|
| 1 |
|
| នេះជារបៀបដែលអ្នកត្រូវធ្វើសម្រាប់តែងតាំងហារូន និងកូនប្រុសរបស់គាត់ឲ្យបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ |
|
| 2 |
|
| នំបុ័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ |
|
| 3 |
|
| ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកឲ្យជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។ |
|
| 4 |
|
| ត្រូវនាំហារូន និងកូនរបស់គាត់ ទៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។ |
|
| 5 |
|
| បន្ទាប់មក ត្រូវយកសម្លៀកបំពាក់មកពាក់ឲ្យហារូន គឺអាវក្នុង អាវវែង អាវអេផូដ និងប្រដាប់ពាក់លើទ្រូង ហើយយកខ្សែក្រវាត់មកក្រវាត់អាវអេផូដផង។ |
|
| 6 |
|
| ចូរពាក់ឆ្នួតលើក្បាលគាត់ ហើយភ្ជាប់គ្រឿងអលង្ការ ជាគូរបានឲ្យ អុលឡោះតាអាឡា ទៅនឹងឆ្នួតក្បាលផង។ |
|
| 7 |
|
| បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។ |
|
| 8 |
|
| ត្រូវហៅកូនប្រុសរបស់ហារូនមក ហើយពាក់អាវឲ្យពួកគេ។ |
|
| 9 |
|
| ចូរក្រវាត់ខ្សែក្រវាត់ឲ្យហារូន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងហារូន និងកូនប្រុសរបស់គាត់ជាអ៊ីមុាំរហូត តាមហ៊ូកុំដែលនៅស្ថិតស្ថេរជានិច្ច។ |
|
| 10 |
|
| ត្រូវនាំគោឈ្មោលមកខាងមុខជំរំជួបអុលឡោះតាអាឡា ហើយឲ្យហារូន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ |
|
| 11 |
|
| ត្រូវអារកគោនោះនៅចំពោះ អុលឡោះតាអាឡា ត្រង់ទ្វារជំរំជួបអុលឡោះតាអាឡា។ |
|
| 12 |
|
| ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈ រួចចាក់ឈាមដែលនៅសល់ទៅលើជើងអាសនៈ។ |
|
| 13 |
|
| ត្រូវយកខ្លាញ់ទាំងអស់ ដែលនៅជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។ |
|
| 14 |
|
| រីឯសាច់ ស្បែក និងលាមករបស់វា ត្រូវយកទៅដុតនៅខាងក្រៅជំរំ ព្រោះជាគូរបានរំដោះបាប។ |
|
| 15 |
|
| ត្រូវនាំចៀមឈ្មោលមួយមក ហើយឲ្យហារូន និងកូនរបស់គាត់ ដាក់ដៃលើក្បាលវា។ |
|
| 16 |
|
| ត្រូវអារកចៀមឈ្មោល រួចយកឈាមរបស់វាទៅប្រោះជុំវិញអាសនៈ។ |
|
| 17 |
|
| ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។ |
|
| 18 |
|
| ត្រូវដុតចៀមនោះនៅលើអាសនៈ ជាគូរបានដុត ជូន អុលឡោះតាអាឡា គឺជាគូរបានដែលមានក្លិនឈ្ងុយ ជាទីពេញចិត្ត អុលឡោះតាអាឡា ។ |
|
| 19 |
|
| ត្រូវនាំចៀមឈ្មោលមួយទៀតមក ហើយឲ្យហារូន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ |
|
| 20 |
|
| ត្រូវអារកចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ហារូន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។ |
|
| 21 |
|
| ត្រូវយកឈាមពីលើអាសនៈ និងប្រេងសម្រាប់តែងតាំង ទៅប្រោះលើហារូន និងសម្លៀកបំពាក់របស់គាត់ ព្រមទាំងប្រោះលើកូនប្រុសគាត់ និងសម្លៀកបំពាក់របស់ពួកគេដែរ។ ធ្វើដូច្នេះ ទាំងហារូន ទាំងកូនប្រុសរបស់គាត់ និងសម្លៀកបំពាក់របស់ពួកគេនឹងបានទៅជាបរិសុទ្ធ។ |
|
| 22 |
|
| ចៀមទីពីរនេះ ជាចៀមសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ដែលនៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយភ្លៅស្តាំខាងក្រោយ |
|
| 23 |
|
| រួចយកនំបុ័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយ ពីល្អីដាក់នំបុ័ងឥតមេដែលគេជូន អុលឡោះតាអាឡា |
|
| 24 |
|
| ដាក់ទាំងអស់លើដៃរបស់ហារូន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកជំនូននេះឡើង ជាសញ្ញាជូន អុលឡោះតាអាឡា ។ |
|
| 25 |
|
| បន្ទាប់មក ចូរយកជំនូនពីដៃពួកគេ ទៅដុតនៅលើអាសនៈរួមជាមួយគូរបានដុត ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។ |
|
| 26 |
|
| ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងហារូននោះ លើកឡើងជាសញ្ញាជូន អុលឡោះតាអាឡា ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។ |
|
| 27 |
|
| ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងហារូន និងកូនរបស់គាត់ ហើយដែលគេបានលើកជូន អុលឡោះតាអាឡា នោះ ជាសាច់ហាឡាល់។ |
|
| 28 |
|
| ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រអែលធ្វើគូរបានមេត្រីភាព សាច់ដែលគេញែកជូន អុលឡោះតាអាឡា នឹងបានទៅជាចំណែករបស់ហារូន និងកូនរបស់គាត់។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅ។ |
|
| 29 |
|
| ក្រោយពេលដែលហារូនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ ត្រូវផ្ទេរទៅឲ្យកូនៗរបស់គាត់ ដើម្បីឲ្យគេពាក់ នៅពេលទទួលពិធីលាបប្រេងតែងតាំងជាអ៊ីមុាំ។ |
|
| 30 |
|
| ក្នុងចំណោមកូនរបស់ហារូន អ្នកដែលទទួលតំណែងជាអ៊ីមុាំបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ |
|
| 31 |
|
| ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ មកចំអិននៅក្នុងទីសក្ការៈ។ |
|
| 32 |
|
| ហារូន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំបុ័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ |
|
| 33 |
|
| មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគជំនូននេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាអ៊ីមុាំ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគជំនូននេះទេ ដ្បិតជាអាហារសក្ការៈ។ |
|
| 34 |
|
| ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំបុ័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។ |
|
| 35 |
|
| ត្រូវប្រព្រឹត្តចំពោះហារូន និងកូនប្រុសរបស់គាត់ តាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាអ៊ីមុាំនេះ ត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។ |
|
| 36 |
|
| រៀងរាល់ថ្ងៃ ត្រូវធ្វើគោបាមួយ ជាគូរបានរំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីឲ្យអាសនៈនោះបានបរិសុទ្ធ។ |
|
| 37 |
|
| ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជម្រះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាបរិសុទ្ធដែរ។ |
|
| 38 |
|
| រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ឲ្យនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ |
|
| 39 |
|
| ត្រូវធ្វើកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។ |
|
| 40 |
|
| ត្រូវយកម្សៅដ៏ម៉ដ្តចំនួនមួយភាគដប់នៃអេផា លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីន មកឲ្យជាមួយកូនចៀមទីមួយ។ |
|
| 41 |
|
| រីឯកូនចៀមមួយទៀត ត្រូវធ្វើនៅពេលល្ងាច រួមជាមួយជំនូនម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតជំនូនទាំងនេះ ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។ |
|
| 42 |
|
| នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវជូន អុលឡោះតាអាឡា នៅត្រង់មាត់ទ្វារជំរំជួបទ្រង់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។ |
|
| 43 |
|
| យើងនឹងមកជួបកូនចៅអ៊ីស្រអែលនៅទីនេះ ហើយកន្លែងនេះនឹងបានបរិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។ |
|
| 44 |
|
| យើងនឹងញែកជំរំជួបអុលឡោះតាអាឡា ព្រមទាំងអាសនៈឲ្យបានបរិសុទ្ធ។ យើងក៏ញែកហារូន ព្រមទាំងកូនប្រុសរបស់គាត់ឲ្យបានបរិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ |
|
| 45 |
|
| យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រអែល យើងនឹងធ្វើជាម្ចាស់របស់ពួកគេ។ |
|
| 46 |
|
| ពួកគេនឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប ដើម្បីឲ្យយើងបាននៅជាមួយពួកគេ។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។ |
|
|
|
|