×

ខ្មែរព្រះគម្ពីរ 1954

បរិទេវ ២

1
ម្ដេច​ក៏​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ខ្លាំង​ដូច្នេះ! ព្រះអង្គ​ធ្វើ​អោយ​ពពក​អាប់អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ធ្វើ​អោយ​ភាព​ថ្កុំថ្កើង​របស់​អ៊ីស្រាអែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ព្រះពិរោធ ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ព្រះបាទា​របស់​ព្រះអង្គ​ទេ។
2
ព្រះអម្ចាស់​បាន​កំទេច​ទី​លំនៅ​ទាំង​ប៉ុន្មាន របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ព្រះអង្គ​ក្រេវក្រោធ ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។
3
ក្នុង​ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ព្រះអង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រាអែល ព្រះអង្គ​លែង​ជួយ​ពួក​គេ អោយ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ ព្រះអង្គ​បាន​ធ្វើ​អោយ​ភ្លើង​ឆាបឆេះ​គ្រប់​ទិសទី នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។
4
ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ ព្រះអង្គ​លើក​ព្រះហស្ដ​ប្រហារ​ដូច​បច្ចាមិត្ត ព្រះអង្គ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សំរាប់​យើង ព្រះអង្គ​ជះ​ព្រះពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាលដាល។
5
ព្រះអម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះអង្គ​លេប​បំបាត់​អ៊ីស្រាអែល ព្រះអង្គ​លេប​បំបាត់​វិមាន ព្រះអង្គ​កំទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ព្រះអង្គ​ធ្វើ​អោយ​ប្រជាជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។
6
ព្រះអង្គ​កំទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចំការ របស់​ព្រះអង្គ ព្រះអង្គ​កំទេច​ព្រះដំណាក់ និង​ព្រះពន្លា របស់​ព្រះអង្គ។ ព្រះអម្ចាស់ ​ធ្វើ​អោយ​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​អោយ​ស្ដេច និង​បូជាចារ្យ​ត្រូវ​អាម៉ាស់។
7
ព្រះអម្ចាស់ ​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយឃោស នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។
8
ព្រះអម្ចាស់ ​សំរេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​វាស់​កំពែង​នេះ ហើយ​ព្រះអង្គ​មិន​ដក​ព្រះហស្ដ​មក​វិញ​ទេ ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន ព្រះអង្គ​បាន​ធ្វើ​អោយ​ប៉ម និង​កំពែង​ក្រុង រំលំ​គរ​លើ​គ្នា។
9
ព្រះអង្គ​កំទេច​ទ្វារ​ក្រុង​អោយ​ស្រុត កប់​ទៅ​ក្នុង​ដី ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ក្រឹត្យវិន័យ​លែង​មាន​ទៀត​ហើយ សូម្បី​តែ​ពួក​ព្យាការី ក៏​លែង​និមិត្ត ឃើញ​ការ​អស្ចារ្យ​ពី​ ព្រះអម្ចាស់ ​ទៀត​ដែរ។
10
ព្រឹទ្ធាចារ្យ​របស់​ក្រុង​ស៊ីយ៉ូន នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម នាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។
11
ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោចផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេចខ្ទាំ ព្រោះ​តែ​មហន្តរាយ​នៃ​ប្រជាជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។
12
ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង ដូច​អ្នក​របួស ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។
13
ក្រុង​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត នាង​ក្រមុំ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម ដើម្បី​សំរាល​ទុក្ខ​នាង​បាន? ដ្បិត​មហន្តរាយ​របស់​នាង​ធំ​ដូច​មហាសាគរ តើ​នរណា​អាច​ព្យាបាល​នាង​បាន?
14
ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង ដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត ឥត​បាន​ការ​មក​បញ្ឆោត​នាង។
15
អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល ចំអក​អោយ​ប្រជាជន​ក្រុង​យេរូសាឡឹម ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត នៅ​លើ​ផែនដី?”។
16
ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម​ទាំង​ពោល​ថា “យើង​បាន​ត្របាក់​លេប​វា​ហើយ! ថ្ងៃ​យើង​ទន្ទឹង​រង់ចាំ​នោះ មក​ដល់​ហើយ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ”!
17
ព្រះអម្ចាស់ ​សំរេច​តាម​គំរោងការ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​ទុក តាំង​ពី​យូរលង់​ណាស់​មក​ហើយ ព្រះអង្គ​បាន​កំទេច​នាង ឥត​ត្រាប្រណី ព្រះអង្គ​បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​អរ​សប្បាយ ដោយ​ឃើញ​នាង​បរាជ័យ ព្រះអង្គ​ប្រទាន​កម្លាំង អោយ​បច្ចាមិត្ត​របស់​នាង។
18
កំពែង​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​អង្វរ​ព្រះអម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ចូរ​បង្ហូរ​ទឹក​ភ្នែក​អោយ​ហូរ​ដូច​ទឹក​ទន្លេ ចូរ​យំ​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាកស្រាន្ត​សោះ​ឡើយ។
19
ចូរ​ក្រោក​ឡើង! ចូរ​បន្លឺ​សំឡេង មួយ​យប់​ទល់​ភ្លឺ! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះអម្ចាស់ ដោយ​ឥត​លាក់លៀម​អ្វី​ឡើយ ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ​ព្រោះ​អត់​ឃ្លាន។
20
ព្រះអម្ចាស់ ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​ទត​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​បូជាចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអម្ចាស់។
21
ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្រមុំ កំលោះ​របស់​ខ្ញុំ​ម្ចាស់ ស្លាប់​ដោយ​មុខ​ដាវ នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ​ឥត​ត្រា​ប្រណី។
22
ព្រះអង្គ​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែង មក​គ្រប​សង្កត់​លើ​ខ្ញុំ​ម្ចាស់ ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។ នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។ ប្រជាជន​ដែល​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​បី​បាច់ ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។
Khmer Bible 1954
Public Domain: 1954
:
រក្សាទុកកំណត់ចំណាំ