|
| 1 |
|
| អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះហ្វៀរ៉អ៊ូន យើងនឹងសំដែងអំណាចដ៏ខ្លាំងពូកែរបស់យើង បង្ខំស្តេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រអែលចេញទៅ។ ដោយសារអំណាចដ៏ខ្លាំងពូកែ ស្តេចហ្វៀរ៉អ៊ូននឹងបណ្តេញពួកគេចេញពីស្រុកអេស៊ីប»។ |
|
| 2 |
|
| អុលឡោះមានបន្ទូលមកម៉ូសាទៀតថា៖ «យើងជា អុលឡោះតាអាឡា |
|
| 3 |
|
| យើងបានបង្ហាញឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបស្គាល់យើង ក្នុងឋានៈជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះ អុលឡោះតាអាឡា ទេ។ |
|
| 4 |
|
| យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។ |
|
| 5 |
|
| យើងឮជនជាតិអ៊ីស្រអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ |
|
| 6 |
|
| ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: “យើងជា អុលឡោះតាអាឡា យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយប្ញទ្ធិអំណាចរបស់យើង។ |
|
| 7 |
|
| យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។ |
|
| 8 |
|
| បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិក ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ហើយយើងឲ្យស្រុកនោះ ដល់អ្នករាល់គ្នាជាមត៌ក យើងជា អុលឡោះតាអាឡា!»។ |
|
| 9 |
|
| ម៉ូសាក៏នាំបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រអែល ប៉ុន្តែ ពួកគេមិនស្តាប់គាត់ឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។ |
|
| 10 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាទៀតថា៖ |
|
| 11 |
|
| «ចូរទៅប្រាប់ហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបទៅ»។ |
|
| 12 |
|
| ម៉ូសាជម្រាបអុលឡោះថា៖ «សូម្បីតែជនជាតិអ៊ីស្រអែល ក៏មិនព្រមស្តាប់ខ្ញុំផង ធ្វើដូចម្តេចឲ្យស្តេចហ្វៀរ៉អ៊ូនស្តាប់ខ្ញុំ ជាមនុស្សដែលគ្មានវោហារនេះ!»។ |
|
| 13 |
|
| ដូច្នេះ អុលឡោះតាអាឡា បង្គាប់ម៉ូសា និងហារូនឲ្យនាំបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រអែល និងស្តេចហ្វៀរ៉អ៊ូន ដើម្បីឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។ |
|
| 14 |
|
| នេះជាបញ្ជីរាយនាមមេគ្រួសារនៃបុព្វបុរសរបស់ជនជាតិអ៊ីស្រអែល: កូនរបស់លោករូបេនដែលជាកូនច្បងរបស់លោកអ៊ីស្រអែល មានហេណុក ប៉ាលូវ ហេតស្រុន និងកើមី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូររូបេន។ |
|
| 15 |
|
| កូនរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះ ជាបុព្វបុរសនៃអំបូរស៊ីម្មាន។ |
|
| 16 |
|
| រីឯកូនចៅរបស់លោកលេវី មានរាយនាមតាមតំណវង្សត្រកូលដូចតទៅ: កូនរបស់លោកលេវីមាន គើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ |
|
| 17 |
|
| កូនរបស់គើសុន មាន លិបនី និងស៊ីម៉ៃ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ |
|
| 18 |
|
| កូនរបស់កេហាត់ មានអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូសាល។ លោកកេហាត់រស់បានមួយរយសាមសិបបីឆ្នាំ។ |
|
| 19 |
|
| កូនរបស់ម៉្រារីមាន ម៉ាលី និងមូស៊ី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ |
|
| 20 |
|
| លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្តាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺហារូន និងម៉ូសា។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ |
|
| 21 |
|
| កូនរបស់លោកយីតសារមាន កូរេ ណេផេក និងស៊ីកគ្រី។ |
|
| 22 |
|
| កូនរបស់លោកអ៊ូសាលគឺ មីសាអែល អែលសាផាន និងស៊ីតទ្រី។ |
|
| 23 |
|
| ហារូនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ |
|
| 24 |
|
| កូនរបស់កូរេមាន អាស់សៀរ អែលកាណា និងអេបៀសាប់ ដែលជាបុព្វបុរសនៃអំបូរកូរេ។ |
|
| 25 |
|
| លោកអេឡាសារ កូនប្រុសរបស់ហារូន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។ |
|
| 26 |
|
| អុលឡោះតាអាឡា បានបង្គាប់ឲ្យហារូន និងម៉ូសានេះនាំកូនចៅអ៊ីស្រអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ |
|
| 27 |
|
| ម៉ូសា និងហារូននេះហើយ ដែលបានទៅជួបស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប។ |
|
| 28 |
|
| ពេលដែល អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា នៅស្រុកអេស៊ីប |
|
| 29 |
|
| ទ្រង់មានបន្ទូលមកគាត់ថា៖ «យើងជា អុលឡោះតាអាឡា! ចូរនាំសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីប»។ |
|
| 30 |
|
| ប៉ុន្តែ ម៉ូសាជម្រាប អុលឡោះតាអាឡា ថា៖ «ខ្ញុំគ្មានវោហារទេ ស្តេចហ្វៀរ៉អ៊ូនមុខជាមិនស្តាប់ខ្ញុំឡើយ»។ |
|
|
|
|