|
| 1 |
|
| កាលប្រជាជនឃើញលោកម៉ូសេក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបលោកអើរ៉ុន ហើយពោលថា៖ «សូមលោកធ្វើរូបព្រះ សម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។ |
|
| 2 |
|
| លោកអើរ៉ុនមានប្រសាសន៍ទៅពួកគេថា៖ «ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។ |
|
| 3 |
|
| ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏ដោះក្រវិលមាសពីត្រចៀករបស់ពួកគេ យកមកជូនលោកអើរ៉ុន។ |
|
| 4 |
|
| លោកអើរ៉ុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រាអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។ |
|
| 5 |
|
| ឃើញដូច្នេះ លោកអើរ៉ុនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយថ្វាយ ព្រះអម្ចាស់ »។ |
|
| 6 |
|
| លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ។ |
|
| 7 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ |
|
| 8 |
|
| ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។ |
|
| 9 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ធតែជាមនុស្សរឹងរូស។ |
|
| 10 |
|
| ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជាជននេះ ឲ្យវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។ |
|
| 11 |
|
| ប៉ុន្តែ លោកម៉ូសេទូលអង្វរ សូមការប្រោសប្រណីពី ព្រះអម្ចាស់ ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖ «បពិត្រ ព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីប ដោយឫទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គ។ |
|
| 12 |
|
| សូមកុំឲ្យជនជាតិអេស៊ីបពោលថា “ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមព្រះអង្គឈប់ខ្ញាល់ ហើយដូរព្រះហឫទ័យឈប់ធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គទៅ។ |
|
| 13 |
|
| សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតព្រះអង្គបានសន្យាជាមួយអស់លោកទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នាបានកើនចំនួនឡើងដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។ |
|
| 14 |
|
| ព្រះអម្ចាស់ ក៏ដូរព្រះហឫទ័យលែងធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល។ |
|
| 15 |
|
| លោកម៉ូសេក៏ចុះពីលើភ្នំមកវិញ ដោយកាន់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា ដែលមានចារអក្សរទាំងសងខាង។ |
|
| 16 |
|
| បន្ទះថ្មនេះជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់បានចារអក្សរ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។ |
|
| 17 |
|
| ពេលលោកយ៉ូស្វេឮសំឡេងប្រជាជនហ៊ោកញ្ជ្រៀវ លោកមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។ |
|
| 18 |
|
| លោកម៉ូសេឆ្លើយថា៖ «ទេ នេះមិនមែនជាសម្រែកជ័យជម្នះ ឬសម្រែកបរាជ័យឡើយ តែខ្ញុំឮសូរសំឡេងចម្រៀង»។ |
|
| 19 |
|
| លុះមកដល់ជិតជំរំ លោកម៉ូសេបានឃើញរូបកូនគោ និងឃើញប្រជាជនកំពុងតែលោតរាំលេង លោកក្រេវក្រោធយ៉ាងខ្លាំង លោកក៏បោកបន្ទះថ្មដែលលោកកាន់ ឲ្យបែកនៅជើងភ្នំទៅ។ |
|
| 20 |
|
| លោកយករូបកូនគោ ដែលពួកគេបានធ្វើទៅដុត រួចលោកកម្ទេចឲ្យម៉ដ្ដដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹក ឲ្យជនជាតិអ៊ីស្រាអែលផឹក។ |
|
| 21 |
|
| បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «តើប្រជាជននេះធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។ |
|
| 22 |
|
| លោកអើរ៉ុនតបថា៖ «សូមលោកម្ចាស់កុំខឹងអី លោកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។ |
|
| 23 |
|
| ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមលោកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។ |
|
| 24 |
|
| ខ្ញុំបានប្រាប់ពួកគេថា អ្នកណាមានមាស សុំយកមកឲ្យខ្ញុំ។ ពួកគេយកមាសមកឲ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។ |
|
| 25 |
|
| លោកម៉ូសេឃើញថា លោកអើរ៉ុនបណ្ដោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។ |
|
| 26 |
|
| លោកទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់ ព្រះអម្ចាស់ អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នាមកមូលផ្ដុំជុំវិញលោកម៉ូសេ។ |
|
| 27 |
|
| លោកមានប្រសាសន៍ទៅពួកគេថា៖ « ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្ដិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។ |
|
| 28 |
|
| កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រាអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។ |
|
| 29 |
|
| លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើ ព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបងប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមព្រះអង្គប្រទានព្រះពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។ |
|
| 30 |
|
| លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ ព្រះអម្ចាស់ ម្ដងទៀត។ ប្រហែលជាខ្ញុំអាចសូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ |
|
| 31 |
|
| លោកម៉ូសេក៏ទៅគាល់ ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំ។ |
|
| 32 |
|
| សូមព្រះអង្គមេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ព្រះអង្គទៅ»។ |
|
| 33 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។ |
|
| 34 |
|
| ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ |
|
| 35 |
|
| ព្រះអម្ចាស់ បានប្រហារប្រជាជន ដ្បិតពួកគេបានសុំឲ្យលោកអើរ៉ុនធ្វើរូបកូនគោ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2005/exodus/032.mp3
40
32