|
| 1 |
|
| ប្រសិនបើអ្នកណាលួចគោ ឬចៀម យកទៅសម្លាប់ ឬយកទៅលក់ អ្នកនោះត្រូវសងគោមួយជាប្រាំ និងចៀមមួយជាបួនទៅឲ្យម្ចាស់សត្វវិញ។ |
|
| 2 |
|
| ប្រសិនបើគេសម្លាប់ចោរដែលគេទាន់កំពុងតែលួច នៅពេលយប់ អ្នកសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។ |
|
| 3 |
|
| ប៉ុន្តែ បើហេតុការណ៍នេះកើតឡើងនៅពេលថ្ងៃ អ្នកសម្លាប់ចោរនឹងត្រូវមានទោស។ ត្រូវពិន័យចោរ តែបើចោរនោះគ្មានអ្វីបង់ទេ ត្រូវលក់គេជាទាសករ។ |
|
| 4 |
|
| ប្រសិនបើគេរកឃើញគោ លា ឬចៀមនៅរស់ក្នុងដៃចោរ ចោរត្រូវតែសងសត្វនោះវិញមួយជាពីរ។ |
|
| 5 |
|
| ប្រសិនបើអ្នកណាបណ្ដោយឲ្យហ្វូងសត្វរបស់ខ្លួន ទៅស៊ីបំផ្លាញស្រែ ឬចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកនោះត្រូវយកភោគផលដ៏ល្អបំផុតពីស្រែ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងគេវិញ។ |
|
| 6 |
|
| ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើឲ្យភ្លើងរាលទៅឆេះកណ្ដាប់ស្រូវ ឬឆេះស្រូវទុំ ឬមិនទាន់ទុំក្ដី អ្នកនោះត្រូវតែបង់ជំងឺចិត្តទៅឲ្យម្ចាស់ស្រែ។ |
|
| 7 |
|
| បើអ្នកណាផ្ញើប្រាក់ ឬវត្ថុអ្វីផ្សេងទៀតឲ្យអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបាន ចោរនោះត្រូវសងរបស់គេមួយជាពីរ។ |
|
| 8 |
|
| ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។ |
|
| 9 |
|
| បើនរណាម្នាក់បាត់គោ លា កូនចៀម អាវធំ ឬវត្ថុអ្វីផ្សេងទៀត ហើយមានម្នាក់ទៀតប្រកាន់ថាជារបស់ខ្លួន ក្នុងករណីដណ្ដើមកម្មសិទ្ធិគ្នា អ្នកទាំងពីរត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ អ្នកដែលព្រះអង្គប្រកាសថាមានកំហុស ត្រូវសងទៅម្ចាស់របស់មួយជាពីរ។ |
|
| 10 |
|
| បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលឲ្យ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅ ដោយគ្មាននរណាឃើញ |
|
| 11 |
|
| ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រ ព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។ |
|
| 12 |
|
| ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។ |
|
| 13 |
|
| ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្ដុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។ |
|
| 14 |
|
| ប្រសិនបើអ្នកណាខ្ចីសត្វពាហនៈពីអ្នកជិតខាងខ្លួន ហើយសត្វនោះត្រូវរបួស ឬងាប់ ពេលម្ចាស់មិននៅ អ្នកនោះត្រូវតែសងជំងឺចិត្ត។ ប៉ុន្តែ បើម្ចាស់នៅជាមួយដែរ នោះអ្នកខ្ចីមិនត្រូវសងអ្វីទេ។ |
|
| 15 |
|
| ប្រសិនបើគាត់ជួលសត្វនោះមក គាត់ត្រូវតែបង់ថ្លៃឈ្នួល។ |
|
| 16 |
|
| បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្ដឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្ណាការ រួចយកនាងធ្វើជាភរិយា។ |
|
| 17 |
|
| ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងឲ្យទេ អ្នកនោះត្រូវបង់ប្រាក់តាមតម្លៃបណ្ណាការសម្រាប់ស្ត្រីក្រមុំ។ |
|
| 18 |
|
| មិនត្រូវទុកឲ្យស្ត្រីអាបធ្មប់នៅរស់ឡើយ។ |
|
| 19 |
|
| អ្នករួមរ័កជាមួយសត្វ ត្រូវតែទទួលទោសដល់ជីវិត។ |
|
| 20 |
|
| អ្នកដែលថ្វាយយញ្ញបូជាដល់ព្រះដទៃ ក្រៅពី ព្រះអម្ចាស់ ត្រូវតែសម្លាប់ចោល។ |
|
| 21 |
|
| មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ |
|
| 22 |
|
| មិនត្រូវធ្វើបាបស្ត្រីមេម៉ាយ ឬក្មេងកំព្រាឡើយ។ |
|
| 23 |
|
| ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្ដាប់សម្រែករបស់ពួកគេ។ |
|
| 24 |
|
| យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។ |
|
| 25 |
|
| ប្រសិនបើអ្នកឲ្យជនទុគ៌តណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។ |
|
| 26 |
|
| ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញមុនពេលថ្ងៃលិច |
|
| 27 |
|
| ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្ដប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្ដប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្ដាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។ |
|
| 28 |
|
| មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។ |
|
| 29 |
|
| ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នកមកឲ្យយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។ |
|
| 30 |
|
| រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។ |
|
| 31 |
|
| យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សដ៏វិសុទ្ធ ដូច្នេះ មិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅឲ្យឆ្កែស៊ីវិញ។ |
|
|
|
|