|
| 1 |
|
| ក្នុងរជ្ជកាលព្រះបាទអេហាស បុត្រយ៉ូថាម ដែលជាបុត្រអ៊ូសៀសស្តេចស្រុកយូដា នោះរេស៊ីន ជាស្តេចស្រុកស៊ីរី ហើយពេកា ជាបុត្ររេម៉ាលា ស្តេចស្រុកអ៊ីស្រាអែល បានលើកទ័ពឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ។ |
|
| 2 |
|
| គ្រានោះ មានដំណឹងមកដល់ពួកវង្សដាវីឌថា សាសន៍ស៊ីរីបានចូលដៃនឹងពួកអេប្រាអិមហើយ ដូច្នេះ ព្រះបាទអេហាសញ័ររន្ធត់ ព្រមទាំងចិត្តរបស់ប្រជារាស្ត្រព្រះអង្គផង ប្រៀបដូចជាព្រៃឈើរញ្ជួយដោយត្រូវខ្យល់បក់បោក។ |
|
| 3 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលទៅហោរាអេសាយថា៖ «ចូរអ្នក និងស្អា-យ៉ាស៊ូប កូនអ្នក ចេញទៅជួបអេហាសនៅចុងប្រឡាយទឹក ត្រង់ស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកប្រមោក |
|
| 4 |
|
| ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ |
|
| 5 |
|
| ពីព្រោះសាសន៍ស៊ីរី និងពួកអេប្រាអិម ព្រមទាំងកូនរេម៉ាលាបានគិតសម្រេចនឹងធ្វើអាក្រក់ដល់អ្នក ដោយពាក្យថា |
|
| 6 |
|
| "ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា ធ្វើឲ្យគេតក់ស្លុត ហើយដណ្ដើមយកស្រុកនោះ រួចយើងនឹងតាំងកូនរបស់តាបៀល ជាស្តេចនៅស្រុកនោះ"។ |
|
| 7 |
|
| ឯព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា "ការនោះមិនបានទេ គេនឹងធ្វើមិនកើតឡើយ។ |
|
| 8 |
|
| ដ្បិតក្បាលរបស់ស្រុកស៊ីរី គឺក្រុងដាម៉ាស ហើយក្បាលរបស់ក្រុងដាម៉ាស គឺរេស៊ីននេះហើយ។ (ក្នុងរវាងហុកសិបប្រាំឆ្នាំ នោះពួកអេប្រាអិម នឹងត្រូវបែកខ្ញែករតាត់រតាយអស់ទៅ លែងបានពូជពង្សតទៅទៀត)។ |
|
| 9 |
|
| ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ ប្រសិនបើអ្នកមិនព្រមជឿទេ នោះប្រាកដជាអ្នកមិនបានតាំងនៅជាប់ឡើយ"»។ |
|
| 10 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងអេហាសថា៖ |
|
| 11 |
|
| «ចូរអ្នកសូមទីសម្គាល់មួយពីព្រះយេហូវ៉ាជាព្រះរបស់អ្នកចុះ ចូរសូម ទោះបើនៅក្នុងទីជម្រៅ ឬនៅទីខ្ពស់ខាងលើក្តី»។ |
|
| 12 |
|
| ប៉ុន្តែ អេហាសតបថា៖ «យើងមិនសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ»។ |
|
| 13 |
|
| ពេលនោះ ហោរាអេសាយទូលថា៖ «ឱរាជវង្សរបស់ព្រះបាទដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬ បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀត? |
|
| 14 |
|
| ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។ |
|
| 15 |
|
| បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ។ |
|
| 16 |
|
| ដ្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំងពីរ ដែលអ្នកខ្ពើមនោះ នឹងត្រូវចោលស្ងាត់ទៅ។ |
|
| 17 |
|
| ព្រះយេហូវ៉ានឹងនាំហេតុការណ៍មួយមកលើអ្នក លើប្រជារាស្ត្រអ្នក ហើយលើពួកវង្សរបស់ឪពុកអ្នក គឺជាស្តេចស្រុកអាសស៊ើរ ជាការដែលមិនបានកើតមាន ចាប់តាំងពីគ្រាដែលអេប្រាអិមបែកចេញពីពួកយូដាមក។ |
|
| 18 |
|
| នៅគ្រានោះ ព្រះយេហូវ៉ានឹងហួចហៅរុយ ដែលនៅទីឆ្ងាយបំផុតនៃទន្លេស្រុកអេស៊ីព្ទ ព្រមទាំងឃ្មុំដែលនៅស្រុកអាសស៊ើរផង។ |
|
| 19 |
|
| នោះវានឹងនាំគ្នាមកទំនៅក្នុងច្រកភ្នំដែលត្រូវចោលស្ងាត់ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងរបងបន្លា ហើយនៅអស់ទាំងវាលស្មៅផង។ |
|
| 20 |
|
| នៅគ្រានោះ ព្រះអម្ចាស់នឹងកោរសក់ក្បាល និងរោមជើងផង ដោយកាំបិតដែលបានជួលពីទីនៅត្រើយខាងនាយទន្លេ គឺដោយស្តេចនៃស្រុកអាសស៊ើរ ហើយកាំបិតនោះនឹងរំលាងទាំងពុកចង្កាផង។ |
|
| 21 |
|
| នៅគ្រានោះ មនុស្សម្នាក់នឹងចិញ្ចឹមគោញីមួយ និងចៀមពីរ |
|
| 22 |
|
| ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរ បានជាអ្នកនោះនឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលនៅសល់ក្នុងស្រុកគេ នឹងបានខ្លាញ់ទឹកដោះ និងទឹកឃ្មុំបរិភោគគ្រប់គ្នា។ |
|
| 23 |
|
| ហើយនៅគ្រានោះ គ្រប់ទីកន្លែងណា ដែលពីដើមមានចម្ការទំពាំងបាយជូរចំនួនមួយពាន់ដើម មានតម្លៃជាប្រាក់មួយពាន់រៀល នោះនឹងបានជាទីសម្រាប់អញ្ចាញ និងបន្លាវិញ |
|
| 24 |
|
| ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះសុទ្ធតែអញ្ចាញ និងបន្លា |
|
| 25 |
|
| អ្នកក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ និងបន្លា ទីនោះនឹងបានសម្រាប់ជាទីលែងហ្វូងគោ ហើយសម្រាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ»។ |
|
|
|
|