|
| 1 |
|
| ព្រះចៅបេលសាសារបានចាត់អោយគេរៀបពិធីជប់លៀងមួយយ៉ាងធំ ជូននាម៉ឺនមន្ត្រីចំនួនមួយពាន់នាក់ ហើយទ្រង់បានសោយស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។ |
|
| 2 |
|
| ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលសាសារបញ្ជាអោយគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូក្នេសា ជាបិតាបានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សំរាប់ទ្រង់ផ្ទាល់ សំរាប់ពួកមហេសី សំរាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្ដេច។ |
|
| 3 |
|
| ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំបានប្រើពែងទាំងនោះសំរាប់សេពសុរា។ |
|
| 4 |
|
| កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ |
|
| 5 |
|
| ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ |
|
| 6 |
|
| ព្រះភក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។ |
|
| 7 |
|
| ស្ដេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាអោយគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្ដេចមានរាជឱង្ការទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យអោយយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាសជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។ |
|
| 8 |
|
| ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យថ្វាយព្រះរាជាបានឡើយ |
|
| 9 |
|
| ជាហេតុធ្វើអោយព្រះចៅបេលសាសាររឹតតែខ្វល់ខ្វាយ និងភ័យញាប់ញ័រថែមទៀត ហើយនាម៉ឺនមន្ត្រីរបស់ស្ដេចក៏ទាល់គំនិតដែរ។ |
|
| 10 |
|
| ពេលព្រះមហាក្សត្រិយានីឮរាជឱង្ការរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី ព្រះនាងក៏យាងចូលមកក្នុងសាលជប់លៀង ហើយមានរាជសវនីយ៍ថា៖ «បពិត្រព្រះរាជាសូមទ្រង់ដ៏មានព្រះជន្មគង់នៅរហូតតទៅអើយ! សូមព្រះករុណាកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ! |
|
| 11 |
|
| ក្នុងរាជាណាចក្ររបស់ព្រះអង្គ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់ព្រះបិតារបស់ព្រះករុណាគេបានឃើញថា លោកនោះដឹងការលាក់កំបាំង មានតម្រិះ និងប្រាជ្ញាដូចទេវតា។ ហេតុនេះហើយបានជាព្រះចៅនេប៊ូក្នេសាជាព្រះបិតារបស់ព្រះករុណាបានតែងតាំងលោកអោយធ្វើជាប្រមុខលើពួកគ្រូ គ្រូហោរា គ្រូទាយ និងគ្រូធ្មប់ទាំងអស់។ ព្រះមហាក្សត្រដែលជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកដូច្នេះ |
|
| 12 |
|
| ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ លោកនោះគឺដានីយ៉ែល ដែលព្រះបិតារបស់ព្រះករុណាប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមអោយគេហៅលោកដានីយ៉ែលនោះមក លោកនឹងពន្យល់អត្ថន័យថ្វាយព្រះករុណាជាមិនខាន»។ |
|
| 13 |
|
| គេអញ្ជើញលោកដានីយ៉ែលចូលគាល់ព្រះរាជា ហើយទ្រង់មានរាជឱង្ការមកលោកថា៖ «តើលោកឈ្មោះដានីយ៉ែល ជាអ្នកដែលព្រះបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ? |
|
| 14 |
|
| យើងបានឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។ |
|
| 15 |
|
| គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យអោយយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។ |
|
| 16 |
|
| យើងក៏បានឮគេនិយាយទៀតថា លោកអាចកាត់ស្រាយអត្ថន័យ និងដោះស្រាយបញ្ហាស្មុគស្មាញបានទៀតផង។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះបាន ហើយពន្យល់អត្ថន័យអោយយើង យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាសជូនជាកិត្តិយស ព្រមទាំងប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រនេះផង»។ |
|
| 17 |
|
| ពេលនោះ លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «សូមព្រះករុណាទុកកិត្តិយសនេះសំរាប់អ្នកដទៃចុះ រីឯទូលបង្គំ ទូលបង្គំសូមអានអក្សរនេះ ព្រមទាំងពន្យល់អត្ថន័យថ្វាយព្រះករុណាជ្រាប។ |
|
| 18 |
|
| បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្ដុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសាជាព្រះបិតារបស់ព្រះករុណា។ |
|
| 19 |
|
| ព្រោះតែភាពឧត្ដុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានអោយនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភក្ត្រព្រះចៅនេប៊ូក្នេសា។ ទ្រង់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតអោយនរណាក៏បាន ទ្រង់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។ |
|
| 20 |
|
| ប៉ុន្តែ ព្រះរាជាមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ទ្រង់ក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។ |
|
| 21 |
|
| គេបានបណ្ដេញព្រះរាជាចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ព្រះរាជាប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ទ្រង់គង់នៅជាមួយសត្វព្រៃ គេអោយទ្រង់សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលព្រះរាជាទទួលស្គាល់ថា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយព្រះអង្គលើកនរណាអោយសោយរាជ្យក៏បាន។ |
|
| 22 |
|
| បពិត្រព្រះករុណាបេលសាសារជាព្រះរាជបុត្រ ទោះបីព្រះករុណាជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ទ្រង់ពុំបានបន្ទាបខ្លួនដែរ |
|
| 23 |
|
| ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាអោយគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសំរាប់ព្រះករុណា សំរាប់នាម៉ឺនមន្ត្រី សំរាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើលមិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។ |
|
| 24 |
|
| ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ម្រាមដៃអោយមកសរសេរអក្សរនេះ |
|
| 25 |
|
| គឺ “ម៉េណេ ម៉េណេ តេកែល និងអ៊ូប៉ារស៊ីន”។ |
|
| 26 |
|
| ពាក្យទាំងនេះមានន័យដូចតទៅ: “ម៉េណេ” (ប្រែថារាប់) មានន័យថាព្រះជាម្ចាស់បានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។ |
|
| 27 |
|
| “តេកែល”(ប្រែថាថ្លឹង) មានន័យថា ព្រះជាម្ចាស់បានថ្លឹងព្រះករុណាលើជញ្ជីងរួចហើយ ហើយទ្រង់ទតឃើញថាស្រាលពេក។ |
|
| 28 |
|
| “ពេរេស”(ប្រែថាចែក) មានន័យថា ព្រះជាម្ចាស់នឹងចែករាជាណាចក្ររបស់ព្រះករុណាជាពីរ គឺមួយចំណែកអោយជនជាតិមេឌី និងមួយចំណែកទៀតអោយជនជាតិពែរ្ស»។ |
|
| 29 |
|
| ពេលនោះ ព្រះចៅបេលសាសារ បញ្ជាអោយគេយកសម្លៀកបំពាក់ពណ៌ក្រហមទុំ និងខ្សែកមាសមកពាក់អោយលោកដានីយ៉ែលភ្លាម ព្រមទាំងចេញរាជប្រកាសថា លោកនឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រ។ |
|
| 30 |
|
| នៅយប់នោះ ព្រះចៅបេលសាសារជាស្ដេចរបស់ជនជាតិខាល់ដេបានត្រូវគេធ្វើគុត។ |
|
| 31 |
|
| ព្រះចៅដារីយូសជាជនជាតិមេឌីបានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/daniel/005.mp3
12
5