|
| 1 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុននៅស្រុកអេស៊ីព្ទថា៖ |
|
| 2 |
|
| «ខែនេះ ជាខែដំបូង គឺជាខែដើមឆ្នាំសម្រាប់អ្នករាល់គ្នា។ |
|
| 3 |
|
| ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។ |
|
| 4 |
|
| បើផ្ទះណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមមួយអស់ នោះត្រូវចូលជាមួយអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀមមួយអស់។ |
|
| 5 |
|
| ត្រូវយកកូនចៀម ឬកូនពពែឈ្មោលល្អឥតខ្ចោះ មានអាយុមួយខួប។ |
|
| 6 |
|
| អ្នករាល់គ្នាត្រូវទុកវាដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបឲ្យក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលសម្លាប់វានៅពេលថ្ងៃលិច។ |
|
| 7 |
|
| ត្រូវយកឈាមរបស់វាប្រឡាក់នៅក្របទ្វារផ្ទះទាំងសងខាង និងលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគសាច់។ |
|
| 8 |
|
| គេត្រូវអាំងសាច់បរិភោគជាមួយនំបុ័ងឥតដំបែ និងបន្លែល្វីងនៅយប់នោះ។ |
|
| 9 |
|
| មិនត្រូវបរិភោគឆៅ ឬស្ងោរឡើយ គឺត្រូវអាំងឲ្យនៅជាប់ទាំងក្បាលទាំងជើង និងគ្រឿងក្នុងផង។ |
|
| 10 |
|
| កុំឲ្យមានសល់ដល់ព្រឹកស្អែក បើមានសល់អ្វីដល់ព្រឹកនោះ ត្រូវដុតចោល។ |
|
| 11 |
|
| ត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សបំផុត នេះជាពិធីបុណ្យរំលងរបស់ព្រះយេហូវ៉ា។ |
|
| 12 |
|
| នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីព្ទ ហើយវាយអស់ទាំងកូនច្បងក្នុងស្រុកអេស៊ីព្ទ ទាំងមនុស្សទាំងសត្វ យើងនឹងដាក់ទោសព្រះទាំងអស់របស់ស្រុកអេស៊ីព្ទ គឺយើងនេះជាព្រះយេហូវ៉ា។ |
|
| 13 |
|
| ឈាមនោះជាទីសម្គាល់សម្រាប់អ្នករាល់គ្នាដែលស្នាក់នៅក្នុងផ្ទះ ពេលយើងឃើញផ្ទះណាមានឈាម យើងនឹងរំលងផុតពីអ្នករាល់គ្នាទៅ ហើយគ្មានគ្រោះកាចណាបំផ្លាញអ្នករាល់គ្នា ក្នុងពេលដែលយើងវាយស្រុកអេស៊ីព្ទនោះឡើយ។ |
|
| 14 |
|
| ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវប្រារព្ធថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។ |
|
| 15 |
|
| ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។ |
|
| 16 |
|
| នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។ |
|
| 17 |
|
| អ្នករាល់គ្នាត្រូវកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនោះឯងដែលយើងបាននាំពួកពលរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ។ ដូច្នេះហើយបានជាអ្នករាល់គ្នាត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។ |
|
| 18 |
|
| នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួន រហូតដល់ល្ងាចថ្ងៃទីម្ភៃមួយក្នុងខែនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ |
|
| 19 |
|
| ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ បើអ្នកណាបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំសាសន៍អ៊ីស្រាអែល ទោះបើជាអ្នកប្រទេសក្រៅ ឬជាអ្នកស្រុកក្តី។ |
|
| 20 |
|
| មិនត្រូវបរិភោគអ្វីដែលមានដំបែ នៅក្នុងទីលំនៅទាំងប៉ុន្មានរបស់អ្នករាល់គ្នាឡើយ ត្រូវបរិភោគតែនំបុ័ងឥតដំបែម៉្យាងប៉ុណ្ណោះ»។ |
|
| 21 |
|
| លោកម៉ូសេបានហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មក ហើយប្រាប់ថា៖ «ចូរទៅរើសយកកូនចៀម សម្រាប់គ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់វាធ្វើបុណ្យរំលងទៅ។ |
|
| 22 |
|
| ចូរយកមែកហ៊ីសុបមួយកញ្ចុំ ជ្រលក់ក្នុងឈាមដែលនៅក្នុងផើង យកទៅលាបធ្នឹម និងក្របទ្វារទាំងសងខាង។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់ចេញទៅក្រៅទ្វារផ្ទះរបស់ខ្លួនឡើយ រហូតដល់ព្រឹក។ |
|
| 23 |
|
| ដ្បិតព្រះយេហូវ៉ានឹងយាងកាត់ស្រុក ដើម្បីវាយសាសន៍អេស៊ីព្ទ កាលណាព្រះអង្គទតឃើញឈាមប្រឡាក់នៅធ្នឹម និងក្របទ្វារទាំងសងខាង ព្រះអង្គនឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលទៅវាយអ្នករាល់គ្នានៅក្នុងផ្ទះឡើយ។ |
|
| 24 |
|
| អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ ទុកសម្រាប់ខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។ |
|
| 25 |
|
| កាលណាអ្នករាល់គ្នាបានចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រទានឲ្យអ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យា អ្នករាល់គ្នាត្រូវប្រារព្ធពិធីនេះកុំខាន។ |
|
| 26 |
|
| បើកាលណាកូនចៅអ្នករាល់គ្នាសួរថា "តើពិធីបុណ្យនេះមានន័យដូចម្តេច?" |
|
| 27 |
|
| អ្នករាល់គ្នាត្រូវឆ្លើយថា "នេះគឺជាយញ្ញបូជានៃពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គបានយាងរំលងផ្ទះនៃកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ កាលពីព្រះអង្គបានវាយសាសន៍អេស៊ីព្ទ តែបានប្រោសឲ្យពួកផ្ទះរបស់យើងរាល់គ្នារួចជីវិត"»។ នោះបណ្ដាជនក៏ឱនក្បាលចុះថ្វាយបង្គំ។ |
|
| 28 |
|
| បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។ |
|
| 29 |
|
| នៅកណ្ដាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាបានវាយកូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទ ចាប់ពីបុត្រច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសដែលនៅក្នុងគុក ព្រមទាំងកូនច្បងរបស់សត្វទាំងអស់ដែរ។ |
|
| 30 |
|
| ផារ៉ោនក៏តើនឡើងទាំងយប់ ព្រមទាំងពួកនាម៉ឺនមន្ត្រីទាំងអស់ និងសាសន៍អេស៊ីព្ទទាំងអស់ ហើយមានសម្រែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ។ |
|
| 31 |
|
| ពេលនោះ ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមកទាំងយប់ ហើយមានរាជឱង្ការថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីកណ្ដាលប្រជារាស្ត្ររបស់យើងទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំព្រះយេហូវ៉ា ដូចអ្នករាល់គ្នាបានសុំនោះទៅ! |
|
| 32 |
|
| ចូរនាំទាំងហ្វូងចៀម និងហ្វូងគោ ដូចដែលអ្នកបាននិយាយ ហើយចេញទៅ រួចឲ្យពរយើងផង!»។ |
|
| 33 |
|
| សាសន៍អេស៊ីព្ទក៏បង្ខំកូនចៅអ៊ីស្រាអែលឲ្យចេញពីស្រុកជាប្រញាប់ ដ្បិតគេពោលថា៖ «យើងមុខជាស្លាប់ទាំងអស់គ្នា»។ |
|
| 34 |
|
| កូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ និងផើងសម្រាប់លាយម្សៅ រុំក្នុងអាវ ហើយលីចេញទៅ។ |
|
| 35 |
|
| កូនចៅអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកម៉ូសេ គឺគេសុំគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ |
|
| 36 |
|
| ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ គឺបានប្រគល់អ្វីៗឲ្យតាមដែលគេសុំ ហើយគេបានបង្ហិនបង្ហោចសាសន៍អេស៊ីព្ទបែបដូច្នេះឯង។ |
|
| 37 |
|
| កូនចៅអ៊ីស្រាអែលបានចេញដំណើរពីក្រុងរ៉ាមសេសដើរដោយជើង ទៅដល់ក្រុងស៊ូកូថ មានចំនួនប្រុសៗប្រមាណជាប្រាំមួយសែននាក់ ឥតរាប់ស្ត្រី និងកូនក្មេងឡើយ។ |
|
| 38 |
|
| មានបណ្ដាជនដទៃទៀតជាច្រើនបានឡើងទៅជាមួយពួកគេដែរ ព្រមទាំងហ្វូងចៀម ហ្វូងគោ គឺហ្វូងសត្វយ៉ាងសន្ធឹកសន្ធាប់។ |
|
| 39 |
|
| គេនាំគ្នាយកម្សៅដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយ ព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះមិនអាចបង្អែបង្អង់បានទេ ក៏មិនបានរៀបចំម្ហូបម្ហាសម្រាប់តាមផ្លូវឡើយ។ |
|
| 40 |
|
| កូនចៅអ៊ីស្រាអែលបានរស់នៅស្រុកអេស៊ីព្ទ អស់រយៈពេលបួនរយសាមសិបឆ្នាំ។ |
|
| 41 |
|
| លុះផុតរយៈពេលបួនរយសាមសិបឆ្នាំនោះទៅ នៅថ្ងៃផុតកំណត់នោះឯង ពួកពលរបស់ព្រះយេហូវ៉ាក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទ។ |
|
| 42 |
|
| នោះជាយប់មួយដែលត្រូវចាំយាមថ្វាយព្រះយេហូវ៉ា ព្រោះព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីព្ទ យប់នោះហើយជាយប់ចាំយាមដែលកូនចៅអ៊ីស្រាអែលទាំងអស់ ត្រូវគោរពនៅចំពោះព្រះយេហូវ៉ា គ្រប់តំណតរៀងទៅ។ |
|
| 43 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «នេះជាច្បាប់សម្រាប់បុណ្យរំលង គឺមិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគអាហារបុណ្យរំលងឡើយ |
|
| 44 |
|
| តែបាវបម្រើដែលអ្នករាល់គ្នាបានទិញមក នោះគេអាចបរិភោគបាន ក្រោយពីបានទទួលពិធីកាត់ស្បែកហើយ |
|
| 45 |
|
| ឯអ្នកប្រទេសក្រៅ ឬជើងឈ្នួល នោះមិនអាចបរិភោគបានឡើយ។ |
|
| 46 |
|
| ត្រូវបរិភោគនៅក្នុងផ្ទះតែមួយ មិនត្រូវយកសាច់ចេញទៅក្រៅផ្ទះ ហើយមិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ |
|
| 47 |
|
| ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលត្រូវប្រារព្ធពិធីបុណ្យនេះ។ |
|
| 48 |
|
| ប្រសិនបើអ្នកប្រទេសក្រៅដែលរស់នៅជាមួយអ្នករាល់គ្នា ហើយចង់ចូលរួមពិធីបុណ្យរំលងនេះថ្វាយព្រះយេហូវ៉ាដែរ នោះប្រុសៗរបស់គេត្រូវទទួលពិធីកាត់ស្បែកសិន ទើបចូលមកប្រារព្ធពិធីបុណ្យនេះបាន ហើយអ្នកនោះនឹងត្រូវបានចាត់ទុកដូចជាអ្នកស្រុកដែរ តែអ្នកណាដែលមិនកាត់ស្បែក មិនអាចបរិភោគអាហារបុណ្យរំលងបានឡើយ។ |
|
| 49 |
|
| គឺមានច្បាប់តែមួយប៉ុណ្ណោះសម្រាប់អ្នកស្រុក និងពួកអ្នកស្រុកក្រៅដែលរស់នៅជាមួយអ្នករាល់គ្នា»។ |
|
| 50 |
|
| កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។ |
|
| 51 |
|
| នៅថ្ងៃកំណត់នោះឯង ព្រះយេហូវ៉ាបាននាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ។ |
|
|
|
|