|
| 1 |
|
| «ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះ ព្រះអម្ចាស់ គេត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង |
|
| 2 |
|
| ហើយយកតង្វាយនោះមកជូនពួកបូជាចារ្យ* ជាកូនលោកអើរ៉ុន។ គេត្រូវយកម្សៅពេញមួយក្ដាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចបូជាចារ្យម្នាក់យកតង្វាយនេះទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំឭក*។ នេះជាតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។ |
|
| 3 |
|
| រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះ ព្រះអម្ចាស់ ។ |
|
| 4 |
|
| ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំដុតចម្អិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ ឬធ្វើនំក្រៀបពីម្សៅឥតមានមេ ហើយច្រួចប្រេងពីលើ។ |
|
| 5 |
|
| ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចម្អិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ។ |
|
| 6 |
|
| ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាតង្វាយធញ្ញជាតិ។ |
|
| 7 |
|
| ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចៀន ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង។ |
|
| 8 |
|
| អ្នកត្រូវនាំយកតង្វាយជាធញ្ញជាតិដែលចម្អិនហើយនោះ មកថ្វាយ ព្រះអម្ចាស់ គឺលើកជូនបូជាចារ្យ ហើយបូជាចារ្យយកតង្វាយនោះឆ្ពោះទៅអាសនៈ។ |
|
| 9 |
|
| លោកបូជាចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំឭក*។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។ |
|
| 10 |
|
| រីឯតង្វាយនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជា ដែលគេថ្វាយចំពោះ ព្រះអម្ចាស់ ។ |
|
| 11 |
|
| មិនត្រូវយកតង្វាយម្សៅដែលមានមេ មកថ្វាយ ព្រះអម្ចាស់ ទេ គឺតង្វាយទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតថ្វាយ ព្រះអម្ចាស់ មិនត្រូវមានមេ ឬទឹកឃ្មុំឡើយ។ |
|
| 12 |
|
| អ្នកអាចថ្វាយតង្វាយទាំងនេះចំពោះ ព្រះអម្ចាស់ ជាតង្វាយផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅថ្វាយនៅលើអាសនៈ ទុកជាតង្វាយដុតដែលមានក្លិនឈ្ងុយឡើយ។ |
|
| 13 |
|
| ត្រូវលាយអំបិល ជាមួយតង្វាយធញ្ញជាតិទាំងប៉ុន្មាន ដែលអ្នកយកមកថ្វាយព្រះអម្ចាស់។ កុំភ្លេចលាយអំបិលជាមួយតង្វាយរបស់អ្នកឡើយ ដ្បិតអំបិលជានិមិត្តរូបពីសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយអ្នក។ ហេតុនេះ ត្រូវយកអំបិលមកថ្វាយជាមួយតង្វាយទាំងប៉ុន្មានរបស់អ្នក។ |
|
| 14 |
|
| ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកថ្វាយ ព្រះអម្ចាស់ ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះទុកជាតង្វាយផលដំបូង។ |
|
| 15 |
|
| ត្រូវចាក់ប្រេងពីលើ ហើយដាក់គ្រឿងក្រអូបផង។ នេះជាតង្វាយធញ្ញជាតិ។ |
|
| 16 |
|
| បូជាចារ្យយកអំបុកមួយចំណែក ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់ ទៅដុតនៅលើអាសនៈទុកជាទីរំឭក។ នេះជាតង្វាយដែលគេដុតថ្វាយ ព្រះអម្ចាស់ »។ |
|
|
|
|