|
| 1 |
|
| សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ |
|
| 2 |
|
| នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។ |
|
| 3 |
|
| ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើ ព្រះអម្ចាស់ ប្រហារពួកយើងនៅទីនោះ ប្រសើរជាងអោយលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។ |
|
| 4 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្ដល់អាហារពីលើមេឃមកអោយអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សំរាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីអោយដឹងថា គេគោរពក្រឹត្យវិន័យរបស់យើងឬទេ? |
|
| 5 |
|
| នៅថ្ងៃទីប្រាំមួយ ពេលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតា មួយជាពីរ»។ |
|
| 6 |
|
| លោកម៉ូសេ និងលោកអើរ៉ុន ប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺ ព្រះអម្ចាស់ ទេតើ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ |
|
| 7 |
|
| ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យ ដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។ |
|
| 8 |
|
| លោកម៉ូសេមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ ព្រះអម្ចាស់ នឹងប្រទានសាច់អោយអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ព្រះអង្គនឹងប្រទាននំបុ័ងអោយអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យ ដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ ព្រះអម្ចាស់ វិញ»។ |
|
| 9 |
|
| លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូល អោយចូលមកគាល់ ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។ |
|
| 10 |
|
| នៅពេលលោកអើរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថាន ឃើញសិរីរុងរឿងរបស់ ព្រះអម្ចាស់ លេចមកនៅក្នុងពពក។ |
|
| 11 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 12 |
|
| «យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំបុ័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ |
|
| 13 |
|
| ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។ |
|
| 14 |
|
| នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។ |
|
| 15 |
|
| ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែល ព្រះអម្ចាស់ ប្រទានអោយអ្នករាល់គ្នាបរិភោគ។ |
|
| 16 |
|
| ព្រះអម្ចាស់ បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសំរាប់ម្នាក់»។ |
|
| 17 |
|
| ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។ |
|
| 18 |
|
| បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។ |
|
| 19 |
|
| លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវអោយនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។ |
|
| 20 |
|
| ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្ដាប់តាមលោកម៉ូសេទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្ដាលអោយទៅជាស្អុយរលួយ។ លោកម៉ូសេខឹងនឹងពួកគេ។ |
|
| 21 |
|
| ចាប់ពីពេលនោះមក រៀងរាល់ព្រឹក ពួកគេរើសអាហារល្មមដែលខ្លួនអាចបរិភោគឆ្អែត។ ពេលថ្ងៃរះពេញកំដៅ អាហារដែលនៅសល់ក៏រលាយបាត់អស់។ |
|
| 22 |
|
| នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជំរាបលោកម៉ូសេ។ |
|
| 23 |
|
| លោកប្រាប់ពួកគេវិញថា៖ « ព្រះអម្ចាស់ បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយ ព្រះអម្ចាស់ ចូរចំអិនអ្វីដែលអ្នករាល់គ្នាត្រូវចំអិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ |
|
| 24 |
|
| ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។ |
|
| 25 |
|
| លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សំរាប់គោរព ព្រះអម្ចាស់ ។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។ |
|
| 26 |
|
| អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នឹងគ្មានអ្វីរើសទេ»។ |
|
| 27 |
|
| ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទីប្រាំពីរ ក៏មានប្រជាជនខ្លះចេញពីជំរំ ដើម្បីទៅរើសអាហារ តែពួកគេរកពុំបានសោះ។ |
|
| 28 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់បទបញ្ជា និងវិន័យ*របស់យើងដល់កាលណាទៀត? |
|
| 29 |
|
| ត្រូវចងចាំថា យើងជា ព្រះអម្ចាស់ បានប្រគល់ថ្ងៃសប្ប័ទអោយអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងអោយអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរ ម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។ |
|
| 30 |
|
| ហេតុនេះ ប្រជាជននាំគ្នាឈប់សំរាក នៅថ្ងៃទីប្រាំពីរ។ |
|
| 31 |
|
| កូនចៅអ៊ីស្រាអែលហៅអាហារនោះថា “នំម៉ាណា”។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។ |
|
| 32 |
|
| លោកម៉ូសេមានប្រសាសន៍ថា៖ « ព្រះអម្ចាស់ បង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយអោយពេញ ហើយរក្សាទុក សំរាប់អោយកូនចៅអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងអោយអ្នករាល់គ្នាបរិភោគ ក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ |
|
| 33 |
|
| លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាអោយពេញ រួចយកថូទៅតម្កល់នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ដើម្បីរក្សាទុកសំរាប់កូនចៅជំនាន់ក្រោយ»។ |
|
| 34 |
|
| លោកអើរ៉ុនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់លោកម៉ូសេ។ |
|
| 35 |
|
| ជនជាតិអ៊ីស្រាអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។ |
|
| 36 |
|
| រីឯរង្វាល់ សំរាប់វាល់នំម៉ាណានោះ គឺអូម៊ែរ* ស្មើមួយភាគដប់នៃអេផា*។ |
|
|
|
|