|
| 1 |
|
| ម្ដេចក៏អុលឡោះខឹងខ្លាំងដូច្នេះ! ទ្រង់ធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ទ្រង់ធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ខឹង ទ្រង់មិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ជើងរបស់ទ្រង់ទេ។ |
|
| 2 |
|
| អុលឡោះបានកំទេចទីលំនៅទាំងប៉ុន្មាន របស់យ៉ាកកូប ដោយឥតត្រាប្រណី។ ក្នុងពេលទ្រង់ខឹង ទ្រង់រំលំកំពែងក្រុងរបស់ស្រុកយូដា។ ទ្រង់បានបន្ទាបបន្ថោកនគរ និងមេដឹកនាំរបស់នគរនេះ។ |
|
| 3 |
|
| ក្នុងពេលទ្រង់ខឹងយ៉ាងខ្លាំង ទ្រង់បានបំបាក់កម្លាំងរបស់អ៊ីស្រអែល ទ្រង់លែងជួយពួកគេ ឲ្យតទល់នឹងខ្មាំងសត្រូវទៀតហើយ។ ទ្រង់បានធ្វើឲ្យភ្លើងឆាបឆេះគ្រប់ទិសទី នៅក្នុងស្រុករបស់យ៉ាកកូប។ |
|
| 4 |
|
| ទ្រង់យឹតធ្នូដូចគូសត្រូវ ទ្រង់លើកដៃប្រហារដូចបច្ចាមិត្ត ទ្រង់កំទេចអ្វីៗទាំងអស់ដែលមានតម្លៃ សម្រាប់យើង ទ្រង់ជះកំហឹងមកលើក្រុងស៊ីយ៉ូន ដូចភ្លើងឆេះរាលដាល។ |
|
| 5 |
|
| អុលឡោះធ្វើដូចជាខ្មាំងសត្រូវ ទ្រង់លេបបំបាត់អ៊ីស្រអែល ទ្រង់លេបបំបាត់វិមាន ទ្រង់កំទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ ទ្រង់ធ្វើឲ្យប្រជាជនយូដាសោកសង្រេង និងយំថ្ងូរឥតមានពេលល្ហែ។ |
|
| 6 |
|
| ទ្រង់កំទេចស្រុកទាំងមូលដែលជាចម្ការ របស់ទ្រង់ ទ្រង់កំទេចដំណាក់ និងជំរំរបស់ទ្រង់។ អុលឡោះតាអាឡា ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃឈប់សម្រាក។ ដោយសារកំហឹងរបស់ទ្រង់ ទ្រង់ធ្វើឲ្យស្ដេច និងអ៊ីមុាំត្រូវអាម៉ាស់។ |
|
| 7 |
|
| អុលឡោះតាអាឡា បោះបង់ចោលអាសនៈរបស់ទ្រង់ ទ្រង់ស្អប់ខ្ពើមទីសក្ការៈរបស់ទ្រង់ ទ្រង់បណ្ដោយខ្មាំងសត្រូវរំលំកំពែងក្រុង ពួកគេនាំគ្នាស្រែកជយឃោស នៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។ |
|
| 8 |
|
| អុលឡោះតាអាឡា សម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ទ្រង់វាស់កំពែងនេះ ហើយទ្រង់មិនដកដៃមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ទ្រង់បានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។ |
|
| 9 |
|
| ទ្រង់កំទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ហ៊ូកុំលែងមានទៀតហើយ សូម្បីតែពួកណាពីក៏លែងនិមិត្ត ឃើញការអស្ចារ្យពី អុលឡោះតាអាឡា ទៀតដែរ។ |
|
| 10 |
|
| អះលីជំអះរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរអោនមុខយ៉ាងអាម៉ាស់។ |
|
| 11 |
|
| ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។ |
|
| 12 |
|
| ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។ |
|
| 13 |
|
| ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសំរាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន? |
|
| 14 |
|
| ពួកណាពីរបស់នាងបាននាំសុបិននិមិត្ត ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត ឥតបានការមកបញ្ឆោតនាង។ |
|
| 15 |
|
| អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។ |
|
| 16 |
|
| ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!” |
|
| 17 |
|
| អុលឡោះតាអាឡា សម្រេចតាមគម្រោងការរបស់ទ្រង់ ទ្រង់ធ្វើតាមបន្ទូលដែលទ្រង់ថ្លែងទុក តាំងពីយូរលង់ណាស់មកហើយ ទ្រង់បានកំទេចនាង ឥតត្រាប្រណី ទ្រង់បានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយ ដោយឃើញនាងបរាជ័យ ទ្រង់ប្រទានកម្លាំង ឲ្យបច្ចាមិត្តរបស់នាង។ |
|
| 18 |
|
| កំពែងក្រុងស៊ីយ៉ូនអើយ ចូរស្រែកអង្វរអុលឡោះយ៉ាងអស់ពីចិត្ត ចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេ ចូរយំទាំងថ្ងៃ ទាំងយប់ ឥតស្រាកស្រាន្តសោះឡើយ។ |
|
| 19 |
|
| ចូរក្រោកឡើង! ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ! ចូរថ្លែងទុក្ខព្រួយជូនអុលឡោះ ដោយឥតលាក់លៀមអ្វីឡើយ ចូរលើកដៃអង្វរទ្រង់ សូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗ ដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។ |
|
| 20 |
|
| អុលឡោះតាអាឡា អើយ ហេតុអ្វីបានជាទ្រង់ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកអ៊ីមុាំ និងពួកណាពី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់អុលឡោះជាអម្ចាស់។ |
|
| 21 |
|
| ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ ក្រមុំ កំលោះរបស់ខ្ញុំ ស្លាប់ដោយមុខដាវ នៅថ្ងៃអុលឡោះខឹង ទ្រង់ប្រហារជីវិតពួកគេ ឥតត្រាប្រណី។ |
|
| 22 |
|
| ទ្រង់បានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែង មកគ្របសង្កត់លើខ្ញុំ ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។ នៅថ្ងៃទ្រង់ខឹង គ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។ ប្រជាជនដែលខ្ញុំចិញ្ចឹមបីបាច់ ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។ |
|
|
|
|