|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 2 |
|
| «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ |
|
| 3 |
|
| អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូចជនជាតិអេស៊ីបធ្លាប់ប្រព្រឹត្ត នៅក្នុងស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តដូចជនជាតិកាណាននៅក្នុងស្រុក ដែលយើងនាំអ្នករាល់គ្នាចូលទៅរស់នៅដែរ។ កុំកាន់តាមច្បាប់របស់ពួកគេ។ |
|
| 4 |
|
| អ្នករាល់គ្នាត្រូវប្រព្រឹត្តតាមវិន័យ ហើយកាន់តាមច្បាប់របស់យើង។ យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ |
|
| 5 |
|
| អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង។ អ្នកប្រតិបត្តិតាមនឹងមានជីវិត ដោយសារច្បាប់ និងវិន័យទាំងនោះ។ យើងជា ព្រះអម្ចាស់ ។ |
|
| 6 |
|
| ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអោយនរណាម្នាក់រួមរ័កជាមួយសាច់ញាតិរបស់ខ្លួនឡើយ។ យើងជា ព្រះអម្ចាស់ ។ |
|
| 7 |
|
| មិនត្រូវបន្ថោកឪពុករបស់ខ្លួន ដោយរួមរ័កជាមួយម្ដាយរបស់អ្នកឡើយ។ គាត់ជាម្ដាយរបស់អ្នក ដូច្នេះ កុំបន្ថោកម្ដាយរបស់អ្នកអោយសោះ។ |
|
| 8 |
|
| មិនត្រូវរួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកអ្នកឡើយ ធ្វើដូច្នេះ ដូចជាបន្ថោកឪពុករបស់អ្នកដែរ។ |
|
| 9 |
|
| មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនរួមផ្ទៃជាមួយអ្នកក្ដី ទោះបីជាកូនមានខាន់ស្លា ឬឥតខាន់ស្លាក្ដី។ |
|
| 10 |
|
| មិនត្រូវរួមរ័កជាមួយចៅស្រីរបស់អ្នកឡើយ ទោះបីនាងនោះជាកូនរបស់កូនប្រុស ឬកូនស្រីរបស់អ្នកក្ដី ព្រោះធ្វើដូច្នេះ អ្នកបន្ថោកខ្លួន។ |
|
| 11 |
|
| មិនត្រូវរួមរ័កជាមួយកូនស្រីរបស់ប្រពន្ធចុងឪពុកអ្នកឡើយ នាងក៏ជាកូនរបស់ឪពុកអ្នកដែរ ដូច្នេះ នាងជាប្អូនស្រីរបស់អ្នក។ |
|
| 12 |
|
| មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ឪពុកអ្នក។ |
|
| 13 |
|
| មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្ដាយអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ម្ដាយអ្នក។ |
|
| 14 |
|
| មិនត្រូវបន្ថោកបងប្រុស ឬប្អូនប្រុសរបស់ឪពុកអ្នក ដោយរួមរ័កជាមួយប្រពន្ធរបស់គាត់ឡើយ ព្រោះនាងត្រូវជាម្ដាយមីងរបស់អ្នក។ |
|
| 15 |
|
| មិនត្រូវរួមរ័កជាមួយកូនប្រសាស្រីរបស់អ្នកឡើយ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នក ដូច្នេះ កុំរួមរ័កជាមួយនាងអោយសោះ។ |
|
| 16 |
|
| មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។ |
|
| 17 |
|
| មិនត្រូវរួមរ័កជាមួយម្ដាយផង និងកូនស្រីផងឡើយ ហើយក៏មិនត្រូវរួមរ័កជាមួយចៅស្រីជាកូនរបស់កូនប្រុស ឬកូនស្រីគាត់ ព្រោះជាសាច់ឈាមរបស់គាត់។ ធ្វើដូច្នេះ ជាអំពើដ៏ថោកទាបបំផុត។ |
|
| 18 |
|
| ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កអោយមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។ |
|
| 19 |
|
| មិនត្រូវរួមរ័កជាមួយស្ត្រីដែលមានរដូវឡើយ ដ្បិតនាងស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ |
|
| 20 |
|
| កុំរួមរ័កជាមួយប្រពន្ធរបស់អ្នកដទៃ ជាហេតុបណ្ដាលអោយអ្នកទៅជាសៅហ្មងជាមួយនាងឡើយ។ |
|
| 21 |
|
| មិនត្រូវយកកូនចៅរបស់អ្នកទៅអោយគេធ្វើយញ្ញបូជាចំពោះព្រះម៉ូឡុកឡើយ កុំបង្អាប់ព្រះនាមនៃព្រះរបស់អ្នកអោយសោះ។ យើងជា ព្រះអម្ចាស់ ។ |
|
| 22 |
|
| មិនត្រូវរួមរ័កជាមួយប្រុសៗដូចគ្នា ដូចគេរួមរ័កជាមួយស្ត្រីឡើយ ដ្បិតនេះជាអំពើគួរអោយស្អប់ខ្ពើមបំផុត។ |
|
| 23 |
|
| មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលជាហេតុនាំអោយខ្លួនត្រូវសៅហ្មងឡើយ។ រីឯស្ត្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ ព្រោះជាអំពើមួយដ៏ថោកទាបបំផុត។ |
|
| 24 |
|
| អ្នករាល់គ្នាមិនត្រូវធ្វើអោយខ្លួនទៅជាសៅហ្មងដោយសារអំពើណាមួយ ក្នុងបណ្ដាអំពើទាំងនេះអោយសោះ ដ្បិតយើងបានដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា ព្រោះតែពួកគេបានប្រព្រឹត្តអំពើទាំងនេះដែលបណ្ដាលអោយខ្លួនទៅជាសៅហ្មង។ |
|
| 25 |
|
| ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើអោយពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។ |
|
| 26 |
|
| ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុកទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយក្នុងចំណោមអំពើទាំងនោះឡើយ។ |
|
| 27 |
|
| ជាតិសាសន៍ដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ ជាហេតុបណ្ដាលអោយស្រុកទៅជាសៅហ្មង។ |
|
| 28 |
|
| ប្រសិនបើអ្នករាល់គ្នាមិនធ្វើអោយស្រុកទៅជាសៅហ្មងទេ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចប្រជាជាតិដែលរស់នៅទីនេះមុនអ្នករាល់គ្នាឡើយ។ |
|
| 29 |
|
| អស់អ្នកដែលប្រព្រឹត្តអំពើណាមួយ ក្នុងចំណោមអំពើគួរស្អប់ខ្ពើមទាំងនេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។ |
|
| 30 |
|
| អ្នករាល់គ្នាត្រូវប្រតិបត្តិតាមបញ្ជារបស់យើង ដោយឥតប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ដូចអស់អ្នកដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា ធ្លាប់ប្រព្រឹត្តឡើយ។ កុំបណ្ដោយខ្លួនអោយសៅហ្មង ដោយប្រព្រឹត្តអំពើទាំងនេះអោយសោះ។ យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ |
|
|
|
|