|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកយេរេមាដូចតទៅ៖ |
|
| 2 |
|
| «ចូរទៅឈរនៅមាត់ទ្វារព្រះវិហារ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នា ជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំ ព្រះអម្ចាស់ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ! |
|
| 3 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកអោយអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ |
|
| 4 |
|
| មិនត្រូវអះអាងលើពាក្យ ដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះវិហាររបស់ ព្រះអម្ចាស់! ព្រះវិហាររបស់ ព្រះអម្ចាស់! ព្រះវិហាររបស់ ព្រះអម្ចាស់!”ឡើយ។ |
|
| 5 |
|
| ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌អោយគ្នាទៅវិញទៅមក។ |
|
| 6 |
|
| ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើអោយអ្នករាល់គ្នាត្រូវវេទនា។ |
|
| 7 |
|
| ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកអោយអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់អោយដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។ |
|
| 8 |
|
| ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។ |
|
| 9 |
|
| អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការៈបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃដែលអ្នករាល់គ្នាពុំស្គាល់ពីមុន |
|
| 10 |
|
| រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះយើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមតទៅទៀត។ |
|
| 11 |
|
| តើអ្នករាល់គ្នាស្មានថា ព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិតយើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ |
|
| 12 |
|
| «ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបានបំផ្លាញទីនោះអោយខ្ទេចខ្ទី»។ |
|
| 13 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយនៅពេលយើងស្រែកហៅ |
|
| 14 |
|
| យើងនឹងប្រព្រឹត្តចំពោះព្រះវិហារនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់អោយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។ |
|
| 15 |
|
| យើងនឹងបំបរបង់អ្នករាល់គ្នាអោយឆ្ងាយពីយើង ដូចយើងបានបំបរបង់ពួកអេប្រាអ៊ីមទាំងមូលជាបងប្អូនរបស់អ្នករាល់គ្នាដែរ»។ |
|
| 16 |
|
| «រីឯអ្នកវិញ កុំទូលអង្វរយើង សំរាប់ប្រជាជននេះ កុំបន្លឺសំឡេងអធិស្ឋាន ឬទទូចសុំអោយយើងប្រណីពួកគេឡើយ យើងមិនស្ដាប់ពាក្យអ្នកទេ។ |
|
| 17 |
|
| តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្តនៅតាមក្រុងនានាក្នុងស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមទេឬ? |
|
| 18 |
|
| កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្ដាយច្របាច់ម្សៅធ្វើនំថ្វាយព្រះនាងម្ចាស់សួគ៌ ពួកគេច្រួចស្រាថ្វាយព្រះដទៃ ដើម្បីបញ្ឈឺចិត្តយើង។ |
|
| 19 |
|
| តាមពិតមិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ |
|
| 20 |
|
| ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្សសត្វព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។ |
|
| 21 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូល ដែលជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរបន្ថែមតង្វាយដុតពីលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ |
|
| 22 |
|
| ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប យើងពុំបាននិយាយអ្វីជាមួយពួកគេ ហើយយើងក៏ពុំបានបង្គាប់ពួកគេស្ដីអំពីតង្វាយដុត និងយញ្ញបូជាដែរ។ |
|
| 23 |
|
| យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់សំឡេងយើង ដើម្បីអោយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នានោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។ |
|
| 24 |
|
| ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ។ |
|
| 25 |
|
| តាំងពីថ្ងៃដែលបុព្វបុរសរបស់ពួកគេចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ព្យាការីទាំងប៉ុន្មាន ជាអ្នកបំរើរបស់យើង អោយទៅរកពួកគេជារៀងរាល់ថ្ងៃ មិនដែលអាក់ខានឡើយ។ |
|
| 26 |
|
| ផ្ទុយទៅវិញ ពួកគេមិនព្រមស្ដាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត»។ |
|
| 27 |
|
| «ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្ដាប់ ពេលអ្នកហៅពួកគេ ពួកគេមិនព្រមឆ្លើយ។ |
|
| 28 |
|
| ដូច្នេះ ចូរប្រាប់ពួកគេថា អ្នករាល់គ្នា ជាប្រជាជាតិដែលមិនព្រមស្ដាប់ព្រះសូរសៀង ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយក៏មិនព្រមទទួលព្រះបន្ទូលប្រៀនប្រដៅពីព្រះអង្គដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ ពាក្យសំដីដែលអ្នករាល់គ្នានិយាយមិនពិតទាល់តែសោះ»។ |
|
| 29 |
|
| ប្រជាជនក្រុងយេរូសាឡឹមអើយ អ្នកលែងជាប្រជាជនដែលញែកខ្លួនថ្វាយ ព្រះអម្ចាស់ទៀតហើយ! ចូរយំរៀបរាប់នៅលើភ្នំនេះទៅ! ដ្បិត ព្រះអម្ចាស់ មិនរវីរវល់នឹងអ្នកទេ ព្រះអង្គបោះបង់ចោលមនុស្សមួយជំនាន់នេះ ដែលបាននាំគ្នាធ្វើអោយព្រះអង្គពិរោធ។ |
|
| 30 |
|
| «ជនជាតិយូដានាំគ្នាប្រព្រឹត្តអំពើអាក្រក់ដែលយើងមិនពេញចិត្ត -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ - គឺពួកគេយករូបព្រះដ៏ចង្រៃមកតម្កល់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើអោយកន្លែងនេះទៅជាសៅហ្មង។ |
|
| 31 |
|
| ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំហ៊ីនណុម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់អោយពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។ |
|
| 32 |
|
| ដូច្នេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណុម”ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”។ គេនឹងយកសពទៅកប់នៅតូផេតនោះ ដ្បិតកន្លែងឯទៀតៗគ្មាននៅសល់ដីសំរាប់កប់សាកសពទេ -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ |
|
| 33 |
|
| សាកសពរបស់ប្រជាជននេះនឹងក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ វានឹងស៊ីសាកសពទាំងនោះ ដោយឥតមាននរណាមកដេញវាឡើយ។ |
|
| 34 |
|
| តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងអោយមានឮសូរសំឡេងដ៏សប្បាយ បទចំរៀងសំរាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។ |
|
|
|
|