|
| 1 |
|
| លោកម៉ូសេឆ្លើយថា៖ «ប្រហែលជាជនជាតិអ៊ីស្រាអែលមិនជឿ ហើយមិនស្ដាប់សម្ដីទូលបង្គំទេ។ ពួកគេនឹងពោលមកទូលបង្គំថា “ ព្រះអម្ចាស់ មិនបានបង្ហាញឲ្យអ្នកឃើញព្រះអង្គឡើយ”»។ |
|
| 2 |
|
| ព្រះអម្ចាស់ សួរលោកថា៖ «តើអ្នកកាន់អ្វី?» លោកឆ្លើយថា៖ «ទូលបង្គំកាន់ដំបង»។ |
|
| 3 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ លោកម៉ូសេបោះដំបងទៅដី ដំបងនោះក៏ក្លាយជាពស់។ លោកម៉ូសេរត់ចេញពីពស់។ |
|
| 4 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ លោកលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោក។ |
|
| 5 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែន»។ |
|
| 6 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកទៅ»។ លោកម៉ូសេក៏ដាក់ដៃលើទ្រូង រួចពេលដកដៃមកវិញ លោកឃើញដៃលោកកើតឃ្លង់ ឡើងសដូចកប្បាស។ |
|
| 7 |
|
| ព្រះអម្ចាស់ បញ្ជាទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកម្ដងទៀត»។ លោកម៉ូសេដាក់ដៃលើទ្រូង ហើយពេលលោកដកដៃមកវិញ លោកឃើញដៃលោកជាដូចធម្មតា។ |
|
| 8 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ប្រសិនបើពួកគេមិនជឿអ្នក ហើយមិនយកចិត្តទុកដាក់នឹងទីសម្គាល់ទីមួយទេ គេមុខជាជឿលើទីសម្គាល់ក្រោយនេះ។ |
|
| 9 |
|
| ប្រសិនបើពួកគេនៅតែមិនជឿលើទីសម្គាល់ទាំងពីរនេះ ហើយមិនស្ដាប់សម្ដីរបស់អ្នកទេ ចូរយកទឹកទន្លេនីលទៅចាក់លើដីស្ងួត ទឹកដែលអ្នកយកពីទន្លេនីលមកនោះ នឹងក្លាយទៅជាឈាមនៅលើដីស្ងួត»។ |
|
| 10 |
|
| លោកម៉ូសេទូល ព្រះអម្ចាស់ ថា៖ «បពិត្រ ព្រះអម្ចាស់ តាំងតែពីដើមរៀងមក រហូតដល់ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំ ទូលបង្គំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតទូលបង្គំមិនប្រសប់និយាយ»។ |
|
| 11 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី? |
|
| 12 |
|
| ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយ យើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្ដីដែលត្រូវនិយាយ»។ |
|
| 13 |
|
| លោកម៉ូសេទូលព្រះអង្គថា៖ « ព្រះអម្ចាស់ អើយ សូមព្រះអង្គចាត់នរណាម្នាក់ទៀតឲ្យទៅចុះ!»។ |
|
| 14 |
|
| ពេលនោះ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ឈ្មោះអើរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។ |
|
| 15 |
|
| អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួសនូវសេចក្ដីដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។ |
|
| 16 |
|
| គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាព្រះសម្រាប់គាត់។ |
|
| 17 |
|
| ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសម្គាល់ដ៏អស្ចារ្យផ្សេងៗ»។ |
|
| 18 |
|
| លោកម៉ូសេក៏ចេញទៅ ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «ចូរកូនទៅដោយសុខសាន្តចុះ!»។ |
|
| 19 |
|
| នៅស្រុកម៉ាឌាន ព្រះអម្ចាស់ មានព្រះបន្ទូលទៅលោកម៉ូសេថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។ |
|
| 20 |
|
| លោកម៉ូសេនាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ លោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរ។ |
|
| 21 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្ដល់អំណាចឲ្យអ្នកសម្តែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះឲ្យស្ដេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញមកទេ។ |
|
| 22 |
|
| ត្រូវប្រាប់ស្ដេចផារ៉ោនថា: “ ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ប្រជាជនអ៊ីស្រាអែលជាកូនច្បងរបស់យើង |
|
| 23 |
|
| ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។ |
|
| 24 |
|
| ពេលធ្វើដំណើរ លោកម៉ូសេឈប់សម្រាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។ |
|
| 25 |
|
| នាងសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់លោកម៉ូសេ ទាំងពោលថា៖ «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!»។ |
|
| 26 |
|
| ពេលនោះ ព្រះអម្ចាស់ ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។ |
|
| 27 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «ចូរចេញទៅជួបម៉ូសេនៅវាលរហោស្ថាន»។ លោកអើរ៉ុនក៏ចេញទៅជួបលោកម៉ូសេ នៅភ្នំរបស់ព្រះជាម្ចាស់ ហើយឱបលោក។ |
|
| 28 |
|
| លោកម៉ូសេរៀបរាប់ប្រាប់លោកអើរ៉ុនអំពីព្រះបន្ទូលទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ ចាត់លោកឲ្យមកប្រកាស។ លោកក៏រៀបរាប់អំពីទីសម្គាល់ទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់ឲ្យលោកធ្វើទៀតផង។ |
|
| 29 |
|
| បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅប្រមូលចាស់ទុំទាំងអស់របស់អ៊ីស្រាអែល។ |
|
| 30 |
|
| លោកអើរ៉ុនរៀបរាប់អំពីសេចក្ដីទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ មានព្រះបន្ទូលប្រាប់លោកម៉ូសេ ព្រមទាំងធ្វើទីសម្គាល់ឲ្យប្រជាជនឃើញផង។ |
|
| 31 |
|
| ប្រជាជននាំគ្នាជឿ ហើយយល់ថា ព្រះអម្ចាស់ បានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល ហើយព្រះអង្គមកសង្គ្រោះពួកគេ។ ពួកគេក៏ឱនកាយ ក្រាបថ្វាយបង្គំព្រះអង្គ។ |
|
|
|
|