×

ខ្មែរព្រះគម្ពីរ 1954

អេសាយ ៣

1
ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល នឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជា​បង្អែក​របស់​ប្រជាជន ចេញ​ពី​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា គឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក
2
លែង​មាន​វីរបុរស លែង​មាន​អ្នក​ចំបាំង លែង​មាន​ចៅក្រម លែង​មាន​ព្យាការី លែង​មាន​ហោរា លែង​មាន​ព្រឹទ្ធាចារ្យ
3
លែង​មាន​មេទ័ព លែង​មាន​អ្នក​ធំ លែង​មាន​ទី​ប្រឹក្សា លែង​មាន​ជំនាញ​ការ ហើយ​ក៏​លែង​មាន​គ្រូ​ពូកែ​ខាង​មន្តអាគម​ដែរ។
4
ពេល​នោះ យើង​នឹង​អោយ​ក្មេងក្មាង​ឡើង​ធ្វើ ជា​មេ​ដឹក​នាំ ត្រួតត្រា​លើ​ពួក​គេ តាម​អំពើ​ចិត្ត​របស់​ខ្លួន។
5
ក្នុង​ចំណោម​ប្រជាជន គេ​សង្កត់សង្កិន​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​សង្កត់សង្កិន​បង​ប្អូន​របស់​ខ្លួន។ ក្មេងក្មាង​ប្រឆាំង​នឹង​ចាស់ៗ មនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃថ្នូរ។
6
ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់ ចាប់​បង្ខំ​បង​ប្អូន ក្នុង​អំបូរ​របស់​ខ្លួន​ដោយ​ពោល​ថា: បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជា មេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួតត្រា​លើ​ទឹក​ដី ដែល​គ្មាន​សណ្ដាប់ធ្នាប់​នេះ​ទៅ!
7
ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​តប​ទៅ​វិញ​ថា: ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ នៅ​ក្នុង​ផ្ទះ​ខ្ញុំ ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរ កុំ​តែងតាំង​ខ្ញុំ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​អី!
8
ពិត​មែន​ហើយ​យេរូសាឡឹម​ជា​ក្រុង​ដែល កំពុង​តែ​រលំ ហើយ​យូដា​ជា​ស្រុក​កំពុង​តែ​ហិនហោច ដ្បិត​ប្រជាជន​នាំ​គ្នា​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ដើម្បី​បន្ថោក​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ពាក្យ​សំដី និង​ដោយ​អំពើ​ផ្សេងៗ​ដែល​ពួក​គេ​ប្រព្រឹត្ត។
9
ឫកពា​របស់​ពួក​គេ​សំដែង​អោយ​ឃើញ​ថា ពួក​គេ​មាន​ទោស ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុម គឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស ឥត​លាក់លៀម​សោះ​ឡើយ។ ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!
10
អ្នក​រាល់​គ្នា​អាច​ពោល​ថា: មនុស្ស​សុចរិត​បាន​សុខដុមរមនា គេ​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​គេ​ធ្វើ។
11
រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា គេ​មិន​បាន​សុខ​ទេ គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
12
ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ប្រជាជន​របស់​យើង​ត្រូវ​ក្មេងក្មាង ជិះជាន់​សង្កត់សង្កិន ស្រីៗ​ក៏​នាំ​គ្នា​ត្រួតត្រា​លើ​ពួក​គេ​ដែរ។ ប្រជាជន​របស់​យើង​អើយ ពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​អោយ​វង្វេង ពួក​គេ​នាំ​អ្នក​រាល់​គ្នា​អោយ​ដើរ​ខុស​ផ្លូវ។
13
ព្រះអម្ចាស់ ​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដី ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស ជាតិ​សាសន៍​ទាំងឡាយ​។
14
ព្រះអម្ចាស់ ​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធាចារ្យ និង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា: “អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចំការ​ទំពាំងបាយជូរ!​ អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រ មក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា!
15
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ប្រជារាស្ត្រ​របស់​យើង ហើយ​បង្អាប់​កិត្តិយស​ជន​ក្រីក្រ​ដូច្នេះ?”។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ នៃ​ពិភព​ទាំង​មូល។
16
ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ពួក​ជំទាវ​នៅ​ក្រុង​ស៊ីយ៉ូន​អួតអាង​ណាស់ ពួក​គេ​មាន​កិរិយា​ឆ្មើងឆ្មៃ និង​វាយ​ឫក​ខ្ពស់ ពួក​គេ​ដើរ​កាច់​រាង ទាំង​អង្រួន​កង​ជើង​អោយ​គេ​ឮ។
17
ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ពួក​ជំទាវ នៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាល ហើយ​ ព្រះអម្ចាស់ ​ធ្វើ​អោយ​ក្បាល​ពួក​គេ ទៅ​ជា​ត្រងោល។
18
នៅ​គ្រា​នោះ ព្រះអម្ចាស់​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ព្រះអង្គ​ដក​ក្រវិល ភ្នួងសក់ បន្តោង​ខ្សែ​ក
19
ទំហូ ខ្សែ​ដៃ ស្បៃ​បាំង​មុខ
20
ស្នៀត​សក់​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ដន្លាប់
21
ចិញ្ចៀន ក្រវិល ច្រមុះ
22
សម្លៀកបំពាក់​ដ៏​មាន​តម្លៃ អាវ​វែង អាវ​ធំ កាបូប
23
កញ្ចក់ ក្រណាត់​ស្ដើង ឆ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។
24
ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់ ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាត សម្លៀកបំពាក់​កណ្ដាច់កណ្ដាច​នឹង​ជំនួស សម្លៀកបំពាក់​ដ៏​ល្អ​ប្រណីត សញ្ញា​ដែល​គេ​ដៅ​ជា​ទាសករ នឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។​
25
យេរូសាឡឹម​អើយ ប្រុសៗ​របស់​អ្នក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​ស្លាប់​ដោយ​សឹក​សង្គ្រាម។
26
ក្រុង​យេរូសាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេង កាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដី ព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។
Khmer Bible 1954
Public Domain: 1954
:
រក្សាទុកកំណត់ចំណាំ