|
| 1 |
|
| អុលឡោះមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ដូចតទៅ: អុលឡោះតាអាឡា មានបន្ទូលថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញ ទៅគោរពបម្រើយើង។ |
|
| 2 |
|
| ប្រសិនបើអ្នកបដិសេធ យើងនឹងប្រើកង្កែបឲ្យមកបំផ្លាញទឹកដីរបស់អ្នក។ |
|
| 3 |
|
| កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងបន្ទប់ដេករបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និងផ្ទះប្រជារាស្ត្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និងផើងម្សៅ។ |
|
| 4 |
|
| វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជារាស្ត្ររបស់អ្នកទៀតផង”»។ |
|
| 5 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាទៀតថា៖ «ចូរប្រាប់ហារូនថា: “សូមបងលើកដំបងវាយទឹកទន្លេ ព្រែក និងត្រពំាង ដើម្បីឲ្យកង្កែបឡើងមករាតត្បាតស្រុកអេស៊ីប”»។ |
|
| 6 |
|
| ហារូនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។ |
|
| 7 |
|
| ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីប ក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺឲ្យកង្កែបចេញមករាតត្បាតស្រុកអេស៊ីប។ |
|
| 8 |
|
| ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូនមក ហើយមានប្រសាសន៍ថា៖ «ទូរអាអង្វរ អុលឡោះតាអាឡា ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅធ្វើគូរបានជូន អុលឡោះតាអាឡា!»។ |
|
| 9 |
|
| ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចមេត្តាកំណត់ពេលវេលា ដែលខ្ញុំត្រូវទូរអាអង្វរ អុលឡោះតាអាឡា សម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេច ដើម្បីបំបាត់កង្កែបចេញពីស្តេច និងចេញពីដំណាក់របស់ស្តេច គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ |
|
| 10 |
|
| ស្តេចហ្វៀរ៉អ៊ូន ពោលថា៖ «ថ្ងៃស្អែក»។ ម៉ូសាឆ្លើយថា៖ «ខ្ញុំនឹងធ្វើតាមពាក្យសំដី ដើម្បីឲ្យស្តេចទទួលស្គាល់ថា គ្មានម្ចាស់ឯណា ដូច អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំឡើយ។ |
|
| 11 |
|
| កង្កែបនឹងចេញពីស្តេច និងចេញពីដំណាក់របស់ស្តេច ពីនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ស្តេច គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ |
|
| 12 |
|
| បន្ទាប់មក ម៉ូសា និងហារូនចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយម៉ូសាទូរអាអង្វរ អុលឡោះតាអាឡា សូមដកកង្កែបដែលទ្រង់នាំមកធ្វើទុក្ខស្តេចហ្វៀរ៉អ៊ូន។ |
|
| 13 |
|
| អុលឡោះតាអាឡា ក៏ធ្វើតាមពាក្យអង្វររបស់ម៉ូសា គឺកង្កែបបានងាប់នៅក្នុងផ្ទះ នៅតាមភូមិ និងនៅតាមស្រែចម្ការ។ |
|
| 14 |
|
| គេប្រមូលខ្មោចកង្កែបគរជាគំនរ ហើយមានក្លិនស្អុយពាសពេញស្រុក។ |
|
| 15 |
|
| ពេលឃើញកង្កែបងាប់អស់ហើយនោះ ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូច អុលឡោះតាអាឡា មានបន្ទូលទុកស្រាប់។ |
|
| 16 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ហារូនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។ |
|
| 17 |
|
| អ្នកទាំងពីរក៏ធ្វើតាមបន្ទូល គឺហារូនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វនៅស្រុកអេស៊ីបទាំងមូល។ |
|
| 18 |
|
| ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ |
|
| 19 |
|
| ពេលនោះ ពួកគ្រូធ្មប់ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ការនេះកើតមកពីអុលឡោះ»។ ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូច អុលឡោះតាអាឡា មានបន្ទូលទុកស្រាប់។ |
|
| 20 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹម ទៅជួបស្តេចហ្វៀរ៉អ៊ូន នៅពេលស្តេចចុះទៅទន្លេ ហើយជម្រាបស្តេចដូចតទៅ “ អុលឡោះតាអាឡា មានបន្ទូលថា: ចូរបើកឲ្យប្រជារាស្ត្ររបស់យើង ចេញទៅគោរពបម្រើយើង។ |
|
| 21 |
|
| ប្រសិនបើអ្នកមិនបើកឲ្យពួកគេចេញទៅទេ យើងនឹងប្រើរុយឲ្យមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។ |
|
| 22 |
|
| ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា យើងស្ថិតនៅក្នុងស្រុកនេះ។ |
|
| 23 |
|
| យើងមិនបណ្តោយឲ្យប្រជារាស្ត្ររបស់យើងរងគ្រោះ ដោយសាររុយជាមួយប្រជារាស្ត្ររបស់អ្នកទេ ទីសំគាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។ |
|
| 24 |
|
| អុលឡោះតាអាឡា ធ្វើតាមបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។ |
|
| 25 |
|
| ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូន ហើយបានប្រាប់ថា៖ «ចូរធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។ |
|
| 26 |
|
| ប៉ុន្តែ ម៉ូសាជម្រាបថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើគូរបានជូន អុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំ ដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើគូរបាន គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្ម គប់សម្លាប់យើងខ្ញុំមិនខាន។ |
|
| 27 |
|
| យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូន អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំតាមរបៀបដែលទ្រង់នឹងបង្ហាញប្រាប់យើងខ្ញុំ»។ |
|
| 28 |
|
| ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើគូរបាន ជូន អុលឡោះតាអាឡា ជាម្ចាស់នៃអ្នករាល់គ្នានៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរសូមអង្វរទ្រង់ឲ្យយើងផង»។ |
|
| 29 |
|
| ម៉ូសាតបថា៖ «ពេលចាកចេញពីស្តេចទៅ ខ្ញុំនឹងទូរអាអង្វរ អុលឡោះតាអាឡា ។ ស្អែករុយនឹងចាកចេញពីស្តេច ពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេចទៀតផង។ ប៉ុន្តែ សូមស្តេចឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំ ចេញទៅធ្វើគូរបានជូន អុលឡោះតាអាឡា ឡើយ»។ |
|
| 30 |
|
| ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយទូរអាអង្វរ អុលឡោះតាអាឡា ។ |
|
| 31 |
|
| អុលឡោះតាអាឡា ធ្វើតាមពាក្យអង្វររបស់ម៉ូសា គឺទ្រង់បំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេច ឥតមានទុកឲ្យនៅសល់មួយឡើយ។ |
|
| 32 |
|
| ប៉ុន្តែម្តងនេះទៀត ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រអែលចេញទៅទេ។ |
|
|
|
|