|
| 1 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ |
|
| 2 |
|
| «ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យយកជំនូនដែលគេបានញែកទុកមកឲ្យយើង។ ត្រូវទទួលយកជំនូនពីអ្នកដែលឲ្យ ដោយស្ម័គ្រចិត្ត។ |
|
| 3 |
|
| ជំនូនដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន |
|
| 4 |
|
| ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ ក្រណាត់ទេសឯក ក្រណាត់ធ្វើពីរោមពពែ |
|
| 5 |
|
| ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន |
|
| 6 |
|
| ប្រេងសម្រាប់ដុតបំភ្លឺ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត |
|
| 7 |
|
| ត្បូងមណីជោតិរស និងត្បូងដ៏មានតម្លៃផ្សេងៗ សម្រាប់ដាំនៅលើអាវអេផូដ និងសម្រាប់លំអដើមទ្រូងអះលីជំអះ។ |
|
| 8 |
|
| ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។ |
|
| 9 |
|
| អ្នករាល់គ្នាត្រូវសង់ជំរំសក្ការៈ និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក។ |
|
| 10 |
|
| ពួកគេត្រូវធ្វើហិបមួយពីឈើនាងនួន ហិបនោះមានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថកន្លះ។ |
|
| 11 |
|
| ត្រូវយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញក៏ត្រូវធ្វើពីមាសដែរ។ |
|
| 12 |
|
| ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ |
|
| 13 |
|
| ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ |
|
| 14 |
|
| ត្រូវស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ |
|
| 15 |
|
| ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហិបជានិច្ច មិនត្រូវដកចេញឡើយ។ |
|
| 16 |
|
| ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញារបស់សម្ពន្ធមេត្រី ដែលយើងឲ្យដល់អ្នកក្នុងហិបនេះ។ |
|
| 17 |
|
| ត្រូវឲ្យគេធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ |
|
| 18 |
|
| ត្រូវយកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង |
|
| 19 |
|
| ត្រូវដាក់ភ្ជាប់រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនោះទៅនឹងគំរបហិប គឺរូបម៉ាឡាអ៊ីកាត់នីមួយៗ ត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ |
|
| 20 |
|
| ត្រូវដាក់រូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។ |
|
| 21 |
|
| ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញាដែលយើងនឹងប្រគល់ឲ្យអ្នក ទៅក្នុងហិប រួចយកគំរបមកគ្រប។ |
|
| 22 |
|
| យើងនឹងមកជួបអ្នកនៅលើគំរបហិប ត្រង់ចន្លោះរូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរ ដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រអែល។ |
|
| 23 |
|
| ត្រូវធ្វើតុមួយពីឈើនាងនួន ដែលមានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។ |
|
| 24 |
|
| ត្រូវយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ |
|
| 25 |
|
| នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកំពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។ |
|
| 26 |
|
| ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ |
|
| 27 |
|
| កងមាសទាំងបួន ត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ |
|
| 28 |
|
| ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ |
|
| 29 |
|
| ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចាន គោម និងពែងសម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេងដាក់នៅលើតុនោះ។ |
|
| 30 |
|
| ត្រូវតម្កល់នំបុ័ងនៅលើតុនោះ ទុកជាជំនូនអចិន្ត្រៃយ៍នៅចំពោះមុខយើង។ |
|
| 31 |
|
| ត្រូវយកមាសសុទ្ធតែមួយដុំ មកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះ ត្រូវឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ |
|
| 32 |
|
| មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្តាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ |
|
| 33 |
|
| ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ |
|
| 34 |
|
| រីឯតួដែលនៅកណ្តាល មានក្បាច់បួនគន្លាក់ រាងដូចទងផ្កាត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ |
|
| 35 |
|
| មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្តាល។ |
|
| 36 |
|
| ស្រទាប់ផ្កាក្រពុំ និងមែកត្រូវឆ្លាក់ ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ |
|
| 37 |
|
| ត្រូវធ្វើចង្កៀងប្រាំពីរ យកទៅដាក់លើជើងចង្កៀង ដើម្បីឲ្យពន្លឺជះទៅខាងមុខ។ |
|
| 38 |
|
| រីឯកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សម្រាប់គោះកំទេចប្រឆេះ ក៏ត្រូវតែធ្វើពីមាសសុទ្ធដែរ។ |
|
| 39 |
|
| ត្រូវប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។ |
|
| 40 |
|
| ចូរសង្កេតមើល ហើយធ្វើតាមគំរូ ដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។ |
|
|
|
|