|
| 1 |
|
| «អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមា ឬស្ដូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នា សំរាប់ថ្វាយបង្គំឡើយ ដ្បិតយើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ |
|
| 2 |
|
| ចូរប្រារព្ធពិធីបុណ្យសប្ប័ទរបស់យើង ហើយគោរពទីសក្ការៈរបស់យើង ដ្បិតយើងជា ព្រះអម្ចាស់ ។ |
|
| 3 |
|
| ប្រសិនបើអ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបទបញ្ជារបស់យើង |
|
| 4 |
|
| នោះយើងនឹងធ្វើអោយមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្ដល់ភោគផល ហើយដើមឈើក៏ផ្ដល់ផ្លែដែរ។ |
|
| 5 |
|
| អ្នករាល់គ្នានឹងបោកបែនស្រូវ រហូតដល់ពេលបេះផ្លែទំពាំងបាយជូរ ហើយអ្នករាល់គ្នានឹងបេះផ្លែទំពាំងបាយជូរ រហូតដល់ពេលសាបព្រោះ។ អ្នករាល់គ្នាមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅក្នុងស្រុករបស់ខ្លួនយ៉ាងសុខសាន្ត។ |
|
| 6 |
|
| យើងនឹងធ្វើអោយស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសំរាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើអោយភ័យខ្លាចឡើយ។ យើងកំចាត់សត្វសាហាវអោយអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។ |
|
| 7 |
|
| អ្នករាល់គ្នាដេញតាមខ្មាំងសត្រូវ ពួកគេនឹងដួលស្លាប់ដោយមុខដាវនៅមុខអ្នករាល់គ្នា។ |
|
| 8 |
|
| អ្នករាល់គ្នាតែប្រាំនាក់នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវ នៅមុខអ្នករាល់គ្នា។ |
|
| 9 |
|
| យើងនឹងសំដែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើអោយអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រី*ដែលយើងបានចងជាមួយអ្នករាល់គ្នា។ |
|
| 10 |
|
| អ្នករាល់គ្នានឹងបរិភោគស្រូវចាស់ បន្ទាប់មក អ្នករាល់គ្នាយកស្រូវចាស់ចេញពីជង្រុក ដើម្បីដាក់ស្រូវថ្មីវិញ។ |
|
| 11 |
|
| យើងនឹងរស់នៅកណ្ដាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។ |
|
| 12 |
|
| យើងនឹងស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអោយអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។ |
|
| 13 |
|
| យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដើម្បីកុំអោយអ្នករាល់គ្នាធ្វើជាទាសករនៅស្រុកនោះទៀតឡើយ។ យើងបានកាច់បំបាក់នឹមដែលស្ថិតនៅលើអ្នករាល់គ្នា ហើយអោយអ្នករាល់គ្នាដើរដោយខ្ពស់មុខ។ |
|
| 14 |
|
| ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ |
|
| 15 |
|
| ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលច្បាប់របស់យើង ហើយមិនរវីរវល់នឹងវិន័យរបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្ដាច់សម្ពន្ធមេត្រីរបស់យើង |
|
| 16 |
|
| យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើអោយអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើអោយអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។ |
|
| 17 |
|
| យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជំនះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្ដី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។ |
|
| 18 |
|
| ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ |
|
| 19 |
|
| យើងនឹងបំបាក់អំនួត ដែលនាំអោយអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើអោយមេឃរាំងស្ងួត ធ្វើអោយដីបែកក្រហែង។ |
|
| 20 |
|
| អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។ |
|
| 21 |
|
| ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ |
|
| 22 |
|
| យើងនឹងអោយសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើអោយអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។ |
|
| 23 |
|
| ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង |
|
| 24 |
|
| យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ |
|
| 25 |
|
| យើងនឹងធ្វើអោយសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្ដាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើអោយជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ |
|
| 26 |
|
| ពេលណាយើងធ្វើអោយអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំបុ័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំបុ័ងអោយអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។ |
|
| 27 |
|
| ទោះបីយ៉ាងនេះក្ដី បើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង |
|
| 28 |
|
| យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ |
|
| 29 |
|
| អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុស កូនស្រីរបស់ខ្លួន។ |
|
| 30 |
|
| យើងនឹងកំទេចកន្លែងសក្ការៈរបស់អ្នករាល់គ្នានៅតាមទួលខ្ពស់ៗ យើងនឹងផ្ដួលរំលំបង្គោលសក្ការៈរបស់អ្នករាល់គ្នា យើងនឹងអោយសាកសពរបស់អ្នករាល់គ្នា ដួលដេកជាមួយកំទេចរូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នា។ ហើយយើងឃ្លាតចេញពីអ្នករាល់គ្នា។ |
|
| 31 |
|
| យើងនឹងកំទេចក្រុងរបស់អ្នករាល់គ្នាអោយក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រងក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។ |
|
| 32 |
|
| យើងនឹងបំផ្លាញស្រុករបស់អ្នករាល់គ្នា ធ្វើអោយខ្មាំងសត្រូវដែលមករស់នៅក្នុងស្រុកនោះស្រឡាំងកាំង។ |
|
| 33 |
|
| យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា អោយទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។ |
|
| 34 |
|
| ស្រុកទេសនឹងបានសំរាក ក្នុងពេលដែលអ្នករាល់គ្នាត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។ ទឹកដីនឹងបានសំរាកជំនួសឆ្នាំសប្ប័ទ ដែលអ្នករាល់គ្នាពុំបានគោរព។ |
|
| 35 |
|
| ក្នុងពេលស្រុកស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសំរាក ដ្បិតកាលអ្នករាល់គ្នារស់នៅក្នុងស្រុក ដីពុំបានសំរាកទេ ព្រោះអ្នករាល់គ្នាមិនគោរពឆ្នាំសប្ប័ទសោះឡើយ។ |
|
| 36 |
|
| រីឯអស់អ្នកដែលរួចពីស្លាប់ ហើយត្រូវខ្មាំងចាប់ទៅជាឈ្លើយនោះ យើងនឹងធ្វើអោយចិត្តរបស់គេភ័យបាក់ស្បាត សូម្បីតែសំឡេងស្លឹកឈើជ្រុះក៏ធ្វើអោយគេភ័យ ហើយរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ដោយគ្មាននរណាដេញតាមពីក្រោយ។ |
|
| 37 |
|
| ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវទេ។ |
|
| 38 |
|
| អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ប្រជាជាតិនានា ហើយគេនឹងបញ្ចុះសពអ្នករាល់គ្នា នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ។ |
|
| 39 |
|
| ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។ |
|
| 40 |
|
| ពេលពួកគេទទួលសារភាពកំហុសរបស់ខ្លួន និងកំហុសរបស់ដូនតាខ្លួន ហើយទទួលសារភាពថា គេមិនបានស្មោះត្រង់ចំពោះយើង ព្រមទាំងមានចិត្តមានះប្រឆាំងនឹងយើង |
|
| 41 |
|
| ពេលពួកគេយល់ថា យើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាអោនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។ |
|
| 42 |
|
| ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយយ៉ាកុប អ៊ីសាក និងអប្រាហាំ ហើយយើងក៏នឹកដល់ទឹកដីរបស់ពួកគេដែរ។ |
|
| 43 |
|
| ក្នុងពេលពួកគេមិនរស់នៅក្នុងស្រុក គឺពេលដែលទឹកដីស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសំរាកដូចនៅឆ្នាំសប្ប័ទ។ ពួកគេទទួលទណ្ឌកម្ម ព្រោះគេបានបោះបង់ចោលវិន័យរបស់យើង និងបែកចិត្តចេញពីច្បាប់របស់យើង។ |
|
| 44 |
|
| ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេទាំងស្រុង ឬផ្ដាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជា ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ |
|
| 45 |
|
| យើងនឹងជួយពួកគេ ដោយនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយដូនតារបស់ពួកគេ កាលពីមុន ក្នុងពេលយើងបាននាំដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប នៅចំពោះមុខប្រជាជាតិនានា ដើម្បីអោយយើងធ្វើជាព្រះរបស់គេ។ យើងជា ព្រះអម្ចាស់ »។ |
|
| 46 |
|
| នេះជាច្បាប់ ព្រមទាំងវិន័យ និងក្រឹត្យវិន័យដែល ព្រះអម្ចាស់ ប្រទានមកជនជាតិអ៊ីស្រាអែលតាមរយៈលោកម៉ូសេ នៅលើភ្នំស៊ីណៃ។ |
|
|
|
|