|
| 1 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ |
|
| 2 |
|
| «ចូរប្រាប់ជនជាតិអ៊ីស្រអែលឲ្យវិលមកបោះជំរំ នៅក្បែរពីហាហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេផុន គឺនៅតាមឆ្នេរសមុទ្រ។ |
|
| 3 |
|
| ស្តេចហ្វៀរ៉អ៊ូននឹងគិតថា អ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលហោស្ថានឡើយ។ |
|
| 4 |
|
| យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះយើងនឹងទទួលសិរីរុងរឿង ដោយវាយកំទេចស្តេចហ្វៀរ៉អ៊ូន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា »។ ជនជាតិអ៊ីស្រអែលក៏នាំគ្នាធ្វើតាមបន្ទូលរបស់ទ្រង់។ |
|
| 5 |
|
| មានគេជម្រាបស្តេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្តេច និងនាម៉ឺនមន្ត្រី ដូរគំនិត ចំពោះប្រជាជនអ៊ីស្រអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្តោយឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។ |
|
| 6 |
|
| ស្តេចហ្វៀរ៉អ៊ូនក៏ឲ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរទៅជាមួយ។ |
|
| 7 |
|
| ស្តេចបានយករទេះចំបាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។ |
|
| 8 |
|
| អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីបមានចិត្តមានះ ហើយដេញតាមជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។ |
|
| 9 |
|
| កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ស្តេចហ្វៀរ៉អ៊ូន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាននាំគ្នាដេញតាមជនជាតិអ៊ីស្រអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។ |
|
| 10 |
|
| កាលឃើញស្តេចហ្វៀរ៉អ៊ូន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររក អុលឡោះតាអាឡា ។ |
|
| 11 |
|
| ពួកគេពោលទៅកាន់ម៉ូសាថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាអ្នកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប។ |
|
| 12 |
|
| កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់អ្នកហើយថា: ទុកឲ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។ |
|
| 13 |
|
| ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញ អុលឡោះតាអាឡា សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។ |
|
| 14 |
|
| ចូរនាំគ្នានៅស្ងៀមចុះ ដ្បិត អុលឡោះតាអាឡា នឹងច្បាំងជំនួសអ្នករាល់គ្នា»។ |
|
| 15 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រអែល ឲ្យចេញដំណើរទៅ។ |
|
| 16 |
|
| ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រអែលដើរតាមបាតសមុទ្រ។ |
|
| 17 |
|
| រីឯយើងវិញ យើងធ្វើឲ្យជនជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសំដែងសិរីរុងរឿងរបស់យើង ដោយប្រហារស្តេចហ្វៀរ៉អ៊ូន និងពលទ័ពទាំងមូល ព្រមទាំងកំទេចរទេះចំបាំង និងទ័ពសេះរបស់ស្តេច។ |
|
| 18 |
|
| នៅពេលដែលយើងសំដែងសិរីរុងរឿង ដោយប្រហារស្តេចហ្វៀរ៉អ៊ូន ព្រមទាំងកំទេចរទេះចំបាំង និងទ័ពសេះរបស់ស្តេច នោះជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា »។ |
|
| 19 |
|
| ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពកដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។ |
|
| 20 |
|
| ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។ |
|
| 21 |
|
| ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ អុលឡោះតាអាឡា ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា |
|
| 22 |
|
| ហើយជនជាតិអ៊ីស្រអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រ ដូចកំពែងនៅសងខាងពួកគេ។ |
|
| 23 |
|
| កងទ័ពអេស៊ីប ទាំងសេះរបស់ស្តេចហ្វៀរ៉អ៊ូន ទាំងរទេះចំបាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្តាលសមុទ្រដែរ។ |
|
| 24 |
|
| លុះពេលទៀបភ្លឺ អុលឡោះតាអាឡា ដែលនៅក្នុងដុំភ្លើង និងដុំពពកមើលទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។ |
|
| 25 |
|
| អុលឡោះធ្វើឲ្យរទេះចំបាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រអែលទៅ ដ្បិត អុលឡោះតាអាឡា រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។ |
|
| 26 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឲ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចំបាំង និងទ័ពសេះរបស់ពួកគេ»។ |
|
| 27 |
|
| ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិត អុលឡោះតាអាឡា ធ្វើឲ្យពួកគេលិចលង់នៅកណ្តាលសមុទ្រ។ |
|
| 28 |
|
| ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចំបាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ស្តេចហ្វៀរ៉អ៊ូនដែលដេញតាមជនជាតិអ៊ីស្រអែល គ្មាននរណាម្នាក់រត់រួចឡើយ។ |
|
| 29 |
|
| ចំណែកឯជនជាតិអ៊ីស្រអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ |
|
| 30 |
|
| នៅថ្ងៃនោះ អុលឡោះតាអាឡា បានសង្គ្រោះជនជាតិអ៊ីស្រអែល ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រអែល ឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។ |
|
| 31 |
|
| ជនជាតិអ៊ីស្រអែលឃើញអំណាចដ៏ខ្លាំងពូកែរបស់ អុលឡោះតាអាឡា ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាច អុលឡោះតាអាឡា ។ ពួកគេជឿលើ អុលឡោះតាអាឡា និងម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ |
|
|
|
|