|
| 1 |
|
| ឱអ៊ីស្រាអែលអើយ កុំត្រេកអរ កុំសប្បាយរីករាយដូចសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន អ្នកចូលចិត្តនឹងទទួលកម្រៃពីអំពើពេស្យាចារ នៅលើអស់ទាំងទីលានបោកស្រូវ។ |
|
| 2 |
|
| ដូច្នេះ ទីលានបោកស្រូវ និងធុងស្រាទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀតឡើយ ហើយស្រាថ្មីក៏នឹងគ្មានទៀតដែរ។ |
|
| 3 |
|
| គេនឹងលែងរស់នៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងបរិភោគអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ។ |
|
| 4 |
|
| គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា ហើយយញ្ញបូជារបស់គេ មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ យញ្ញបូជារបស់គេនឹងបានដូចជា នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក នំបុ័ងរបស់គេនឹងបានសម្រាប់តែ ចម្អែតខ្លួនគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងដំណាក់ របស់ព្រះយេហូវ៉ាឡើយ។ |
|
| 5 |
|
| តើអ្នករាល់គ្នានឹងធ្វើយ៉ាងណា នៅថ្ងៃបុណ្យដែលបានកំណត់ និងនៅថ្ងៃបុណ្យរបស់ព្រះយេហូវ៉ា? |
|
| 6 |
|
| ដ្បិតមើល៍ គេកំពុងគេចចេញពីការហិនវិនាស តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេ ក្រុងណូពនឹងបញ្ចុះសពគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នឹងក្លាយទៅជារបស់ដើមកន្ទេចអាល ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ។ |
|
| 7 |
|
| ថ្ងៃដាក់ទោសបានមកដល់ហើយ គឺថ្ងៃតបស្នងតាមអំពើ ដែលគេបានប្រព្រឹត្តមកដល់ហើយ អ៊ីស្រាអែលស្រែកឡើងថា "ហោរានេះឆ្កួត មនុស្សដែលមាននិស្ស័យខាងវិញ្ញាណនេះ ឡប់សតិហើយ!" តែដោយព្រោះអំពើទុច្ចរិតដ៏សម្បើម និងអំពើសម្អប់ដ៏ខ្លាំងរបស់អ្នកវិញ។ |
|
| 8 |
|
| អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយព្រះនៃខ្ញុំ តែហោរាសុទ្ធតែជាឡប់ សម្រាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសម្អប់ នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន |
|
| 9 |
|
| គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។ |
|
| 10 |
|
| យើងបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងនៅលើដើមល្វា គឺនៅរដូវដំបូង។ ប៉ុន្ដែ គេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើម ដូចរបស់ដែលគេស្រឡាញ់នោះ។ |
|
| 11 |
|
| សិរីល្អរបស់អេប្រាអិមនឹងហើរទៅបាត់ដូចសត្វស្លាប គ្មានកូនកើតមក គ្មានកូននៅក្នុងផ្ទៃ ឬកូនចាប់កំណើតនៅក្នុងផ្ទៃទៀតឡើយ! |
|
| 12 |
|
| ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ! |
|
| 13 |
|
| យើងបានឃើញថា អេប្រាអិមប្រៀបដូចជាដើមចាក ដែលទើបនឹងដាំនៅក្នុងស្មៅខៀវខ្ចី តែអេប្រាអិមនឹងត្រូវនាំកូនខ្លួន ចេញមកឲ្យគេសម្លាប់វិញ។ |
|
| 14 |
|
| ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តើត្រូវប្រទានអ្វី? សូមប្រទានឲ្យគេមានផ្ទៃដែលរលូតកូន និងដោះដែលរីងស្ងួត។ |
|
| 15 |
|
| អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត យើងនឹងលែងស្រឡាញ់គេទៀតហើយ ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។ |
|
| 16 |
|
| អេប្រាអិមនឹងត្រូវវាយ ហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ ទោះបើគេបង្កើតកូនបានក៏ដោយ ក៏យើងនឹងប្រហារកូនសម្លាញ់របស់គេដែរ។ |
|
| 17 |
|
| ព្រះរបស់ខ្ញុំនឹងបោះបង់ចោលគេ ព្រោះគេមិនបានស្តាប់តាមព្រះអង្គទេ គេនឹងសាត់អណ្តែតនៅកណ្ដាលអស់ទាំងសាសន៍។ |
|
|
|
|