|
| 1 |
|
| ចូរផ្អឹបត្រែនៅមាត់របស់អ្នកចុះ! មានសត្រូវបោះពួយដូចឥន្ទ្រី មកលើដំណាក់របស់ព្រះយេហូវ៉ា ព្រោះពួកអ៊ីស្រាអែលបានបំពាន លើសេចក្ដីសញ្ញារបស់យើង ហើយបះបោរប្រឆាំងនឹងច្បាប់របស់យើង។ |
|
| 2 |
|
| គេស្រែករកយើងថា "ព្រះនៃទូលបង្គំអើយ យើងខ្ញុំជាសាសន៍អ៊ីស្រាអែល ស្គាល់ព្រះអង្គហើយ!" |
|
| 3 |
|
| អ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីល្អ ខ្មាំងសត្រូវនឹងដេញតាមគេ។ |
|
| 4 |
|
| គេបានតាំងស្តេចផ្សេងៗឡើង តែមិនមែនដោយសារយើងទេ ក៏បានតាំងពួកមេដឹកនាំ តែយើងមិនបានដឹងឡើយ។ គេបានយកប្រាក់ និងមាសរបស់ខ្លួនធ្វើជារូបព្រះ ជាការដែលនាំឲ្យខ្លួនគេត្រូវវិនាស។ |
|
| 5 |
|
| ឱសាម៉ារីអើយ យើងបានបោះចោលរូបកូនគោរបស់អ្នកហើយ កំហឹងរបស់យើងបានឆួលឡើងទាស់នឹងគេ។ តើដល់ពេលណាទើបគេជ្រះស្អាតវិញ? |
|
| 6 |
|
| ដ្បិតរូបកូនគោនោះកើតចេញពីអ៊ីស្រាអែល ជាងបានធ្វើវាឡើង វាមិនមែនជាព្រះទេ។ រូបកូនគោរបស់សាម៉ារីនឹងត្រូវបែកបាក់ខ្ទេចខ្ទី។ |
|
| 7 |
|
| ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។ |
|
| 8 |
|
| អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។ |
|
| 9 |
|
| ដ្បិតគេបានឡើងទៅស្រុកអាសស៊ើរ ដូចជាលាព្រៃដែលនៅដាច់តែឯង អេប្រាអិមបានជួលគូស្នេហ៍។ |
|
| 10 |
|
| ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ យើងនឹងប្រមូលផ្ដុំពួកគេភ្លាម ហើយស្តេច និងពួកមេដឹកនាំ នឹងត្រូវរងទុក្ខវេទនាភ្លាមដែរ ដោយព្រោះតែបង់សួយសារអាករ។ |
|
| 11 |
|
| ដោយព្រោះអេប្រាអិមបានសង់អាសនា ច្រើនឡើងៗសម្រាប់ធ្វើបាប អាសនាទាំងនោះក៏ត្រឡប់ជាទី ដែលនាំឲ្យគេធ្វើបាបដែរ។ |
|
| 12 |
|
| ទោះបើយើងសរសេរអស់ទាំងមាត្រាច្បាប់ របស់យើងទុកសម្រាប់គេក៏ដោយ ក៏គេចាត់ទុកជាច្បាប់ដទៃដែរ។ |
|
| 13 |
|
| រីឯតង្វាយយញ្ញបូជាដែលត្រូវថ្វាយដល់យើង នោះគេសម្លាប់សត្វ ដើម្បីឲ្យតែបានសាច់ស៊ីប៉ុណ្ណោះ តែព្រះយេហូវ៉ាមិនទទួលទេ ឥឡូវនេះ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយដាក់ទោសអំពើបាបរបស់គេ គេនឹងវិលទៅស្រុកអេស៊ីព្ទវិញ។ |
|
| 14 |
|
| ដ្បិតអ៊ីស្រាអែលបានបំភ្លេចព្រះដែលបង្កើតខ្លួន ក៏សង់វិមានផ្សេងៗឡើង ហើយយូដាបានសង់ទីក្រុង ដែលមានកំផែងការពារកាន់តែច្រើន តែយើងនឹងចាត់ភ្លើងទៅលើទីក្រុងរបស់គេ ភ្លើងនោះនឹងបំផ្លាញទីមាំមួនរបស់គេទៅ។ |
|
|
|
|