|
| 1 |
|
| យើងបានតបឆ្លើយនឹងពួកអ្នកដែលមិនបានសួររកយើង ហើយពួកអ្នកដែលមិនបានស្វែងរកយើង នោះយើងបានបង្ហាញឲ្យគេឃើញ យើងបាននិយាយទៅសាសន៍មួយ ដែលមិនបានហៅតាមឈ្មោះយើងថា "មើល៍ យើងនៅនេះហើយ"។ |
|
| 2 |
|
| រាល់ថ្ងៃយើងបានហុចដៃទៅចង់ទទួលពួកអ្នកបះបោរ ជាពួកអ្នកប្រព្រឹត្តតាមផ្លូវដែលមិនល្អ តាមតែគំនិតរបស់ខ្លួនគេ |
|
| 3 |
|
| ជនជាតិដែលបណ្ដាលឲ្យយើងខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ |
|
| 4 |
|
| គេអង្គុយនៅក្នុងផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសម្លគួរខ្ពើមនៅក្នុងឆ្នាំងរបស់គេ |
|
| 5 |
|
| ក៏ពោលថា "ចូរឈរនៅទីនោះដោយខ្លួនទៅ កុំមកជិតយើងឡើយ ដ្បិតយើងបរិសុទ្ធជាងអ្នក" ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះយើង គឺជាភ្លើងដែលឆេះជានិច្ច។ |
|
| 6 |
|
| មើល៍! អំពើទាំងនោះបានកត់ទុកនៅចំពោះយើងហើយ យើងមិនព្រមនៅស្ងៀមឡើយ យើងនឹងសងដល់គេ យើងនឹងដាក់សំណងនោះនៅលើដើមទ្រូងរបស់គេ |
|
| 7 |
|
| ជាអំពើទុច្ចរិតរបស់អ្នករាល់គ្នា និងអំពើទុច្ចរិតរបស់បុព្វបុរសអ្នកដែរ ជាការដែលអ្នករាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថយើងនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ យើងនឹងវាល់អំពើដែលគេបានប្រព្រឹត្ត ពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ |
|
| 8 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ មួយចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញវា ដ្បិតជាផ្លែមានពរ គឺយ៉ាងនោះដែលយើងប្រព្រឹត្តចំពោះ ពួកអ្នកបម្រើរបស់យើងទាំងប៉ុន្មាន ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ។ |
|
| 9 |
|
| យើងនឹងបង្កើតជំនួរវង្សមួយចេញពីយ៉ាកុប ហើយឲ្យមានពួកមួយចេញពីយូដា ដែលនឹងគ្រងបានស្រុកភ្នំរបស់យើងទុកជាមត៌ក ពួកអ្នករើសតាំងរបស់យើងនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបម្រើរបស់យើងនឹងអាស្រ័យនៅទីនោះ។ |
|
| 10 |
|
| វាលសារ៉ុននឹងក្លាយជាទីឃ្វាលហ្វូងចៀម ហើយច្រកភ្នំអាកោរជាកន្លែងហ្វូងគោដេក សម្រាប់ពួកប្រជារាស្ត្ររបស់យើងដែលបានស្វែងរកយើង។ |
|
| 11 |
|
| ប៉ុន្តែ អ្នករាល់គ្នាដែលបោះបង់ព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់យើង ហើយក៏រៀបអាសនាមួយថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែងថ្វាយដល់ព្រះវាសនា |
|
| 12 |
|
| យើងនឹងឲ្យអ្នករាល់គ្នាមានវាសនាជាដាវវិញ ហើយអ្នកទាំងអស់គ្នានឹងត្រូវឱនចុះ ឲ្យគេកាប់សម្លាប់ ព្រោះពេលយើងហៅ អ្នករាល់គ្នាមិនបានឆ្លើយសោះ ហើយពេលយើងនិយាយ អ្នករាល់គ្នាមិនបានឮឡើយ គឺអ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកយើង ហើយបានរើសយករបស់ដែលយើងមិនចូលចិត្តវិញ។ |
|
| 13 |
|
| ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកបម្រើយើងនឹងបានស៊ី តែអ្នករាល់គ្នានឹងត្រូវឃ្លាន ពួកអ្នកបម្រើយើងនឹងបានផឹក តែអ្នករាល់គ្នានឹងត្រូវស្រេក ពួកអ្នកបម្រើយើងនឹងអរសប្បាយ តែអ្នករាល់គ្នានឹងត្រូវខ្មាស |
|
| 14 |
|
| ពួកអ្នកបម្រើយើងនឹងច្រៀងដោយមានចិត្តអំណរ តែអ្នករាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ។ |
|
| 15 |
|
| អ្នករាល់គ្នានឹងបន្តឈ្មោះរបស់អ្នក ទុកជាទីផ្ដាសាដល់ពួករើសតាំងរបស់យើង ហើយព្រះអម្ចាស់យេហូវ៉ានឹងសម្លាប់អ្នក ព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀត ឲ្យដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។ |
|
| 16 |
|
| ពេលនោះ អ្នកណានៅផែនដី ដែលចង់បានពរ នឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីមុនបានភ្លេចទៅហើយ ក៏បានបាំងពីភ្នែកយើងដែរ។ |
|
| 17 |
|
| ដ្បិតមើល៍ យើងនឹងបង្កើតផ្ទៃមេឃថ្មី ផែនដីថ្មី ឯរបស់ពីមុន នោះគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ |
|
| 18 |
|
| ប៉ុន្តែ អ្នករាល់គ្នាត្រូវមានអំណរ ហើយរីករាយជាដរាបចំពោះការដែលយើងបង្កើតនោះ ដ្បិតមើល៍ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាអំណរ។ |
|
| 19 |
|
| យើងនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម និងអំណរចំពោះប្រជារាស្ត្ររបស់យើង រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ និងសម្រែកទៀត។ |
|
| 20 |
|
| ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅ ឲ្យពេញកំណត់អាយុទៀតដែរ ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុមួយរយឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹមមួយរយឆ្នាំ នោះនឹងត្រូវបណ្ដាសាវិញ។ |
|
| 21 |
|
| គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយអាស្រ័យនៅ ក៏នឹងដាំចម្ការទំពាំងបាយជូរ ហើយបរិភោគផលដែរ។ |
|
| 22 |
|
| គេមិនសង់ដើម្បីម្នាក់ទៀតអាស្រ័យនៅទេ ឬដាំសម្រាប់ម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់ប្រជារាស្ត្ររបស់យើង នឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់យើង នឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរ។ |
|
| 23 |
|
| គេខំធ្វើការមិនមែនឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។ |
|
| 24 |
|
| មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។ |
|
| 25 |
|
| ឆ្កែព្រៃ និងកូនចៀមរកស៊ីជាមួយគ្នា សិង្ហនឹងស៊ីចំបើងដូចជាគោ ចំណែកពស់ នឹងមានធូលីដីជាអាហារ សត្វទាំងឡាយនឹងមិនបៀតបៀន ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់យើងទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ |
|
|
|
|