|
| 1 |
|
| លោកម៉ូសេ និងជនជាតិអ៊ីស្រាអែល នាំគ្នាច្រៀងថ្វាយ ព្រះអម្ចាស់ ដូចតទៅ៖ ទូលបង្គំច្រៀងថ្វាយ ព្រះអម្ចាស់ ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់ ព្រះអង្គបានធ្វើអោយសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ! |
|
| 2 |
|
| ព្រះអម្ចាស់ ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះទូលបង្គំ ព្រះអង្គជាព្រះរបស់ទូលបង្គំ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ។ ព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះអង្គ។ |
|
| 3 |
|
| ព្រះអម្ចាស់ ជាវីរបុរសដ៏អង់អាច ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់ ។ |
|
| 4 |
|
| ព្រះអង្គបានធ្វើអោយរទេះចំបាំង និងកងទ័ពរបស់ស្ដេចផារ៉ោន វិនាសនៅក្នុងសមុទ្រ។ នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប បានលង់ក្នុងសមុទ្រកក់។ |
|
| 5 |
|
| ទឹកសមុទ្រក៏គ្របពីលើពួកគេ ពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។ |
|
| 6 |
|
| ព្រះអម្ចាស់ អើយ! ព្រះអង្គមានព្រះបារមី ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកំទេចខ្មាំងសត្រូវ ដោយព្រះបារមីរបស់ព្រះអង្គ។ |
|
| 7 |
|
| ព្រះអង្គប្រកបដោយព្រះចេស្ដា រុងរឿងក្រៃលែង ព្រះអង្គផ្ដួលរំលំអស់អ្នកប្រឆាំងនឹងព្រះអង្គ។ ពេលព្រះពិរោធរបស់ព្រះអង្គឆាបឆេះឡើង នោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។ |
|
| 8 |
|
| ពេលខ្យល់របស់ព្រះអង្គបក់បោកមក ផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើង ដូចទំនប់ ទឹកដែលនៅទីជំរៅ ក៏មកកកកុញ នៅបាតសមុទ្រដែរ។ |
|
| 9 |
|
| ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជយភ័ណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។ |
|
| 10 |
|
| ព្រះអង្គបានផ្លុំខ្យល់ ធ្វើអោយទឹកសមុទ្រ គ្របទៅលើពួកគេ! ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។ |
|
| 11 |
|
| ព្រះអម្ចាស់ អើយ តើមានព្រះណាអាចផ្ទឹមនឹង ព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ ព្រះអង្គជាព្រះគួរអោយកោតស្ញប់ស្ញែង គួរសរសើរតម្កើង ព្រះអង្គសំដែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។ |
|
| 12 |
|
| ពេលព្រះអង្គលើកព្រះហស្ដស្ដាំឡើង ដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។ |
|
| 13 |
|
| ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ! ហើយដឹកនាំពួកគេ ព្រះអង្គប្រើព្រះចេស្ដារបស់ព្រះអង្គ នាំពួកគេ ឆ្ពោះទៅកាន់ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។ |
|
| 14 |
|
| ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រ អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត |
|
| 15 |
|
| មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។ |
|
| 16 |
|
| ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ ព្រះអម្ចាស់ អើយ ពេលឃើញព្រះអង្គសំដែងព្រះបារមីដ៏ខ្លាំងក្លា ពួកគេភាំងស្មារតី និយាយលែងចេញ រហូតទាល់តែប្រជារាស្ត្ររបស់ព្រះអង្គឆ្លងផុត គឺប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុតទៅ។ |
|
| 17 |
|
| ព្រះអម្ចាស់ អើយ ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គបានរៀបចំសំរាប់គង់នៅ។ ព្រះអម្ចាស់អើយ ព្រះអង្គបានសង់ទីសក្ការៈ រស់ព្រះអង្គឡើង ដោយព្រះហស្ដព្រះអង្គផ្ទាល់។ |
|
| 18 |
|
| ព្រះអម្ចាស់ នឹងគ្រងរាជ្យអស់កល្បជានិច្ច រហូតតរៀងទៅ។ |
|
| 19 |
|
| ពេលដែលសេះរបស់ស្ដេចផារ៉ោន រទេះចំបាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ ព្រះអម្ចាស់ បានធ្វើអោយទឹកសមុទ្រហូរមកវិញ គ្របពីលើពួកគេ តែជនជាតិអ៊ីស្រាអែលដើរតាមបាតសមុទ្រ។ |
|
| 20 |
|
| ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។ |
|
| 21 |
|
| លោកស្រីម៉ារាមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងថ្វាយ ព្រះអម្ចាស់ ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់ ព្រះអង្គបានធ្វើអោយសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។ |
|
| 22 |
|
| លោកម៉ូសេនាំជនជាតិអ៊ីស្រាអែលចេញពីសមុទ្រកក់ ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។ |
|
| 23 |
|
| លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។ |
|
| 24 |
|
| ប្រជាជននាំគ្នារអ៊ូរទាំដាក់លោកម៉ូសេថា៖ «តើពួកយើងបានអ្វីផឹក?»។ |
|
| 25 |
|
| លោកម៉ូសេស្រែកអង្វរ ព្រះអម្ចាស់ ព្រះអង្គក៏បង្ហាញឈើមួយប្រភេទដល់លោក។ លោកម៉ូសេបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ ព្រះអម្ចាស់ ប្រទានច្បាប់ និងវិន័យដល់ប្រជាជនអ៊ីស្រាអែល ហើយព្រះអង្គក៏បានល្បងលមើលពួកគេដែរ។ |
|
| 26 |
|
| ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្ដាប់បទបញ្ជា និងកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើអោយអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជា ព្រះអម្ចាស់ ដែលប្រោសអោយអ្នករាល់គ្នាជា»។ |
|
| 27 |
|
| ជនជាតិអ៊ីស្រាអែលបានមកដល់អេលីម។ នៅទីនោះ មានប្រភពទឹកចំនួនដប់ពីរ ព្រមទាំងមានលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំនៅក្បែរមាត់ទឹក។ |
|
|
|
|