|
| 1 |
|
| លោកយេត្រូជាបូជាចារ្យនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើចំពោះលោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ គឺ ព្រះអម្ចាស់ បាននាំពួកគេចេញពីស្រុកអេស៊ីប។ |
|
| 2 |
|
| លោកយេត្រូ ជាឪពុកក្មេក ក៏នាំលោកស្រីសេផូរ៉ា ជាភរិយារបស់លោកម៉ូសេ ដែលលោកម៉ូសេបានអោយត្រឡប់ទៅស្រុកវិញ |
|
| 3 |
|
| ព្រមទាំងកូនប្រុសរបស់លោកទាំងពីរនាក់មកជាមួយដែរ។ កូនប្រុសច្បងឈ្មោះ គើសម ដ្បិតលោកម៉ូសេគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។ |
|
| 4 |
|
| ចំណែកកូនប្អូន មានឈ្មោះថាអេលាស៊ើរ ដ្បិតលោកម៉ូសេគិតថា ព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ព្រះអង្គបានការពារខ្ញុំអោយរួចពីមុខដាវរបស់ស្ដេចផារ៉ោន។ |
|
| 5 |
|
| លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និងភរិយារបស់លោកម៉ូសេ ដើម្បីមកជួបលោកម៉ូសេនៅវាលរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះជាម្ចាស់។ |
|
| 6 |
|
| លោកយេត្រូអោយគេមកប្រាប់លោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបលោក»។ |
|
| 7 |
|
| លោកម៉ូសេចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះលោក ហើយថើបលោកទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។ |
|
| 8 |
|
| លោកម៉ូសេរៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ បានធ្វើចំពោះព្រះចៅផារ៉ោន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រាអែល។ លោកក៏រៀបរាប់អំពីការដែល ព្រះអម្ចាស់ បានជួយប្រជាជនអ៊ីស្រាអែល អោយរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។ |
|
| 9 |
|
| លោកយេត្រូមានចិត្តរីករាយចំពោះការល្អទាំងប៉ុន្មានដែល ព្រះអម្ចាស់ បានធ្វើ ដើម្បីរំដោះអ៊ីស្រាអែលអោយរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ |
|
| 10 |
|
| លោកពោលថា៖ «សូមសរសើរតម្កើង ព្រះអម្ចាស់ ដែលបានរំដោះអ្នករាល់គ្នាអោយរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងស្ដេចផារ៉ោន។ |
|
| 11 |
|
| ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះដ៏ធំឧត្ដមលើសព្រះទាំងអស់ គឺព្រះអង្គរំដោះជនជាតិអ៊ីស្រាអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។ |
|
| 12 |
|
| លោកយេត្រូ ជាឪពុកក្មេករបស់លោកម៉ូសេ យកតង្វាយដុតទាំងមូល* និងយញ្ញបូជាឯទៀតៗថ្វាយព្រះជាម្ចាស់។ លោកអើរ៉ុន និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់ ក៏នាំគ្នាបរិភោគអាហារជាមួយឪពុកក្មេករបស់លោកម៉ូសេ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ដែរ។ |
|
| 13 |
|
| លុះស្អែកឡើង លោកម៉ូសេអង្គុយកាត់ក្ដីអោយប្រជាជន។ ប្រជាជននាំគ្នាឈរនៅមុខលោកតាំងពីព្រឹករហូតដល់ល្ងាច។ |
|
| 14 |
|
| ឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើចំពោះប្រជាជន គាត់ក៏ពោលថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្ដីតែម្នាក់ឯង ទុកអោយប្រជាជនឈរចាំនៅមុខកូន តាំងពីព្រឹកដល់ល្ងាចបែបនេះ?»។ |
|
| 15 |
|
| លោកម៉ូសេតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូលសួរព្រះជាម្ចាស់។ |
|
| 16 |
|
| នៅពេលមានវិវាទនឹងគ្នា ពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេ ហើយណែនាំពួកគេអោយស្គាល់ច្បាប់ និងក្រឹត្យវិន័យ*របស់ព្រះជាម្ចាស់»។ |
|
| 17 |
|
| ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេទៀតថា៖ «របៀបដែលកូនធ្វើនេះ មិនល្អទេ! |
|
| 18 |
|
| ធ្វើដូច្នេះនាំអោយកូន និងប្រជាជនដែលនៅជាមួយនឿយហត់ទាំងអស់គ្នា។ ការងារនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងទេ។ |
|
| 19 |
|
| ឥឡូវនេះ ចូរស្ដាប់ដំបូន្មានរបស់ពុក ហើយសូមព្រះជាម្ចាស់គង់ជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ចូរយករឿងរ៉ាវរបស់ពួកគេទៅទូលថ្វាយព្រះអង្គ។ |
|
| 20 |
|
| ចូរបង្រៀនពួកគេ អំពីច្បាប់ និងវិន័យទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និងកិច្ចការដែលពួកគេត្រូវធ្វើ។ |
|
| 21 |
|
| ត្រូវជ្រើសរើសមនុស្ស ដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ជាអ្នកគួរអោយទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេអោយធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។ |
|
| 22 |
|
| អ្នកទាំងនោះត្រូវកាត់ក្ដីអោយប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗអោយពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាច ទុកអោយពួកគេកាត់ក្ដីខ្លួនឯងទៅ។ ធ្វើដូច្នេះ កូនអាចសំរាលការងារ ដោយអោយពួកគេជួយរំលែកបន្ទុករបស់កូន។ |
|
| 23 |
|
| ប្រសិនបើកូនធ្វើបែបនេះ ហើយបើកូនធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ នោះកូននឹងមានកម្លាំងរឹងប៉ឹង រីឯប្រជាជនទាំងមូលក៏វិលត្រឡប់ទៅវិញ ដោយសុខសាន្តដែរ»។ |
|
| 24 |
|
| លោកម៉ូសេធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលឪពុកក្មេកទូន្មាន។ |
|
| 25 |
|
| ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងមូល លោកបានជ្រើសរើសមនុស្សមានសមត្ថភាព ហើយតែងតាំងពួកគេអោយទទួលខុសត្រូវលើប្រជាជន គឺអោយធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។ |
|
| 26 |
|
| អ្នកទាំងនោះកាត់ក្ដីអោយប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗ ពួកគេបញ្ជូនមកលោកម៉ូសេ រីឯកិច្ចការតូចតាច ពួកគេកាត់ក្ដីខ្លួនឯង។ |
|
| 27 |
|
| បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកលាគ្នា ហើយលោកយេត្រូវិលត្រឡប់ទៅស្រុករបស់គាត់វិញ។ |
|
|
|
|