|
| 1 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 2 |
|
| «ក្នុងចំណោមកូនចៅអ៊ីស្រាអែល ត្រូវញែកកូនច្បងទាំងអស់សម្រាប់យើង គឺកូនដំបូងទាំងអស់ដែលកើតពីពោះម្តាយ ទោះមនុស្ស ឬសត្វក្ដី នោះជារបស់យើង»។ |
|
| 3 |
|
| លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។ |
|
| 4 |
|
| គឺនៅថ្ងៃនេះ ក្នុងខែអាប៊ីប ដែលអ្នករាល់គ្នាចេញដំណើរ។ |
|
| 5 |
|
| កាលណាព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី និងសាសន៍យេប៊ូស ដែលព្រះអង្គបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះ នៅក្នុងខែនេះឯង។ |
|
| 6 |
|
| អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវឲ្យមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា។ |
|
| 7 |
|
| ក្នុងអំឡុងពេលប្រាំពីរថ្ងៃទាំងនោះ ត្រូវបរិភោគតែនំបុ័ងឥតដំបែប៉ុណ្ណោះ មិនត្រូវឲ្យឃើញនំបុ័ងមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ ក៏មិនត្រូវឲ្យឃើញមានដំបែណានៅក្នុងទឹកដីរបស់អ្នករាល់គ្នាដែរ។ |
|
| 8 |
|
| នៅថ្ងៃនោះ ត្រូវប្រាប់កូនរបស់អ្នករាល់គ្នាថា "ពួកយើងធ្វើបុណ្យនេះ ដោយព្រោះការដែលព្រះយេហូវ៉ាបានប្រោសពួកយើង នៅពេលពួកយើងចេញពីស្រុកអេស៊ីព្ទ"។ |
|
| 9 |
|
| ពិធីនេះនឹងបានជាទីសម្គាល់មួយនៅដៃអ្នករាល់គ្នា និងជាសេចក្ដីរំឭកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ។ |
|
| 10 |
|
| ដូច្នេះ រៀងរាល់តែឆ្នាំ ពេលដល់ថ្ងៃកំណត់ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ។ |
|
| 11 |
|
| កាលណាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់សាសន៍កាណាន ដូចព្រះអង្គបានស្បថនឹងអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងប្រទានស្រុកនោះឲ្យអ្នករាល់គ្នា |
|
| 12 |
|
| នោះត្រូវញែកអស់ទាំងកូនដំបូងដែលកើតពីពោះ ថ្វាយព្រះយេហូវ៉ា។ កូនដំបូងទាំងអស់ដែលកើតពីហ្វូងសត្វរបស់អ្នករាល់គ្នា បើជាឈ្មោល នោះនឹងបានជារបស់ព្រះយេហូវ៉ា។ |
|
| 13 |
|
| ប៉ុន្តែ គ្រប់ទាំងកូនដំបូងរបស់សត្វលា ត្រូវថ្វាយកូនចៀមជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនប្រុសច្បង ក្នុងចំណោមកូនរបស់អ្នករាល់គ្នា នោះក៏ត្រូវលោះដែរ។ |
|
| 14 |
|
| រួចនៅពេលខាងមុខ បើកូនអ្នករាល់គ្នាសួរថា "តើនេះមានន័យដូចម្ដេច?" ត្រូវឆ្លើយថា "ព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ដោយព្រះហស្តដ៏ខ្លាំងពូកែ។ |
|
| 15 |
|
| ដ្បិតកាលផារ៉ោនបានតាំងព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យពួកយើងចេញ នោះព្រះយេហូវ៉ាបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមកដំបូង ជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនប្រុសច្បងរបស់ពួកយើង នោះពួកយើងលោះវិញ"។ |
|
| 16 |
|
| នេះនឹងបានជាទីសម្គាល់នៅលើដៃ និងជាស្លាកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ»។ |
|
| 17 |
|
| កាលផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ នោះព្រះទ្រង់មិនបាននាំគេតាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់នឹកគិតថា៖ «ប្រសិនបើគេប្រទះនឹងចម្បាំង នោះគេអាចដូរគំនិត ហើយត្រឡប់ទៅស្រុកអេស៊ីព្ទវិញ»។ |
|
| 18 |
|
| ដូច្នេះ ព្រះបាននាំគេតាមផ្លូវវាង ឆ្លងកាត់ទីរហោស្ថាន ឆ្ពោះទៅសមុទ្រក្រហម ។ កូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅ ទាំងកាន់គ្រឿងសស្ត្រាវុធ។ |
|
| 19 |
|
| លោកម៉ូសេបានយកឆ្អឹងរបស់លោកយ៉ូសែបទៅជាមួយដែរ ដ្បិតលោកយ៉ូសែបបានចាប់ឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយប្រាប់ថា «ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយពេលនោះ ត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះទៅជាមួយផង» ។ |
|
| 20 |
|
| គេក៏ចេញពីក្រុងស៊ូកូថ ទៅបោះជំរំនៅត្រង់អេថាម នៅជាយទីរហោស្ថាន។ |
|
| 21 |
|
| នៅពេលថ្ងៃ ព្រះយេហូវ៉ាតែងយាងនៅមុខគេក្នុងបង្គោលពពក ហើយនៅពេលយប់ ព្រះអង្គយាងក្នុងបង្គោលភ្លើង ដើម្បីបំភ្លឺគេ ដើម្បីឲ្យគេអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់។ |
|
| 22 |
|
| ឯបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់ នោះមិនដែលចាកចេញពីពួកគេឡើយ។ |
|
|
|
|