|
| 1 |
|
| ត្រូវហៅអើរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់គឺ ណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាបូជាចារ្យ។ |
|
| 2 |
|
| ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សម្រាប់អើរ៉ុន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។ |
|
| 3 |
|
| ត្រូវប្រាប់ពួកសិប្បករទាំងអស់ថា យើងនឹងផ្ដល់ព្រះប្រាជ្ញាញាណឲ្យពួកគេ អាចធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អើរ៉ុន ដើម្បីញែកគាត់ឲ្យបានវិសុទ្ធ និងឲ្យគាត់បំពេញមុខងារជាបូជាចារ្យបម្រើយើង។ |
|
| 4 |
|
| សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើនោះ គឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដ*មួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឈ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អើរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនៗរបស់គាត់ ដើម្បីឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ |
|
| 5 |
|
| ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ |
|
| 6 |
|
| ពួកគេត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ធ្វើអាវអេផូដ ដោយមានប៉ាក់លំអផង។ |
|
| 7 |
|
| ត្រូវធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ។ |
|
| 8 |
|
| រីឯខ្សែក្រវាត់របស់អាវអេផូដ ត្រូវធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ខ្សែក្រវាត់នេះត្រូវដេរជាប់នឹងអាវអេផូដ។ |
|
| 9 |
|
| ចូរយកត្បូងមណីជោតិរសពីរដុំមក ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ។ |
|
| 10 |
|
| ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។ |
|
| 11 |
|
| អ្នកត្រូវចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើត្បូង តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងនោះផង។ |
|
| 12 |
|
| ចូរដាំត្បូងទាំងពីរភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រាអែល។ ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះរបស់ពួកគេលើខ្សែព្រយុងទាំងពីរ នៅចំពោះមុខយើង ដែលជា ព្រះអម្ចាស់ ដើម្បីឲ្យយើងនឹកដល់ពួកគេ។ |
|
| 13 |
|
| ត្រូវធ្វើក្រចាប់ទាំងនោះពីមាស |
|
| 14 |
|
| ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។ |
|
| 15 |
|
| ត្រូវធ្វើប្រដាប់ពាក់លើទ្រូងមួយ សម្រាប់វិនិច្ឆ័យ។ ប្រដាប់ពាក់លើទ្រូងនេះត្រូវធ្វើដោយសរសៃអំបោះដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ |
|
| 16 |
|
| ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។ |
|
| 17 |
|
| ប្រដាប់ពាក់លើទ្រូងត្រូវលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។ |
|
| 18 |
|
| ជួរទីពីរ ត្រូវដាំត្បូងទទឹមមួយគ្រាប់ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។ |
|
| 19 |
|
| ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់ |
|
| 20 |
|
| ហើយជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។ |
|
| 21 |
|
| ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។ |
|
| 22 |
|
| ត្រូវយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ |
|
| 23 |
|
| ត្រូវធ្វើកងមាសពីរភ្ជាប់ទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។ |
|
| 24 |
|
| បន្ទាប់មក ត្រូវថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង |
|
| 25 |
|
| រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។ |
|
| 26 |
|
| ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។ |
|
| 27 |
|
| ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដ ដេរជាប់គ្នា នៅពីលើខ្សែក្រវាត់របស់អាវអេផូដ។ |
|
| 28 |
|
| ចូរយកខ្សែពណ៌ស្វាយ ចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។ |
|
| 29 |
|
| ពេលអើរ៉ុនចូលក្នុងទីសក្ការៈ គាត់មានឈ្មោះកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលនៅជាប់នឹងប្រដាប់ពាក់លើទ្រូង សម្រាប់វិនិច្ឆ័យ ដើម្បីឲ្យយើងដែលជា ព្រះអម្ចាស់ នឹកដល់ពួកគេអស់កល្បជានិច្ច។ |
|
| 30 |
|
| ចូរដាក់យូរីម និងធូមីម* ទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងអើរ៉ុនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជា ព្រះអម្ចាស់ អើរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដើមទ្រូងជានិច្ច។ |
|
| 31 |
|
| ចូរធ្វើអាវវែងមួយពណ៌ស្វាយ សម្រាប់ពាក់ពីក្រោមអាវអេផូដ។ |
|
| 32 |
|
| ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។ |
|
| 33 |
|
| នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្ដឹងមាសទៀតផង។ |
|
| 34 |
|
| ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។ |
|
| 35 |
|
| អើរ៉ុនពាក់អាវនេះនៅពេលបំពេញមុខងារ គឺពេលគាត់មករក ព្រះអម្ចាស់ ក្នុងទីសក្ការៈ ហើយពេលគាត់ចេញមកវិញ គេនឹងឮស្នូរកូនកណ្ដឹង។ ដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។ |
|
| 36 |
|
| ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «បូជាថ្វាយ ព្រះអម្ចាស់ » នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។ |
|
| 37 |
|
| ចូរភ្ជាប់គ្រឿងអលង្ការទៅនឹងផ្នែកខាងមុខនៃឈ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ។ |
|
| 38 |
|
| ពេលអើរ៉ុនចូលមករកយើងដែលជា ព្រះអម្ចាស់ គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រាអែលធ្វើខុស នៅពេលថ្វាយតង្វាយក៏ដោយ ក៏យើងយល់ព្រមទទួលតង្វាយរបស់ពួកគេដែរ។ |
|
| 39 |
|
| ត្រូវធ្វើអាវក្នុងមួយពីអំបោះធ្មៃ ឈ្នួតក្បាលមួយពីអំបោះធ្មៃ ព្រមទាំងប៉ាក់ខ្សែក្រវាត់មួយផង។ |
|
| 40 |
|
| ត្រូវធ្វើអាវក្នុង ខ្សែក្រវាត់ និងឈ្នួតក្បាល សម្រាប់កូនទាំងអស់របស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។ |
|
| 41 |
|
| ត្រូវយកសម្លៀកបំពាក់ទាំងនេះទៅពាក់ឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ រួចចាក់ប្រេងតែងតាំងពួកគេ ដើម្បីញែកពួកគេឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ |
|
| 42 |
|
| ចូរធ្វើខោខ្លីពីអំបោះធ្មៃ ដើម្បីឲ្យពួកគេបិទបាំងកេរខ្មាស ចាប់ពីចង្កេះរហូតដល់ភ្លៅ។ |
|
| 43 |
|
| អើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់ដែលអើរ៉ុន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។ |
|
|
|
|