|
| 1 |
|
| លោកយេត្រូជាសង្ឃនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានប្រោសដល់លោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីដំណើរដែលព្រះអង្គបាននាំគេចេញពីស្រុកអេស៊ីព្ទ |
|
| 2 |
|
| នោះលោកក៏នាំនាងសេផូរ៉ា ជាប្រពន្ធរបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅផ្ទះវិញ |
|
| 3 |
|
| ព្រមទាំងកូនរបស់នាងទាំងពីរដែរ គឺមួយឈ្មោះគើសម (ដ្បិតលោកម៉ូសេគិតថា «ខ្ញុំជាអ្នកស្នាក់ នៅប្រទេសដទៃ») |
|
| 4 |
|
| ហើយមួយទៀតឈ្មោះអេលាស៊ើរ (ដ្បិតលោកគិតថា «ព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ក៏បានរំដោះខ្ញុំឲ្យរួចពីដាវរបស់ផារ៉ោន»)។ |
|
| 5 |
|
| លោកយេត្រូ ឪពុកក្មេករបស់លោកម៉ូសេ និងកូនទាំងពីរ ព្រមទាំងប្រពន្ធរបស់លោកម៉ូសេ ក៏នាំគ្នាមករកលោកម៉ូសេនៅទីរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះ។ |
|
| 6 |
|
| លោកយេត្រូឲ្យគេទៅប្រាប់លោកម៉ូសេថា៖ «ខ្ញុំ យេត្រូ ជាឪពុកក្មេករបស់កូន ធ្វើដំណើរមកជួបកូន នាំទាំងប្រពន្ធ និងកូនទាំងពីររបស់កូនមកជាមួយដែរ»។ |
|
| 7 |
|
| លោកម៉ូសេក៏ចេញទៅទទួលឪពុកក្មេក ក្រាបសំពះ ហើយថើបលោក រួចលោកសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយនាំគ្នាចូលទៅក្នុងជំរំ។ |
|
| 8 |
|
| លោកម៉ូសេចាប់ផ្តើមរៀបរាប់ប្រាប់ឪពុកក្មេក ពីកិច្ចការទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើដល់ផារ៉ោន និងសាសន៍អេស៊ីព្ទ ដោយយល់ដល់អ៊ីស្រាអែល ពីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវ និងពីដំណើរដែលព្រះយេហូវ៉ាបានជួយពួកគេឲ្យរួច។ |
|
| 9 |
|
| លោកយេត្រូក៏មានចិត្តត្រេកអរចំពោះការល្អទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានប្រោសដល់អ៊ីស្រាអែល ដោយព្រះអង្គបានជួយគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ។ |
|
| 10 |
|
| លោកយេត្រូពោលថា៖ «សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ជាព្រះដែលបានជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់សាសន៍អេស៊ីព្ទ និងពីកណ្ដាប់ដៃរបស់ផារ៉ោន។ |
|
| 11 |
|
| ឥឡូវនេះ ខ្ញុំដឹងថា ព្រះយេហូវ៉ា ព្រះអង្គធំលើសអស់ទាំងព្រះ ព្រោះព្រះអង្គបានរំដោះប្រជាជននេះ ឲ្យរួចពីអំណាចសាសន៍អេស៊ីព្ទ នៅពេលដែលគេបានប្រព្រឹត្តនឹងប្រជាជននេះដោយព្រហើន»។ |
|
| 12 |
|
| លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេយកតង្វាយដុត និងយញ្ញបូជាថ្វាយដល់ព្រះ ហើយលោកអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយឪពុកក្មេករបស់លោកម៉ូសេនៅចំពោះព្រះដែរ។ |
|
| 13 |
|
| លុះស្អែកឡើង លោកម៉ូសេអង្គុយកាត់ក្ដីឲ្យប្រជាជន ឯប្រជាជននាំគ្នាឈរនៅមុខលោក តាំងពីព្រឹករហូតដល់ល្ងាច។ |
|
| 14 |
|
| កាលឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើសម្រាប់ប្រជាជន គាត់ក៏សួរថា៖ «តើកូនធ្វើអ្វីដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយតែម្នាក់ឯង ហើយប្រជាជនឈរនៅចំពោះមុខ តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ?» |
|
| 15 |
|
| លោកម៉ូសេឆ្លើយទៅឪពុកក្មេកថា៖ «ព្រោះគេមករកខ្ញុំ ដើម្បីទូលសួរព្រះ។ |
|
| 16 |
|
| កាលណាគេមានរឿងអ្វី គេតែងតែមករកខ្ញុំ ហើយខ្ញុំក៏ដោះស្រាយរឿងឲ្យពួកគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងបញ្ញត្តិ និងច្បាប់របស់ព្រះ»។ |
|
| 17 |
|
| ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេថា៖ «អ្វីដែលកូនកំពុងធ្វើនេះ មិនល្អទេ។ |
|
| 18 |
|
| ដ្បិតកូននឹងថយកម្លាំងទៅ ព្រមទាំងប្រជាជនដែលនៅជាមួយកូនទៀតដែរ ព្រោះការនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងបានទេ។ |
|
| 19 |
|
| ឥឡូវនេះ ចូរស្តាប់ពុកសិន ពុកនឹងទូន្មានកូន ក៏សូមឲ្យព្រះគង់ជាមួយកូនផង! កូនត្រូវធ្វើជាតំណាងឲ្យប្រជាជននៅចំពោះព្រះ ហើយយករឿងរបស់គេទៅទូលថ្វាយព្រះ |
|
| 20 |
|
| ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។ |
|
| 21 |
|
| កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។ |
|
| 22 |
|
| ត្រូវឲ្យអ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់កូន តែបើរឿងតូចតាច ត្រូវឲ្យគេកាត់ក្ដីដោយខ្លួនគេទៅ។ ធ្វើដូច្នោះកូននឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងជួយរំលែកបន្ទុករបស់កូន។ |
|
| 23 |
|
| ប្រសិនបើកូនព្រមធ្វើដូច្នេះ ហើយព្រះទ្រង់ក៏បង្គាប់កូនផង នោះកូនអាចនឹងស្ថិតស្ថេរបាន ហើយប្រជាជនទាំងនេះនឹងត្រឡប់ទៅកន្លែងរបស់គេវិញដោយសុខសាន្ត»។ |
|
| 24 |
|
| លោកម៉ូសេក៏ស្តាប់តាមឪពុកក្មេក ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលលោកមានប្រសាសន៍។ |
|
| 25 |
|
| លោកម៉ូសេរើសយកមនុស្សដែលប៉ិនប្រសប់ ពីក្នុងចំណោមពួកអ៊ីស្រាអែលទាំងអស់ រួចតែងតាំងគេឲ្យធ្វើជាមេលើបណ្ដាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។ |
|
| 26 |
|
| អ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯរឿងរ៉ាវណាពិបាកៗ គេយកមកដល់លោកម៉ូសេ តែអស់ទាំងរឿងរ៉ាវណាតូចតាច គេកាត់ក្ដីដោយខ្លួនគេ។ |
|
| 27 |
|
| បន្ទាប់មក លោកម៉ូសេ និងឪពុកក្មេកក៏លាគ្នា ហើយលោកយេត្រូក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។ |
|
|
|
|