|
| 1 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យ នៅក្នុងចំណោមពួកគេ។ |
|
| 2 |
|
| ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា »។ |
|
| 3 |
|
| ម៉ូសា និងហារូនទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ថា៖ « អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិហេប្រឺ មានបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ |
|
| 4 |
|
| បើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្តូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។ |
|
| 5 |
|
| វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។ |
|
| 6 |
|
| វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នក រហូតមកទល់សព្វថ្ងៃ មិនដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ”»។ បន្ទាប់មក ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន។ |
|
| 7 |
|
| ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានជម្រាបស្តេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមស្តេចបើកឲ្យពួកគេចេញទៅគោរពបម្រើ អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេទៅ តើស្តេចមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។ |
|
| 8 |
|
| គេនាំម៉ូសា និងហារូន មកជួបស្តេចហ្វៀរ៉អ៊ូន ហើយស្តេចក៏មានប្រសាសន៍ថា៖ «ចូរនាំគ្នាទៅគោរពបម្រើ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។ |
|
| 9 |
|
| ម៉ូសាជម្រាបថា៖ «យើងខ្ញុំនឹងទៅទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យជូន អុលឡោះតាអាឡា »។ |
|
| 10 |
|
| ស្តេចមានប្រសាសន៍ថា៖ «យើងសូមស្បថក្នុងនាម អុលឡោះតាអាឡា ថា យើងមិនបើកឲ្យអ្នករាល់គ្នា នាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។ |
|
| 11 |
|
| ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗ ចេញទៅគោរពបម្រើ អុលឡោះតាអាឡា ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញអ្នកទាំងពីរចេញពីស្តេចហ្វៀរ៉អ៊ូន។ |
|
| 12 |
|
| ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្តូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។ |
|
| 13 |
|
| ម៉ូសាលើកដំបងរបស់គាត់ទៅលើស្រុកអេស៊ីប ហើយ អុលឡោះតាអាឡា ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើត នាំហ្វូងកណ្តូបមក។ |
|
| 14 |
|
| ហ្វូងកណ្តូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។ |
|
| 15 |
|
| វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។ |
|
| 16 |
|
| ពេលនោះ ស្តេចហ្វៀរ៉អ៊ូនក៏ប្រញាប់ហៅម៉ូសា និងហារូនមក ហើយប្រាប់ថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។ |
|
| 17 |
|
| ឥឡូវនេះ សុំអត់ទោសឲ្យយើងម្តងទៀតចុះ ហើយសូមអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។ |
|
| 18 |
|
| ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយទូរអាអង្វរ អុលឡោះតាអាឡា ។ |
|
| 19 |
|
| អុលឡោះតាអាឡា ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្តូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រក្រហមអស់ទៅ ដោយពុំទុកឲ្យមានសល់កណ្តូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។ |
|
| 20 |
|
| ប៉ុន្តែ អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ស្តេចមិនបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅទេ។ |
|
| 21 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្តប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។ |
|
| 22 |
|
| ម៉ូសាលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុង ក៏គ្របដណ្តប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។ |
|
| 23 |
|
| ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រអែលរស់នៅមានពន្លឺ។ |
|
| 24 |
|
| ស្តេចហ្វៀរ៉អ៊ូនក៏ឲ្យគេហៅម៉ូសាមក ហើយប្រាប់ថា៖ «ចូរនាំគ្នាទៅគោរពបម្រើ អុលឡោះតាអាឡា ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។ |
|
| 25 |
|
| ម៉ូសាជម្រាបស្តេចវិញថា៖ «សូមស្តេចអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីធ្វើគូរបាន និងគូរបានដុតជូន អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ។ |
|
| 26 |
|
| យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយ ឲ្យនៅទីនេះទេ។ យើងខ្ញុំត្រូវឲ្យពួកវាមួយចំនួនជូន អុលឡោះតាអាឡា ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវឲ្យសត្វណានៅឡើយ»។ |
|
| 27 |
|
| អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចេញទៅទេ។ |
|
| 28 |
|
| ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់ម៉ូសាថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកឲ្យយើងឃើញមុខទៀតឲ្យសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀត នោះអ្នកមុខជាស្លាប់ពុំខាន!»។ |
|
| 29 |
|
| ម៉ូសាតបថា៖ «បាទ! ខ្ញុំនឹងលែងជួបមុខស្តេច ដូចស្តេចមានប្រសាសន៍មែន!»។ |
|
|
|
|