|
| 1 |
|
| នៅខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃនោះឯង កូនចៅអ៊ីស្រាអែលបានមកដល់ទីរហោស្ថានស៊ីណាយ។ |
|
| 2 |
|
| គេធ្វើដំណើរចេញពីរេផិឌីម មកដល់ទីរហោស្ថានស៊ីណាយ ហើយនាំគ្នាបោះជំរំក្នុងទីរហោស្ថាន។ ពួកអ៊ីស្រាអែលបានបោះជំរំនៅទីនោះ នៅពីមុខភ្នំ។ |
|
| 3 |
|
| បន្ទាប់មក លោកម៉ូសេក៏ឡើងទៅជួបព្រះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកពីលើភ្នំមកថា៖ «អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា |
|
| 4 |
|
| "អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។ |
|
| 5 |
|
| ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង |
|
| 6 |
|
| អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង"។ នេះជាពាក្យដែលអ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែល »។ |
|
| 7 |
|
| លោកម៉ូសេក៏ត្រឡប់មកវិញ ហើយហៅពួកចាស់ទុំរបស់ប្រជាជនមក ប្រាប់គេអស់ទាំងពាក្យដែលព្រះយេហូវ៉ាបានបង្គាប់លោក។ |
|
| 8 |
|
| ប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ លោកម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលថ្វាយព្រះយេហូវ៉ាវិញ។ |
|
| 9 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍! យើងមកឯអ្នកនៅក្នុងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនបានឮក្នុងពេលដែលយើងនិយាយជាមួយអ្នក ហើយឲ្យគេបានទុកចិត្តនឹងអ្នកជារៀងរហូត»។ កាលលោកម៉ូសេបានទូលរៀបរាប់តាមពាក្យរបស់ប្រជាជនថ្វាយព្រះយេហូវ៉ារួចហើយ |
|
| 10 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបប្រជាជនវិញ ដើម្បីញែកគេចេញជាបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវឲ្យគេបោកសម្លៀកបំពាក់ |
|
| 11 |
|
| ហើយរៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី ដ្បិតនៅថ្ងៃទីបីនោះ ព្រះយេហូវ៉ានឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យប្រជាជនទាំងអស់ឃើញ។ |
|
| 12 |
|
| ត្រូវកំណត់ព្រំប្រទល់ជុំវិញប្រជាជនទាំងអស់ ដោយប្រាប់ថា "ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំឲ្យសោះ ដ្បិតអ្នកណាដែលប៉ះពាល់ភ្នំ អ្នកនោះនឹងត្រូវស្លាប់។ |
|
| 13 |
|
| មិនត្រូវឲ្យមានដៃណាប៉ះពាល់អ្នកនោះឡើយ តែត្រូវចោលអ្នកនោះនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះជាសត្វ ឬមនុស្សក្តីក៏មិនត្រូវនៅរស់ដែរ"។ កាលណាមានសំឡេងផ្លុំស្នែងឮសូរវែង នោះគេអាចឡើងមកលើភ្នំបាន»។ |
|
| 14 |
|
| លោកម៉ូសេក៏ចុះពីលើភ្នំ មករកប្រជាជនវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកសម្លៀកបំពាក់របស់ខ្លួន។ |
|
| 15 |
|
| លោកបង្គាប់ប្រជាជនថា៖ «ចូររៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី កុំទៅជិតស្ត្រីឡើយ»។ |
|
| 16 |
|
| នៅព្រឹកថ្ងៃទីបី មានឮសូរផ្គរលាន់ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងកងរំពងយ៉ាងខ្លាំង រួចប្រជាជនទាំងអស់ដែលនៅក្នុងជំរំក៏ញ័ររន្ធត់។ |
|
| 17 |
|
| លោកម៉ូសេនាំប្រជាជនចេញពីជំរំ ទៅជួបព្រះ ហើយគេក៏ឈរតម្រៀបគ្នានៅជើងភ្នំ។ |
|
| 18 |
|
| ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាបានយាងចុះមកលើភ្នំ គង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។ |
|
| 19 |
|
| កាលឮសូរផ្លុំស្នែងកាន់តែតន្ថើនខ្លាំងឡើងៗ លោកម៉ូសេក៏ទូលដល់ព្រះ ហើយព្រះទ្រង់មានព្រះបន្ទូលឆ្លើយមកលោក ដោយសំឡេងផ្គរលាន់។ |
|
| 20 |
|
| ព្រះយេហូវ៉ាទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។ |
|
| 21 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចុះទៅហាមប្រជាជន កុំឲ្យគេទម្លាយចូលមកឯព្រះយេហូវ៉ា ដើម្បីមើលនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។ |
|
| 22 |
|
| ឯពួកសង្ឃដែលចូលមកជិតព្រះយេហូវ៉ា នោះត្រូវញែកខ្លួនជាបរិសុទ្ធ ក្រែងព្រះយេហូវ៉ានឹងប្រហារគេ»។ |
|
| 23 |
|
| លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ប្រជាជនមិនអាចឡើងមកលើភ្នំស៊ីណាយបានទេ ដ្បិតព្រះអង្គបានហាមគេហើយ ដោយមានព្រះបន្ទូលថា "ចូរកំណត់ព្រំប្រទល់នៅជុំវិញភ្នំ ហើយញែកភ្នំនេះចេញជាបរិសុទ្ធ"»។ |
|
| 24 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង តែកុំឲ្យពួកសង្ឃ និងប្រជាជនទម្លាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងព្រះអង្គនឹងប្រហារគេ»។ |
|
| 25 |
|
| ដូច្នេះ លោកម៉ូសេក៏ចុះទៅរកប្រជាជនវិញ ហើយមានប្រសាសន៍ប្រាប់គេ។ |
|
|
|
|