|
| 1 |
|
| សហគមន៍អ៊ីស្រាអែលទាំងមូលចាកចេញពីវាលរហោស្ថានស៊ីន តាមបង្គាប់ ព្រះអម្ចាស់ ។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសំរាប់ប្រជាជនបរិភោគទេ។ |
|
| 2 |
|
| ដូច្នេះ ពួកគេរករឿងឈ្លោះនឹងលោកម៉ូសេ ទាំងពោលថា៖ «សូមរកទឹកអោយពួកយើងផឹកផង!»។ លោកម៉ូសេឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងល ព្រះអម្ចាស់ ដូច្នេះ?»។ |
|
| 3 |
|
| នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ ទាំងពោលថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប អោយពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើងស្លាប់ដោយអត់ទឹកដូច្នេះ?»។ |
|
| 4 |
|
| លោកម៉ូសេស្រែកអង្វរ ព្រះអម្ចាស់ ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្ដេចចំពោះប្រជាជននេះ? បន្តិចទៀត ពួកគេនឹងយកដុំថ្មគប់សម្លាប់ទូលបង្គំជាពុំខាន»។ |
|
| 5 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេវិញថា៖ «ចូរដើរទៅខាងមុខប្រជាជន ដោយនាំពួកព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយ ហើយកាន់ដំបង ដែលអ្នកវាយទឹកទន្លេនីល ទៅជាមួយផង។ |
|
| 6 |
|
| នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមក សំរាប់ប្រជាជនបរិភោគ»។ លោកម៉ូសេក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។ |
|
| 7 |
|
| លោកដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រាអែលរករឿងឈ្លោះនឹងលោកម៉ូសេ ព្រមទាំងល្បងល ព្រះអម្ចាស់ ដោយពោលថា «តើ ព្រះអម្ចាស់ គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន?»។ |
|
| 8 |
|
| ជនជាតិអាម៉ាឡេកនាំគ្នាមកវាយជនជាតិអ៊ីស្រាអែលនៅរេផិឌីម។ |
|
| 9 |
|
| លោកម៉ូសេពោលទៅកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែក ខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះជាម្ចាស់»។ |
|
| 10 |
|
| លោកយ៉ូស្វេក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់លោកម៉ូសេ។ ចំណែកលោកម៉ូសេ លោកអើរ៉ុន និងលោកហ៊ើរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។ |
|
| 11 |
|
| កាលណាលោកម៉ូសេលើកដៃឡើងលើ ជនជាតិអ៊ីស្រាអែលមានប្រៀបជាង ប៉ុន្តែ កាលណាលោកទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។ |
|
| 12 |
|
| ដោយដៃរបស់លោកម៉ូសេចុកស្រពន់ ពួកគេក៏យកថ្មមកជូនលោកអង្គុយ។ លោកអើរ៉ុន និងលោកហ៊ើរ ទ្រដៃលោកម្ខាងម្នាក់ ជាហេតុធ្វើអោយលោកម៉ូសេអាចលើកដៃបាន រហូតដល់ថ្ងៃលិច។ |
|
| 13 |
|
| ដូច្នេះ លោកយ៉ូស្វេមានជ័យជំនះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។ |
|
| 14 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកអោយអស់ពីផែនដី ឥតអោយនរណានឹកចាំពីពួកគេទៀតឡើយ»។ |
|
| 15 |
|
| ពេលនោះ លោកម៉ូសេសង់អាសនៈមួយ រួចដាក់ឈ្មោះថា « ព្រះអម្ចាស់ ជាទង់ជ័យរបស់ខ្ញុំ»។ |
|
| 16 |
|
| លោកប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់ ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។ |
|
|
|
|