|
| 1 |
|
| ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ |
|
| 2 |
|
| «កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍អ្នកថា កាលណាយើងនាំដាវមកលើស្រុកណា ហើយបណ្ដាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម |
|
| 3 |
|
| បើអ្នកនោះឃើញដាវមកលើស្រុក ក៏ផ្លុំត្រែដាស់បណ្ដាជន |
|
| 4 |
|
| ហើយមានអ្នកណាឮសូរត្រែ តែមិនអើពើសោះ បើដាវមកពិត ហើយយកជីវិតគេទៅ នោះឈាមគេនឹងធ្លាក់ទៅលើក្បាលគេវិញ |
|
| 5 |
|
| ព្រោះបានឮសូរត្រែ តែមិនអើពើសោះ ដូច្នេះ គេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញ ដ្បិតបើបានអើពើ នោះនឹងបានរួចជីវិត។ |
|
| 6 |
|
| ប៉ុន្តែ បើអ្នកចាំយាមឃើញដាវមក ហើយមិនផ្លុំត្រែឲ្យបណ្ដាជនបានដឹង រួចដាវក៏មកដល់ យកជីវិតអ្នកណាចេញពីពួកគេទៅ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួន តែយើងនឹងទារឈាមរបស់អ្នកនោះពីដៃអ្នកចាំយាមវិញ។ |
|
| 7 |
|
| កូនមនុស្សអើយ គឺយ៉ាងនោះដែលយើងបានតាំងអ្នកឡើងឲ្យធ្វើជាអ្នកចាំយាមដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់យើង ហើយប្រកាសប្រាប់គេ។ |
|
| 8 |
|
| កាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ អ្នកនឹងត្រូវស្លាប់ជាពិត តែអ្នកមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះ ឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះ មនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែយើងនឹងទារឈាមវាពីដៃអ្នកវិញ។ |
|
| 9 |
|
| ប៉ុន្តែ បើអ្នកពន្យល់ប្រាប់ដល់មនុស្សអាក្រក់ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែអ្នកបានដោះខ្លួនឲ្យរួចវិញ»។ |
|
| 10 |
|
| «កូនមនុស្សអើយ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា អ្នករាល់គ្នាពោលដូច្នេះថា "អំពើរំលង និងអំពើបាបរបស់យើង គ្របសង្កត់លើយើងហើយ យើងកំពុងតែរោយរៀវទៅក្នុងអំពើទាំងនោះ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងរស់នៅបាន?"។ |
|
| 11 |
|
| ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាបានស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់ ចូរអ្នករាល់គ្នាបែរមក ចូរបែរពីផ្លូវអាក្រក់របស់ខ្លួនចុះ។ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់? |
|
| 12 |
|
| ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកចៅនៃសាសន៍អ្នកថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ។ |
|
| 13 |
|
| កាលណាយើងប្រាប់ដល់មនុស្សសុចរិតថា គេនឹងមានជីវិតរស់នៅ នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ។ |
|
| 14 |
|
| មួយទៀត បើកាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា អ្នកនឹងត្រូវស្លាប់ បើគេបែរចេញពីអំពើបាបរបស់ខ្លួន ទៅប្រព្រឹត្តសេចក្ដីដែលទៀងត្រង់ ហើយត្រឹមត្រូវវិញ |
|
| 15 |
|
| គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួចទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់ ឥតត្រូវស្លាប់ទេ។ |
|
| 16 |
|
| ដូច្នេះ នឹងគ្មានអ្នកណានឹកចាំពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងមានជីវិតរស់នៅ។ |
|
| 17 |
|
| ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍អ្នកតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនត្រឹមត្រូវ។ |
|
| 18 |
|
| កាលណាមនុស្សសុចរិតបែរចេញពីសេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះគេនឹងត្រូវស្លាប់ដោយព្រោះអំពើនោះ។ |
|
| 19 |
|
| កាលណាមនុស្សអាក្រក់បែរចេញពីសេចក្ដីអាក្រក់របស់ខ្លួន ទៅប្រព្រឹត្តតាមសេចក្ដីទៀតត្រង់ ហើយត្រឹមត្រូវវិញ នោះគេនឹងរស់នៅដោយសារអំពើនោះ។ |
|
| 20 |
|
| ប៉ុន្តែ អ្នករាល់គ្នាថា: ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នាតាមផ្លូវរបស់អ្នករៀងខ្លួន»។ |
|
| 21 |
|
| លុះដល់ថ្ងៃប្រាំ ខែទីដប់ ឆ្នាំទីដប់ពីរ ដែលគេបានចាប់យើងនាំទៅជាឈ្លើយ នោះមានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡិម បានមកដល់ខ្ញុំប្រាប់ថា គេចាប់ទីក្រុងបានហើយ។ |
|
| 22 |
|
| នៅពេលល្ងាច មុនដែលអ្នករត់រួចបានមកដល់ នោះព្រះហស្តនៃព្រះយេហូវ៉ាបានស្ថិតនៅលើខ្ញុំ ព្រះអង្គក៏បើកមាត់ខ្ញុំ ចាំតែអ្នកនោះមកដល់នៅពេលព្រឹក ដូច្នេះ មាត់ខ្ញុំបានបើកឡើង ហើយខ្ញុំមិននៅគទៀតទេ។ |
|
| 23 |
|
| ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ |
|
| 24 |
|
| «កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅកន្លែងបាក់បែក ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមត៌ក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមត៌កដែរ។ |
|
| 25 |
|
| ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាស៊ីសាច់ដែលជាប់ទាំងឈាម ក៏ងើបភ្នែកមើលទៅរូបព្រះទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយកម្ចាយឈាមផង ដូច្នេះ តើអ្នករាល់គ្នានឹងបានស្រុកនេះឬ? |
|
| 26 |
|
| អ្នករាល់គ្នាពឹងតែដាវរបស់អ្នក ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងអ្នករៀងខ្លួន ដូច្នេះ តើអ្នករាល់គ្នានឹងបានស្រុកនេះឬ? |
|
| 27 |
|
| អ្នកត្រូវប្រាប់ដល់គេដូច្នេះថា ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាពួកអ្នកដែលអាស្រ័យនៅកន្លែងបាក់បែកនេះ នឹងដួលដោយដាវ ហើយអ្នកណាដែលនៅឯទីវាល យើងនឹងឲ្យសត្វព្រៃហែកស៊ី ហើយពួកអ្នកដែលនៅក្នុងទីមាំមួន និងក្នុងរអាងភ្នំ គេនឹងស្លាប់ដោយអាសន្នរោគ។ |
|
| 28 |
|
| យើងនឹងធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង នោះសេចក្ដីឆ្មើងឆ្មៃនៃអំណាចវានឹងផុតទៅ ហើយភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល នឹងត្រូវចោលស្ងាត់នៅឥតមានអ្នកណាដើរកាត់ឡើយ។ |
|
| 29 |
|
| គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិតក្នុងកាលដែលយើងបានធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង ដោយព្រោះអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តនោះ។ |
|
| 30 |
|
| មួយទៀត កូនមនុស្សអើយ ពួកកូនចៅរបស់សាសន៍អ្នក គេនិយាយគ្នាពីអ្នកនៅក្បែរកំផែង ហើយនៅមាត់ទ្វារផ្ទះ គេនិយាយគ្នា គឺគ្រប់គ្នានិយាយនឹងបងប្អូនខ្លួនថា ចូរយើងទៅស្តាប់ព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាចុះ។ |
|
| 31 |
|
| គេក៏មករកអ្នក ដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខអ្នក ដូចជាប្រជារាស្ត្រយើង ក៏ស្តាប់អស់ទាំងពាក្យរបស់អ្នក តែមិនប្រព្រឹត្តតាមសោះ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញរកកម្រៃដល់ខ្លួនវិញ។ |
|
| 32 |
|
| មើល៍! គេរាប់អ្នកទុកដូចជាបទចម្រៀងដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ ដ្បិតគេស្តាប់អស់ទាំងពាក្យរបស់អ្នក ប៉ុន្តែ មិនប្រព្រឹត្តតាមទេ។ |
|
| 33 |
|
| កាលណាការនេះកើតមក នោះគេនឹងដឹងថា មានហោរាបាននៅក្នុងពួកគេជាពិត»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/ezekiel/033.mp3
48
33