|
| 1 |
|
| នៅរជ្ជកាលស្តេចយេហូយ៉ាគីមបុត្ររបស់ស្តេចយ៉ូសៀស ជាស្ដេចស្រុកយូដា អុលឡោះតាអាឡា មានបន្ទូលមកកាន់យេរេមាដូចតទៅ៖ |
|
| 2 |
|
| «ចូរទៅជួបពួកអ្នកក្នុងអំបូររេកាប ហើយនិយាយជាមួយពួកគេ។ បន្ទាប់មក ចូរនាំពួកគេទៅដំណាក់ចូលក្នុងបន្ទប់មួយ រួចចាក់ស្រាឲ្យពួកគេផឹក»។ |
|
| 3 |
|
| ខ្ញុំក៏ទៅបបួលលោកយ៉ាសានា ជាកូនរបស់យេរេមា និងជាចៅរបស់លោកហាបាស៊ីនា ព្រមទាំងបងប្អូន កូនចៅរបស់គាត់ និងអ្នកនៅក្នុងអំបូររេកាបទាំងមូល |
|
| 4 |
|
| ហើយនាំពួកគេទៅដំណាក់របស់ អុលឡោះតាអាឡា រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបម្រើរបស់អុលឡោះ។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។ |
|
| 5 |
|
| ខ្ញុំបានយកឪទិនមួយដែលមានស្រាពេញ ព្រមទាំងពែងជាច្រើន មកដាក់នៅមុខពួករេកាប ទាំងពោលថា “សូមអញ្ជើញពិសា!” |
|
| 6 |
|
| ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើងបានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា មិនត្រូវផឹកស្រាជាដាច់ខាត។ |
|
| 7 |
|
| អ្នករាល់គ្នាក៏មិនត្រូវសង់ផ្ទះ មិនត្រូវសាបព្រោះ ដាំទំពាំងបាយជូរ ឬទិញចម្ការទំពាំងបាយជូរមកធ្វើជាកម្មសិទ្ធិឡើយ។ អ្នករាល់គ្នាត្រូវបោះជំរំរស់នៅអស់មួយជីវិត។ ធ្វើដូច្នេះ អ្នករាល់គ្នាអាចរស់បានយូរលើទឹកដីដែលអ្នករាល់គ្នាទៅស្នាក់អាស្រ័យ”។ |
|
| 8 |
|
| ពួកយើងធ្វើតាមបង្គាប់របស់លោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ជាបុព្វបុរសយើងសព្វគ្រប់ទាំងអស់ ក្នុងមួយជីវិតរបស់ពួកយើង។ ពួកយើងមិនទទួលទានស្រាសោះឡើយ គឺទាំងពួកយើង ទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកយើង។ |
|
| 9 |
|
| ពួកយើងមិនសង់ផ្ទះសម្រាប់រស់នៅ ពួកយើងគ្មានចម្ការទំពាំងបាយជូរ គ្មានដីស្រែ និងដីដាំដំណាំទេ។ |
|
| 10 |
|
| ពួកយើងរស់នៅតាមជំរំ គឺធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូណាដាប់ ជាបុព្វបុរសបានបង្គាប់។ |
|
| 11 |
|
| ពេលស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន លើកទ័ពមកលុកលុយស្រុកនេះ ពួកយើងបានបបួលគ្នាមករស់នៅក្រុងយេរូសាឡឹម ដើម្បីរត់គេចពីកងទ័ពខាល់ដេ និងកងទ័ពស៊ីរី។ ហេតុនេះហើយបានជាពួកយើងរស់នៅក្នុងក្រុងយេរូសាឡឹម»។ |
|
| 12 |
|
| ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់យេរេមា ដូចតទៅ: |
|
| 13 |
|
| អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ចូរទៅជម្រាបអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។ |
|
| 14 |
|
| យ៉ូណាដាប់ ជាកូនរបស់រេកាប ហាមកូនចៅរបស់ខ្លួនមិនឲ្យផឹកស្រា ពួកគេក៏តមស្រារហូតមកដល់សព្វថ្ងៃ គឺពួកគេធ្វើតាមបង្គាប់បុព្វបុរសរបស់ខ្លួន។ រីឯយើងវិញ យើងរំលឹកដាស់តឿនអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនស្ដាប់បង្គាប់យើងទេ។ |
|
| 15 |
|
| យើងបានចាត់ណាពីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។ |
|
| 16 |
|
| ប៉ុន្តែ អ្នករាល់គ្នាពុំបានត្រងត្រាប់ស្ដាប់យើង ហើយអ្នករាល់គ្នាក៏ពុំបានស្ដាប់បង្គាប់យើងដែរ!»។ |
|
| 17 |
|
| ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល និងជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាទាំងប៉ុន្មាន កើតមានដល់ស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចយើងបានប្រកាសប្រឆាំងនឹងពួកគេស្រាប់ ដ្បិតយើងបាននិយាយជាមួយពួកគេ ពួកគេមិនស្ដាប់បង្គាប់យើងទេ យើងបានហៅពួកគេ តែពួកគេមិនឆ្លើយតបមកយើងវិញឡើយ»។ |
|
| 18 |
|
| បន្ទាប់មក យេរេមាមានប្រសាសន៍ទៅកាន់កូនចៅលោករេកាបថា៖ « អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “ដោយអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ូណាដាប់ ជាបុព្វបុរសរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគោរព និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលគាត់បានបង្គាប់ទុក |
|
| 19 |
|
| នោះនឹងមិនខ្វះពូជពង្សយ៉ូណាដាប់ ជាកូនរបស់រេកាប សម្រាប់បម្រើយើងឡើយ”» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ |
|
|
|
|