ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។ |
|
| 25 |
|
| លោកម៉ូសេទូលស្ដេចវិញថា៖ «សូមព្រះករុណាអនុញ្ញាតអោយយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីថ្វាយជាយញ្ញបូជា និងជាតង្វាយដុតទាំងមូល*ដល់ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ |
|
| 26 |
|
| យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយអោយនៅទីនេះទេ។ យើងខ្ញុំត្រូវថ្វាយពួកវាមួយចំនួនដល់ ព្រះអម្ចាស់ ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវថ្វាយសត្វណានៅឡើយ»។ |
|
| 27 |
|
| ព្រះអម្ចាស់ ធ្វើអោយស្ដេចផារ៉ោនមានព្រះហឫទ័យមានះ គឺមិនព្រមបើកអោយកូនចៅអ៊ីស្រាអែលចេញទៅទេ។ |
|
| 28 |
|
| ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកម៉ូសេថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកអោយយើងឃើញមុខទៀតអោយសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀត នោះអ្នកមុខជាស្លាប់ពុំខាន!»។ |
|
| 29 |
|
| លោកម៉ូសេតបថា៖ «ក្រាបទូល! ទូលបង្គំនឹងលែងជួបព្រះភក្ត្រព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន!»។ |
|
|
|
|