|
| 1 |
|
| បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។ |
|
| 2 |
|
| ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។ |
|
| 3 |
|
| ព្រះយេហូវ៉ាជាអ្នកចម្បាំង ព្រះអង្គមានព្រះនាមថាព្រះយេហូវ៉ា។ |
|
| 4 |
|
| ព្រះអង្គបានបោះអស់ទាំងរទេះ និងកងទ័ពរបស់ផារ៉ោនទៅក្នុងសមុទ្រ ពួកមេទ័ពជម្រើសរបស់ស្ដេច ក៏បានលង់ក្នុងសមុទ្រក្រហម ។ |
|
| 5 |
|
| ទឹកសមុទ្របានគ្របគេបាត់ គេបានធ្លាក់ចុះទៅដល់បាតសមុទ្រ ដូចជាដុំថ្ម។ |
|
| 6 |
|
| ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គមានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គបានបំបាក់សត្រូវខ្ទេចខ្ទី។ |
|
| 7 |
|
| ព្រះអង្គបានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងព្រះអង្គ ដោយឫទ្ធានុភាពដ៏ធំរបស់ព្រះអង្គ ព្រះអង្គបានបញ្ចេញសេចក្ដីក្រោធរបស់ព្រះអង្គ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចភ្លើងឆេះជញ្ជ្រាំង។ |
|
| 8 |
|
| ដោយសារកម្លាំងខ្យល់ពីព្រះនាសាព្រះអង្គ ទឹកក៏ឈរឡើងជាគំនរ ទឹកធំបានពូនឡើងដូចកំផែង អស់ទាំងទីជម្រៅក៏បានកកខះនៅបាតសមុទ្រ។ |
|
| 9 |
|
| ខ្មាំងសត្រូវពោលថា "អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ"។ |
|
| 10 |
|
| តែព្រះអង្គបានផ្លុំដោយខ្យល់ដង្ហើមរបស់ព្រះអង្គ នោះសមុទ្របានគ្របគេបាត់ គេលិចចុះទៅក្នុងទឹកធំ ដូចជាដុំសំណ។ |
|
| 11 |
|
| ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ? |
|
| 12 |
|
| ព្រះអង្គបានលើកព្រះហស្តស្តាំឡើង នោះផែនដីក៏ស្រូបគេបាត់ទៅ។ |
|
| 13 |
|
| ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នោះព្រះអង្គបាននាំប្រជារាស្ត្រ ដែលព្រះអង្គបានប្រោសលោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធដោយព្រះបារមី។ |
|
| 14 |
|
| គ្រប់ទាំងសាសន៍បានឮ ហើយញាប់ញ័រ ឯសាសន៍ភីលីស្ទីនក៏មានសេចក្ដីភ័យខ្លាច។ |
|
| 15 |
|
| ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ ហើយមនុស្សទាំងអស់ ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។ |
|
| 16 |
|
| សេចក្ដីស្ញែងខ្លាច និងសេចក្ដីថប់បារម្ភគ្របសង្កត់លើគេ គេបានទៅជាគ ដូចជាថ្ម ដោយសារភាពអស្ចារ្យនៃព្រះពាហុរបស់ព្រះអង្គ រហូតទាល់តែប្រជារាស្ត្រព្រះអង្គឆ្លងផុត ឱព្រះយេហូវ៉ាអើយ គឺទាល់តែប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុត។ |
|
| 17 |
|
| ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងនាំគេចូលទៅដាំនៅលើភ្នំ ជាមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គរៀបចំទុក ជាទីលំនៅរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធ ដែលព្រះហស្តព្រះអង្គបានសាង។ |
|
| 18 |
|
| ព្រះយេហូវ៉ានឹងសោយរាជ្យជារៀងរហូត អស់កល្បជានិច្ច»។ |
|
| 19 |
|
| ដ្បិតអស់ទាំងសេះរបស់ផារ៉ោន បានចូលទៅក្នុងសមុទ្រ នាំយកទាំងរទេះ និងពលសេះរបស់ស្ដេចចូលទៅក្នុងសមុទ្រ ហើយព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រត្រឡប់មកគ្របលើគេ តែកូនចៅអ៊ីស្រាអែលបានដើរកណ្ដាលសមុទ្រ តាមដីគោកវិញ។ |
|
| 20 |
|
| ពេលនោះ ហោរាម៉ារាម បងស្រីរបស់លោកអើរ៉ុន យកក្រាប់មកកាន់នៅដៃ ហើយស្ត្រីទាំងអស់ក៏ចេញទៅតាម ទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេង។ |
|
| 21 |
|
| លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។ |
|
| 22 |
|
| បន្ទាប់មក លោកម៉ូសេក៏នាំពួកអ៊ីស្រាអែលចេញពីសមុទ្រក្រហម ហើយគេធ្វើដំណើរចូលទៅទីរហោស្ថានស៊ើរ។ គេដើរក្នុងទីរហោស្ថានអស់បីថ្ងៃ ហើយមិនឃើញមានទឹកសោះ។ |
|
| 23 |
|
| កាលគេទៅដល់ម៉ារ៉ាហើយ ក៏ផឹកទឹកម៉ារ៉ាមិនបាន ដ្បិតទឹកនោះល្វីង ហេតុនោះហើយបានជាគេហៅកន្លែងនោះថា "ម៉ារ៉ា" ។ |
|
| 24 |
|
| បណ្ដាជនក៏ត្អូញត្អែរដាក់លោកម៉ូសេថា៖ «តើយើងបានអ្វីផឹក?» |
|
| 25 |
|
| លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាក៏បង្ហាញឲ្យលោកឃើញឈើមួយកំណាត់ លោកបោះឈើនោះទៅក្នុងទឹក ហើយទឹកក៏ត្រឡប់ទៅជាសាបវិញ។ នៅទីនោះ ព្រះយេហូវ៉ាបានធ្វើច្បាប់ និងបញ្ញត្តិសម្រាប់គេ ហើយព្រះអង្គក៏ល្បងលគេដែរ។ |
|
| 26 |
|
| ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។ |
|
| 27 |
|
| បន្ទាប់មក គេក៏ទៅដល់អេលីម ជាទីដែលមានក្បាលទឹកដប់ពីរ មានដើមលម៉ើចិតសិបដើម ហើយគេក៏បោះជំរំនៅទីនោះ ក្បែរមាត់ទឹក។ |
|
|
|
|