|
| 1 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុនដែរ។ យើងនឹងសរសេរសេចក្តីទាំងប៉ុន្មានដែលមានចារឹកលើបន្ទះថ្ម ដែលអ្នកបានធ្វើឲ្យបែក លើបន្ទះថ្មថ្មីនេះ។ |
|
| 2 |
|
| ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។ |
|
| 3 |
|
| មិនត្រូវឲ្យនរណាឡើងមកជាមួយអ្នក មិនត្រូវឲ្យមាននរណានៅលើភ្នំនេះ ហើយសូម្បីតែចៀម ឬគោក៏មិនត្រូវឲ្យមកស៊ីស្មៅនៅតាមជើងភ្នំដែរ»។ |
|
| 4 |
|
| ម៉ូសាក៏ដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន។ គាត់ក្រោកពីព្រលឹមឡើងទៅលើភ្នំស៊ីណៃតាមបញ្ជារបស់ អុលឡោះតាអាឡា ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។ |
|
| 5 |
|
| អុលឡោះតាអាឡា បានចុះមកក្នុងពពក ហើយនៅទីនោះ ក្បែរម៉ូសា ទាំងប្រកាសឈ្មោះ អុលឡោះតាអាឡា ។ |
|
| 6 |
|
| បន្ទាប់មក អុលឡោះតាអាឡា បានឆ្លងកាត់ពីមុខម៉ូសា ទាំងប្រកាសថា៖ « អុលឡោះតាអាឡា ជាម្ចាស់ប្រកបដោយចិត្តអាណិតអាសូរ និងប្រណីសន្តោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្តមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។ |
|
| 7 |
|
| អុលឡោះសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់ដំណ ទ្រង់តែងតែអត់ទោស ចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែទ្រង់មិនចាត់ទុកអ្នកមានកំហុសថា ជាជនស្លូតត្រង់ឡើយ។ អ្នកដែលធ្វើខុស ទ្រង់ដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។ |
|
| 8 |
|
| ម៉ូសាប្រញាប់ប្រញាល់ក្រាបដល់ដីថ្វាយបង្គំ អុលឡោះតាអាឡា ។ |
|
| 9 |
|
| គាត់ជម្រាបថា៖ «អុលឡោះជាអម្ចាស់អើយ! ប្រសិនបើទ្រង់ពេញចិត្តនឹងខ្ញុំមែន សូមទ្រង់ទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ទ្រង់អត់ទោសចំពោះកំហុស និងអំពើបាបដែលយើងខ្ញុំបានប្រព្រឹត្ត ហើយទ្រង់ទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់»។ |
|
| 10 |
|
| អុលឡោះតាអាឡា មានបន្ទូលថា៖ «ឥឡូវនេះ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា។ យើងនឹងសំដែងការអស្ចារ្យ ឲ្យប្រជាជនអ៊ីស្រអែលឃើញ ជាការអស្ចារ្យដែលមិនធ្លាប់មានកាលពីមុនមក នៅលើផែនដី និងនៅក្នុងចំណោមប្រជាជាតិនានា។ ប្រជាជននៅជាមួយអ្នក នឹងឃើញស្នាដៃដ៏គួរឲ្យកោតស្ញប់ស្ញែង ដែល អុលឡោះតាអាឡា បានធ្វើ តាមរយៈអ្នក។ |
|
| 11 |
|
| ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្តីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្តេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។ |
|
| 12 |
|
| ចូរប្រយ័ត្នមិនត្រូវចងសម្ពន្ធមិត្ត ជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ក្នុងចំណោមអ្នក។ |
|
| 13 |
|
| ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់បង្គោលរបស់ពួកគេ ព្រមទាំងផ្តួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។ |
|
| 14 |
|
| មិនត្រូវក្រាបថ្វាយបង្គំអ្វីទៀតឡើយ ដ្បិតយើងជា អុលឡោះតាអាឡា យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអី្វផ្សេងជាដាច់ខាត។ |
|
| 15 |
|
| កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើបុណ្យដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។ |
|
| 16 |
|
| ម៉្យាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។ |
|
| 17 |
|
| មិនត្រូវយកលោហធាតុមកសិតធ្វើជារូបអី្វឡើយ។ |
|
| 18 |
|
| ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។ |
|
| 19 |
|
| កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។ |
|
| 20 |
|
| រីឯកូនដំបូងរបស់សត្វលា អ្នកត្រូវយកកូនចៀមមកលោះ បើអ្នកមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នកក៏ត្រូវលោះកូនប្រុសច្បងទាំងអស់របស់អ្នកដែរ។ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។ |
|
| 21 |
|
| អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃឈប់សម្រាក ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។ |
|
| 22 |
|
| អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប នៅពេលចាប់ផ្តើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។ |
|
| 23 |
|
| ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួននៅចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលចំនួនបីដង។ |
|
| 24 |
|
| កាលយើងបណ្តេញជាតិសាសន៍នានាចេញពីមុខអ្នក យើងនឹងពង្រីកទឹកដីរបស់អ្នក។ ក្នុងអំឡុងពេលទាំងបីដងក្នុងមួយឆ្នាំ ដែលអ្នកមកបង្ហាញខ្លួន នៅចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក គ្មាននរណាលោភលន់ចង់បានដីរបស់អ្នកឡើយ។ |
|
| 25 |
|
| មិនត្រូវយកនំបុ័ងមានមេ មកឲ្យជាមួយឈាមនៃគូរបានឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់គូរបាននៃពិធីបុណ្យរំលង រហូតដល់ព្រឹកស្អែកដែរ។ |
|
| 26 |
|
| ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកឲ្យក្នុងដំណាក់នៃ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។ |
|
| 27 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរកត់ត្រាពាក្យទាំងនេះទុក ដ្បិតពាក្យទាំងនេះជាមូលដ្ធាននៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នក និងប្រជាជនអ៊ីស្រអែល»។ |
|
| 28 |
|
| ម៉ូសាស្ថិតនៅលើភ្នំជាមួយ អុលឡោះតាអាឡា អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏គាត់មិនបរិភោគដែរ។ គាត់ចារបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។ |
|
| 29 |
|
| ម៉ូសាចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញា។ ពេលចុះពីភ្នំ គាត់ពុំដឹងថា ផ្ទៃមុខរបស់គាត់បញ្ចេញរស្មី ព្រោះតែគាត់បានសន្ទនាជាមួយ អុលឡោះតាអាឡា នោះទេ។ |
|
| 30 |
|
| ហារូន និងជនជាតិអ៊ីស្រអែលទាំងអស់ ឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតគាត់ឡើយ។ |
|
| 31 |
|
| ម៉ូសាបានហៅពួកគេ ហើយហារូន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតគាត់ រួចគាត់និយាយជាមួយពួកគេ។ |
|
| 32 |
|
| បន្ទាប់មក ជនជាតិអ៊ីស្រអែលទាំងអស់ នាំគ្នាចូលមកជិតគាត់ ហើយគាត់ក៏ថ្លែងប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា បានបង្គាប់មកគាត់នៅលើភ្នំស៊ីណៃ។ |
|
| 33 |
|
| កាលម៉ូសាមានប្រសាសន៍ទៅពួកគេចប់សព្វគ្រប់ហើយ ក៏យកស្បៃមកបាំងមុខ។ |
|
| 34 |
|
| ពេលម៉ូសាចូលទៅជួប អុលឡោះតាអាឡា ដើម្បីសន្ទនាជាមួយទ្រង់គាត់ដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលគាត់ចេញមកវិញ គាត់ក៏នាំបទបញ្ជាផ្សេងៗ ដែលគាត់បានទទួលយកមកប្រាប់ជនជាតិអ៊ីស្រអែល។ |
|
| 35 |
|
| ជនជាតិអ៊ីស្រអែលឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មី គាត់ក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលគាត់ចូលទៅសន្ទនាជាមួយ អុលឡោះតាអាឡា ។ |
|
|
|
|