|
| 1 |
|
| ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងអោយនេះ រួចទៅប្រៀនប្រដៅពូជពង្សអ៊ីស្រាអែលចុះ»។ |
|
| 2 |
|
| ខ្ញុំក៏ហាមាត់ ហើយព្រះអង្គអោយខ្ញុំទទួលទានក្រាំងនោះ។ |
|
| 3 |
|
| ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់អោយយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះដែលមានរសជាតិផ្អែម ដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។ |
|
| 4 |
|
| បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរទៅរកពូជពង្សអ៊ីស្រាអែល ហើយថ្លែងពាក្យរបស់យើងប្រាប់គេចុះ! |
|
| 5 |
|
| យើងចាត់អ្នកអោយទៅរកពូជពង្សអ៊ីស្រាអែល គឺមិនមែនអោយទៅរកសាសន៍ដទៃដែលនិយាយភាសាពិបាកស្ដាប់ និងពិបាកយល់នោះទេ។ |
|
| 6 |
|
| យើងមិនចាត់អ្នកអោយទៅរកសាសន៍ជាច្រើន ដែលនិយាយភាសាពិបាកស្ដាប់ និងជាភាសាដែលអ្នកមិនយល់នោះឡើយ។ ប្រសិនបើយើងចាត់អ្នកទៅរកសាសន៍ទាំងនោះមែន ពួកគេមុខជាស្ដាប់អ្នកពុំខាន |
|
| 7 |
|
| គឺយើងចាត់អ្នកទៅរកពូជពង្សអ៊ីស្រាអែលដែលមិនចង់ស្ដាប់អ្នក ព្រោះពួកគេមិនព្រមស្ដាប់យើង។ ពូជពង្សអ៊ីស្រាអែលទាំងមូលជាមនុស្សក្បាលរឹង និងមានចិត្តចចេស។ |
|
| 8 |
|
| ប៉ុន្តែ យើងធ្វើអោយអ្នកមានចិត្តមានះ ដើម្បីអោយអ្នកតតាំងនឹងចិត្តមានះរបស់ពួកគេ យើងធ្វើអោយអ្នកមានចិត្តរឹង ដើម្បីតតាំងនឹងចិត្តរឹងរបស់ពួកគេ។ |
|
| 9 |
|
| យើងធ្វើអោយអ្នកមានចិត្តរឹង ដូចពេជ្រ ហើយរឹងជាងដុំថ្មទៅទៀត។ កុំខ្លាចពួកគេកុំញ័ររន្ធត់នៅចំពោះមុខពួកគេឡើយ ដ្បិតអ្នកទាំងនោះជាពូជបះបោរ»។ |
|
| 10 |
|
| ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរផ្ចង់ចិត្ត ហើយត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានដែលយើងថ្លែងប្រាប់។ |
|
| 11 |
|
| ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ »។ |
|
| 12 |
|
| ពេលនោះ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមលើកតម្កើងសិរីរុងរឿងរបស់ ព្រះអម្ចាស់ នៅក្នុងដំណាក់របស់ព្រះអង្គ!»។ |
|
| 13 |
|
| ខ្ញុំឮសន្ធឹកស្លាបរបស់សត្វទាំងបួនដែលទទះប៉ះគ្នាទៅវិញទៅមក ព្រមទាំងឮស្នូរសន្ធឹកកង់ដែលលាន់ឡើងយ៉ាងខ្លាំង នៅក្បែរសត្វទាំងនោះដែរ។ |
|
| 14 |
|
| ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំយកទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ តែ ព្រះអម្ចាស់ ដាក់ព្រះហស្ដលើខ្ញុំធ្វើអោយខ្ញុំជំទាស់មិនបាន។ |
|
| 15 |
|
| ខ្ញុំទៅដល់ថេល-អាប៊ីបក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួនអស់រយៈពេលប្រាំពីរថ្ងៃ។ |
|
| 16 |
|
| លុះប្រាំពីរថ្ងៃកន្លងផុតទៅ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ |
|
| 17 |
|
| «កូនមនុស្សអើយ! យើងតែងតាំងអ្នកអោយធ្វើជាអ្នកយាមល្បាតសំរាប់ពូជពង្សអ៊ីស្រាអែល។ កាលណាអ្នកឮពាក្យរបស់យើង ចូរយកទៅថ្លែងប្រាប់ពួកគេក្នុងនាមយើងផង។ |
|
| 18 |
|
| ពេលយើងនិយាយទៅកាន់មនុស្សអាក្រក់ថា “អ្នកនឹងត្រូវស្លាប់!” ប្រសិនបើអ្នកមិនប្រាប់គេអោយដឹងខ្លួន ប្រសិនបើអ្នកមិនទូន្មានគេអោយងាកចេញពីផ្លូវអាក្រក់ ដើម្បីបានរួចជីវិតទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះអំពើបាបរបស់ខ្លួន តែយើងនឹងដាក់ទោសអ្នក។ |
|
| 19 |
|
| ផ្ទុយទៅវិញ បើអ្នកទូន្មានមនុស្សអាក្រក់ តែគេមិនងាកចេញពីផ្លូវអាក្រក់របស់ខ្លួនទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន រីឯអ្នកវិញអ្នកនឹងបានរួចជីវិត។ |
|
| 20 |
|
| ប្រសិនបើមនុស្សសុចរិតម្នាក់ ងាកចេញពីផ្លូវសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិត យើងនឹងធ្វើអោយគេជំពប់ជើងដួល ហើយគេនឹងស្លាប់ពុំខាន។ គេនឹងត្រូវស្លាប់ព្រោះតែអំពើបាបរបស់ខ្លួនដោយអ្នកមិនបានទូន្មានគេ។ គ្មាននរណានឹកឃើញអំពើសុចរិតដែលអ្នកនោះធ្លាប់ប្រព្រឹត្តឡើយ តែយើងនឹងដាក់ទោសអ្នក។ |
|
| 21 |
|
| ផ្ទុយទៅវិញប្រសិនបើអ្នកទូន្មានមនុស្សសុចរិត កុំអោយប្រព្រឹត្តអំពើបាប ហើយបើគេមិនប្រព្រឹត្តអំពើបាបទេនោះ គេនឹងមានជីវិតតទៅមុខទៀត ព្រោះតែអ្នកបានទូន្មានគេ ចំណែកឯអ្នកវិញ អ្នកនឹងបានរួចជីវិត»។ |
|
| 22 |
|
| ព្រះអម្ចាស់ ដាក់ព្រះហស្ដលើខ្ញុំសាជាថ្មី ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅជ្រលងភ្នំ នៅទីនោះ យើងនឹងនិយាយជាមួយអ្នក»។ |
|
| 23 |
|
| ខ្ញុំក៏ក្រោកឡើងចេញទៅជ្រលងភ្នំ ហើយខ្ញុំឃើញសិរីរុងរឿងរបស់ ព្រះអម្ចាស់ នៅទីនោះ ដូចខ្ញុំធ្លាប់ឃើញនៅជិតទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះអោនមុខដល់ដី។ |
|
| 24 |
|
| ព្រះវិញ្ញាណយាងចូលមកគង់នៅក្នុងខ្ញុំ ធ្វើអោយខ្ញុំក្រោកឈរឡើង។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅបិទទ្វារសំងំនៅក្នុងផ្ទះរបស់អ្នកទៅ។ |
|
| 25 |
|
| កូនមនុស្សអើយ ពួកគេនឹងបោះខ្សែពួរលើអ្នក ពួកគេនឹងយកខ្សែនោះចងអ្នក ហើយអ្នកពុំអាចចេញទៅក្នុងចំណោមពួកគេបានទៀតឡើយ។ |
|
| 26 |
|
| យើងនឹងធ្វើអោយអ្នកទៅជាមនុស្សគនិយាយពុំកើត ហើយក៏ពុំអាចស្ដីបន្ទោសពួកគេបានដែរ ដ្បិតពួកគេជាពូជអ្នកបះបោរ។ |
|
| 27 |
|
| ប៉ុន្តែ ពេលណាយើងនិយាយទៅកាន់អ្នក យើងនឹងបើកមាត់របស់អ្នក ដើម្បីអោយពោលទៅពួកគេថា “នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ”។ មានអ្នកខ្លះចង់ស្ដាប់ ហើយអ្នកខ្លះទៀតមិនចង់ស្ដាប់ទេ ដ្បិតពួកគេជាពូជអ្នកបះបោរ»។ |
|
|
|
|