|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន យើងនឹងសម្តែងបារមីដ៏ខ្លាំងពូកែរបស់យើង បង្ខំស្ដេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ។ ដោយសារបារមីដ៏ខ្លាំងពូកែ ស្ដេចផារ៉ោននឹងបណ្ដេញពួកគេចេញពីស្រុកអេស៊ីប»។ |
|
| 2 |
|
| ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេទៀតថា៖ «យើងជា ព្រះអម្ចាស់ |
|
| 3 |
|
| យើងបានបង្ហាញឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ស្គាល់យើងក្នុងឋានៈជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះ ព្រះអម្ចាស់ ទេ។ |
|
| 4 |
|
| យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។ |
|
| 5 |
|
| យើងឮជនជាតិអ៊ីស្រាអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ |
|
| 6 |
|
| ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: យើងជា ព្រះអម្ចាស់ យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយឫទ្ធិអំណាចរបស់យើង។ |
|
| 7 |
|
| យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។ |
|
| 8 |
|
| បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិកជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយយើងឲ្យស្រុកនោះដល់អ្នករាល់គ្នាជាមត៌ក យើងជា ព្រះអម្ចាស់!»។ |
|
| 9 |
|
| លោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។ |
|
| 10 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ |
|
| 11 |
|
| «ចូរទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបទៅ»។ |
|
| 12 |
|
| លោកម៉ូសេទូលព្រះអង្គថា៖ «សូម្បីតែជនជាតិអ៊ីស្រាអែលក៏មិនព្រមស្ដាប់ទូលបង្គំផង ធ្វើដូចម្ដេចឲ្យស្ដេចផារ៉ោនស្ដាប់ទូលបង្គំ ជាមនុស្សដែលគ្មានវោហារនេះ!»។ |
|
| 13 |
|
| ដូច្នេះ ព្រះអម្ចាស់ បង្គាប់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងស្ដេចផារ៉ោន ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ |
|
| 14 |
|
| នេះជាបញ្ជីរាយនាមមេគ្រួសារនៃបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែល: កូនរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល មានហេណុក ប៉ាលូវ ហេតស្រុន និងកើមី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូររូបេន។ |
|
| 15 |
|
| កូនរបស់លោកស៊ីម្មានមានយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរស៊ីម្មាន។ |
|
| 16 |
|
| រីឯកូនចៅរបស់លោកលេវីមានរាយនាមតាមតំណវង្សត្រកូលដូចតទៅ: កូនរបស់លោកលេវីមានគើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ |
|
| 17 |
|
| កូនរបស់គើសុនមានលីបនី និងស៊ីម៉ៃ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ |
|
| 18 |
|
| កូនរបស់កេហាត់មានអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូសាល។ លោកកេហាត់រស់បានមួយរយសាមសិបបីឆ្នាំ។ |
|
| 19 |
|
| កូនរបស់ម៉្រារីមានម៉ាស់លី និងមូស៊ី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ |
|
| 20 |
|
| លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្ដាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ |
|
| 21 |
|
| កូនរបស់លោកយីតសារមានកូរេ ណេផេក និងស៊ីកគ្រី។ |
|
| 22 |
|
| កូនរបស់លោកអ៊ូសាលគឺ មីសាអែល អែលសាផាន និងស៊ីតទ្រី។ |
|
| 23 |
|
| លោកអើរ៉ុនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ |
|
| 24 |
|
| កូនរបស់កូរេមានអាស់សៀរ អែលកាណា និងអេបៀសាប់ ដែលជាបុព្វបុរសនៃអំបូរកូរេ។ |
|
| 25 |
|
| លោកអេឡាសារ កូនប្រុសរបស់លោកអើរ៉ុន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។ |
|
| 26 |
|
| ព្រះអម្ចាស់ បានបង្គាប់ឲ្យលោកអើរ៉ុន និងលោកម៉ូសេនេះ នាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ |
|
| 27 |
|
| លោកម៉ូសេ និងលោកអើរ៉ុននេះហើយដែលបានទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។ |
|
| 28 |
|
| ពេល ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅស្រុកអេស៊ីប |
|
| 29 |
|
| ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «យើងជា ព្រះអម្ចាស់! ចូរនាំសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប»។ |
|
| 30 |
|
| ប៉ុន្តែ លោកម៉ូសេទូល ព្រះអម្ចាស់ ថា៖ «ទូលបង្គំគ្មានវោហារទេ ព្រះចៅផារ៉ោនមុខជាមិនស្ដាប់ទូលបង្គំឡើយ»។ |
|
|
|
|